• 2019-04-12 07:47:07
  • ព័ត៌មាន

​​ល្បែង​អង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត

  • 2019-04-12 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែង​អង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​

ល្បែង​អង្គញ់ គេ​លេង​បានចាប់​តាំង​ពី២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពីរ​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាង​ក៏បាន ។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា ‹​កោយ​› ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។

កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ ។

រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ឫធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ ឬ​រន្ធ​កោយ​› ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា ‹​ទី​› គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ ។

អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​អង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។

ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ ១០ ដែរ៕

ប្រភព៖ ដកស្រងពីកម្រងសៀវភៅល្បែងប្រជា​ប្រិយខ្មែរ

អត្ថបទ៖ ហេង នាង (CCJ)

មតិយោបល់