• 2019-03-25 03:02:42
  • ព័ត៌មាន

អភិបាលខេត្តនៅអ៊ីរ៉ាក់ ត្រូវបណ្ដេញចេញក្រោយហេតុការណ៍លិចសាឡាងសម្លាប់មនុស្សជាង ១០០នាក់

  • 2019-03-25 03:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋសភា​របស់​អ៊ីរ៉ាក់ បាន​ធ្វើ​ការ​សម្រេច​បណ្ដេញ​អភិបាល​ខេត្ត Nineveh ចេញ​ពី​ដំណែង​ក្រោយ​មាន​ហេតុការណ៍​លិច​សាឡាង​សម្លាប់​មនុស្ស​ជាង ១០០​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យ​ប្រជាជន​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

យោង​តាម​ AFP ​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​គឺ​ជា​ស្ត្រី និង​កុមារ​ដែល​កំពុង​ប្រារព្ធ​បុណ្យ Nowruz និង​ទិវាមាតា។ នាយករដ្ឋមន្ត្រី Adel Abdul Mahdi បាន​កោះ​ប្រជុំ​សមាជិក​សភា​ដើម្បី​បោះឆ្នោត​ទម្លាក់​អភិបាល​ខេត្ត Nineveh លោក Nawfel Akoub ចេញ​ពី​ដំណែង​ដោយ​អះអាង​ថា​ជា​ការ​ធ្វេស​ប្រហែស និង​កំហុស​ជាក់​ស្ដែង​របស់​អភិបាល​ខេត្ត​រូប​នេះ។ លោក Akoub ត្រូវបានទទួលរងនូវការខឹងសម្បារពីសាច់ញាតិរបស់ជនរងគ្រោះដែលបានចោទប្រកាន់លោក​ពីបទពុករលួយ និងភាពមិនទៀងត្រង់។

ទោះបីជាគ្មានការបញ្ជាក់ជាផ្លូវការពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះក៏ដោយ អ្នកស្រុកបាននិយាយថា​អាច​បណ្ដាល​មក​ពី​ផ្ទុក​មនុស្ស​លើស​ចំណុះ ដោយ​សារ​សាឡាង​នេះ​ផ្ទុក​មនុស្ស​បាន​ត្រឹម ៥០​នាក់​ប៉ុណ្ណោះ។ ជាមួយ​គ្នា​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ព្រមាន​កាត់​ទោស​មន្ត្រី និង​អភិបាល​ខេត្ត​ដែល​ពុក​រលួយ​ទាំង​អស់ ខណៈ​ពេល​ដែល​មនុស្ស ១៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​លិច​សាឡាង​នេះ។

យ៉ាង​ណា​មិញ រដ្ឋសភាបានប្រកាសថាសាច់​ញាតិ និង​ក្រុមគ្រួសារ​នៃ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​អស់​នឹង​ទទួល​បាន​សំណង​ផ្នែក​ហិរញ្ញវត្ថុ ក៏​ដូច​ជា​បើក​ផ្លូវ​សម្រាប់​នីតិវិធីតុលាការ​ផង​ដែរ៕

ប្រភព៖ Aljazeera ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់