- 2019-03-28 05:00:00
- សេដ្ឋកិច្ច
រឿងរ៉ាវអាថ៌កំបាំងជុំវិញអគារចាស់ៗនៅកែប អ្នកទេសចរណ៍ភាគច្រើនមិនបានដឹង
- 2019-03-28 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវអាថ៌កំបាំងជុំវិញអគារចាស់ៗនៅកែប អ្នកទេសចរណ៍ភាគច្រើនមិនបានដឹង
ចន្លោះមិនឃើញ
អ្នកដែលធ្លាប់ទៅទស្សនាខេត្តកែប ប្រាកដជាឃើញ ខ្មោចអគារជាច្រើននៅអមសងខាងផ្លូវ។ អគារភាគច្រើនបាក់បែក ខ្លះទៀតនៅល្អ ខ្លះទៀតត្រូវបានគេជួសជុលឲ្យក្លាយទៅជាកន្លែងស្នាក់នៅ ដោយរក្សាទម្រង់ដើម។ សរុបខ្មោចអគារទាំងអស់ ទាំងបាក់បែកស្ទើរទាំងស្រុង និងនៅល្អ មានប្រហែលជិត ២០០អគារ នៅរាយប៉ាយពាសពេញខេត្តកែប។
បើតាមប្រធានមន្ទីរដែនដី នគរោបនីយកម្ម និងសំណង់ខេត្តកែប អគារចាស់ៗទាំងនេះចាប់ផ្ដើមកសាងឡើង ដោយមានរចនាបថបែបខ្មែរភាគច្រើន នៅម្ដុំមុនឆ្នាំ ១៩៤០។ គេកត់សម្គាល់ឃើញថា មានស្ថាបត្យករពីររូប ដែលមានស្នាដៃលេចធ្លោជាងគេក្នុងការស្ថាបនាអគារទាំងនេះ គឺលោក វណ្ណ ម៉ូលី វណ្ណ និងលោក លូ បាន ហាប់។ បើតាមអ្នកជំនាញខាងសំណង់បានកោតសរសើរថា អគារទាំងនេះរចនាឡើងយ៉ាងល្អឥតខ្ចោះ ស្របតាមអាកាសធាតុនៃរដូវកាលនីមួយៗ ដែលតែងជះឥទ្ធិពលមកលើខេត្តកែប។ បើគិតមកទល់ពេលនេះ អគារខ្លះមានអាយុ៨០ឆ្នាំហើយ ក៏ប៉ុន្តែមើលទៅ ហាក់នៅមាំល្អនៅឡើយ។
តាមការរៀបរាប់ពីអ្នកដែលបានដឹងរឿងរ៉ាវកាលពី៦០ឆ្នាំមុន ក៏ដូចជាប្រធានមន្ទីរដែនដីដដែលប្រាប់ថា អគារទាំងនេះភាគច្រើនជាវីឡារបស់ពួកគហបតី ខ្លះទៀតជាព្រះរាជដំណាក់ ខ្លះទៀតជាទីស្នាក់ការរដ្ឋបាល។
ការភាន់ច្រឡំមួយបានលើកឡើងថា អគារដែលបាក់បែកទ្រុឌទ្រោមដោយសារការបំផ្លិចបំផ្លាញរបស់ពួកខ្មែរក្រហម និងសង្គ្រាម។ ប៉ុន្តែការពិតពុំដូច្នោះទេ។ នេះជាការបកស្រាយពីអ្នករស់នៅក្នុងអគារ។ ត្បិតតំបន់កែបគ្រប់គ្រងដោយខ្មែរក្រហម ដែលមានមូលដ្ឋានទ័ពនៅភ្នំវល្វិ៍តាំងពីមុនឆ្នាំ១៩៧៥ និងក្រោយឆ្នាំ១៩៧៩ក្ដី តែអគារទាំងនេះមិនបានបំផ្លាញឡើយ។ ផ្ទុយមកវិញពួកនេះនៅតែចងចិត្តយកកែបធ្វើជាក្រុងទេសចរណ៍ដដែល។
ចុះហេតុអ្វីបានជាអាគារទាំងនេះត្រូវបានបំផ្លាញ?
ប្រភពដដែលប្រាប់ថា ក្រោយកម្ពុជារំដោះចេញពីពួកខ្មែរក្រម ប្រជាជនក្រលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ បញ្ហាធំគឺស្បៀងអាហារ។ ប្រជាជនទាំងនោះបាននាំគ្នាវាយបំបែកអគារជាច្រើនកន្លែងដើម្បីយកដែក និងលោហធាតុផ្សេងទៀតលក់យកប្រាក់ទិញអង្ករ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
មកទល់ពេលនេះអាជ្ញាធរខេត្តពុំមានគម្រោងអ្វីលើអគារទាំងនេះទេ ព្រោះវាស្ថិតនៅលើដីកម្មសិទ្ធិឯកជន ដូច្នេះមានតែម្ចាស់ដីនោះទេដែលអាចចាត់ចែងបាន។ មន្ទីរដែនដីរិះគន់ លក្ខណៈជាការព្រមានថា ពួកអ្នកមាន ដែលទិញដីទុកចោល មិនព្រមអភិវឌ្ឍន៍ គឺជាបញ្ហារាំងស្ទះដល់ការកែលម្អសោភណភាពក្រុងកែប។
សូមទស្សនាវីដេអូ
ប្រវត្តិកែប
កែបចាប់ផ្ដើមអភិវឌ្ឍន៍នៅឆ្នាំ១៩០៨ ដែលមានលក្ខណៈជាឧទ្យានសម្រាប់ពួកបារាំងមកកម្សាន្ត។ កែបចាប់ផ្ដើមអភិវឌ្ឍន៍ខ្លាំងក្លាឡើងនៅឆ្នាំ១៩៤០ រហូតឆ្នាំ ១៩៥៩ រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមឲ្យឈ្មោះថា ក្រុងកែប ស្ថិតនៅក្នុងខេត្តកំពត។ កែបបានក្លាយជាតំបន់ទេសចរណ៍យ៉ាងប្រណីតនៅឆ្នាំ ១៩៦០ ប៉ុន្តែមានតែ ពួកមន្ត្រី និងអ្នកមានៗទេ ដែលបានទៅទស្សនា។ ព្រះរាជក្រឹត្យថ្ងៃទី២២ ធ្នូ ២០០៨ បានកាត់ផ្ដាច់កែបចេញពីរដ្ឋបាលខេត្តកំពត ឲ្យក្លាយជាខេត្តកែប ដែលមានក្រុងមួយគឺក្រុងកែប និងស្រុកមួយគឺ ស្រុកដំណាក់ចង្អើរ។