• 2019-04-11 09:17:03
  • ព័ត៌មាន

កុំចេះតែហ៊ាន! អ្នកបង្ហោះ ឬ share រូបស្រីៗ​ស្លៀក​លេចលើលេចក្រោមក្នុង​ថ្ងៃ​សង្រ្កាន្ត​ ប្រឈម​ជាប់គុក ៥ឆ្នាំ

  • 2019-04-11 09:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ថៃ បាន​ព្រមាន​ថា អ្នក​ដែល​បង្ហោះ ឬ share រូបភាព និង​វីដេអូ​នារី ឬ​ភេទ​ទី៣ ស្លៀក​ពាក់​មិន​សមរម្យ លេចលើ​លេចក្រោម ក្នុង​ឱកាស​អបអរ​ពិធី​បុណ្យ​សង្រ្កាន្ត​​នៅ​ថៃ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​​ជាប្រាក់ ឬ​ជាប់​ពន្ធនាគារ​។ អ្នក​ដែល​នៅ​ក្នុង​រូបថត ឬវីដេអូ​នោះ (អ្នកស្លៀកពាក់មិន​សមរម្យ) ក៏ប្រឈម​នឹង​ការ​ពិន័យ​នេះដែរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍ នាថ្ងៃទី១១ ខែមេសានេះ។

ការ​ព្រមាន​ ដែល​ធ្វើ​ឡើង​​ដោយ​អនុ​ប្រធាន​នាយកដ្ឋាន​ទប់ស្កាត់​បទល្មើស​បច្ចេកវិទ្យា​របស់​ថៃ លោក Siriwat Dipho កាលពី​ថ្ងៃ​ពុធម្សិលមិញនេះ គឺ​​ចំ​ពេល​ដែល​អាជ្ញាធរថៃ កំពុង​រៀបចំ​ពង្រឹង​ច្បាប់​ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថៃ ដែលចាប់ផ្ដើម​នាថ្ងៃ​ចុងសប្ដាហ៍​នេះ។

ពលរដ្ឋថៃ នាំគ្នា​លេង​បាញ់​ទឹក ក្នុង​ថ្ងៃ​សង្រ្កាន្ត​នា​ឆ្នាំ​កន្លងមក (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

មាត្រា ១៤ នៃក្រម​ព្រហ្មទណ្ឌ​បច្ចេកវិទ្យាថៃ បាន​ចែងថា អ្នក​ដែល​បង្ហោះ​ និង​ចែករំលែក​រូបភាព​មិនសមរម្យ នឹង​ប្រឈម​ទោស​អតិបរមា ជាប់​ពន្ធនាគារ ៥ឆ្នាំ និង/ឬ ​ពិន័យជាប្រាក់​ដល់ ១០ម៉ឺន​បាត (ជាង ៣១០០ដុល្លារអាមេរិក)។

លោក​ Siriwat បាន​បន្ថែមទៀតថា ប៉ូលិសប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹងអាច​កំណត់ទីតាំងអ្នក​ប្រព្រឹត្តិល្មើស​បាន មិន​ថា​ពួកគេ​នៅ​ទីណា​នោះទេ។ នៅពេល​ចាប់ខ្លួន ពួកគេ​មិន​អាច​ប្រកែកថា បង្ហោះ ឬ ចែករំលែក​ដោយ​អចេតនា ឬ​មិន​បានដឹង​ពីច្បាប់ ដើម្បីគេច​ពី​ការ​ពិន័យ​នោះទេ។

ពលរដ្ឋថៃ នាំគ្នា​លេង​បាញ់​ទឹក ប៉ាតម្សៅ ក្នុង​ថ្ងៃ​សង្រ្កាន្ត​នា​ឆ្នាំ​កន្លងមក (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

គួររំលឹកផងដែរថា រូបភាព ឬវីដេអូ​ បង្ហាញ​ពីស្រីៗស្លៀកពាក់​សិចស៊ីខ្លាំង ត្រូវ​បាន​គេ​ឃើញ​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ឲ្យ​តែ​ដល់​ពេល​សង្រ្កាន្ត​ថៃ​ម្ដងៗ។ លោក​ Siriwat ថា​ទង្វើ​នេះ គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វប្បធម៌​ថៃ។

សូមបញ្ជាក់ថា សង្រ្កាន្ត ឬពិធី​បុណ្យ​ចូលឆ្នាំថៃ ក្នុងឆ្នាំ២០១៩ នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី១៣ ដល់​ទី១៥ ខែមេសា ប៉ុន្តែ​ជាទូទៅ​ប្រជាជន​ថៃអបអរ​ពិធី​បុណ្យ​នេះ ចាប់​ពីថ្ងៃ​១១ ដល់ទី១៧ ខែមេសា៕

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់