- 2019-04-19 01:00:00
- សេដ្ឋកិច្ច
មិនចង់ចាយលុយប្តីទទេៗ តស៊ូបង្កើតរបរជួយស្ត្រីខ្មែរនៅអាមេរិក (មានវីដេអូ)
- 2019-04-19 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ចាយលុយប្តីទទេៗ តស៊ូបង្កើតរបរជួយស្ត្រីខ្មែរនៅអាមេរិក (មានវីដេអូ)
ចន្លោះមិនឃើញ
ហាងធ្វើក្រចកជាស្នាដៃស្ត្រីខ្មែរមួយកន្លែងដែលទើបបើកដំណើរការ លើទឹកដីសហរដ្ឋអាមេរិក កំពុងទទួលការគាំទ្រពីជនជាតិបរទេស ដោយសារគុណតម្លៃ៣យ៉ាង។
អ្នកស្រី ខៀវ វីសា ប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកាំង ជាអ្នកគ្រប់គ្រងហាងធ្វើក្រចកដែលមានឈ្មោះជាភាសាអង់គ្លេសហៅថា (Lotus Nail Spa) បានប្រាប់ Sabay ថា អ្នកស្រីបានមករស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីអស់រយៈពេលជាង៨ឆ្នាំមកហើយ។ អ្នកស្រីបានបន្តថា ហាងនេះមានទីតាំងនៅក្នុងទីក្រុង Leesburg រដ្ឋ Virginia ដែលបានបើកដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៨ និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មលើជំនាញនេះត្រឹមត្រូវពីអាជ្ញាធរអាមេរិក។
ថ្វីបើការបើកដំណើរការមិនទាន់បាន១ឆ្នាំក៏ពិតមែន ប៉ុន្តែហាងថ្មីមួយនេះ បានសាងកេរ្តិ៍ឈ្មោះល្អ ជាហេតុអាចទាក់ទាញភ្ញៀវឲ្យចេញចូលមិនចេះដាច់ សូម្បីតែខែត្រជាក់ខ្លាំងយ៉ាងណា ក៏នៅតែមានភ្ញៀវស្កាត់មកដែរ។ អ្នកស្រីបន្តថា ហាងនេះមានចំណុចល្អ៣យ៉ាងជាភាពលេចធ្លោរបស់ជនជាតិខ្មែរយើងមាន ដែលធ្វើឲ្យភ្ញៀវបរទេសសរសើរមិនដាច់ពីមាត់ ហើយអ្នកខ្លះបានម្ដងហើយតែងចង់មកម្ដងទៀត៖
១. ប្រភពចំណូលមិនចេះរីងស្ងួតឲ្យស្ត្រីខ្មែរ
មិនមែនគ្រាន់តែជាកន្លែងរកស៊ីធម្មតា ដើម្បីបើកតែកើបលុយ ឬជួយផ្នែកសម្រស់ស្រីៗឲ្យស្អាតតែមួយមុខនោះទេ ប៉ុន្តែហាងក្រចកនេះ ក៏បានបង្កប់នូវគុណតម្លៃដ៏មានប្រយោជន៍ និងជាប្រភពការងារមួយផ្នែក ដើម្បីផ្ដល់ចំណូលសមរម្យឲ្យស្ត្រីខ្មែរនៅក្រៅស្រុកបានជាង១០នាក់ ខណៈពួកគេមិនទាន់មានមានលទ្ធភាពរកការងារផ្សេងនៅឡើយ។
អ្នកស្រី ខៀវ វីសា អ្នកគ្រប់គ្រងហាងធ្វើក្រចក Lotus Nail Spa បានប្រាប់ថា បច្ចុប្បន្ននៅទីនេះមានបុគ្គលិកសុទ្ធតែជាស្ត្រីខ្មែរ ដែលកំពុងបម្រើការងារសរុបចំនួន ១២នាក់។ ភាគច្រើនពួកគេបានចូលសញ្ជាតិអាមេរិកកាំង និងខ្លះទៀតក៏មានប័ណ្ណតាំងទីលំនៅអចិន្ត្រៃយ៍ ឬភាសាអង់គ្លេសហៅថា (Green Card) ដែលជាភាសាខ្មែរមានន័យថា ប័ណ្ណសម្គាល់ថាជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍នៅអាមេរិកស្របច្បាប់។
បុគ្គលិកស្រីៗនៅទីនេះធ្វើការដោយរីករាយ ព្រោះពួកគេអាចរកចំណូលខ្លួនឯងបាន ដោយមិនចាំបាច់ពឹងពាក់ទាំងស្រុងលើចំណូលស្វាមីទទេៗ គឺពួកគេមានតែជួយសម្រាលបន្ទុកប្ដីកុំឲ្យធ្ងន់ពេក ព្រោះនៅទីនេះអ្វីៗក៏ថ្លៃដែរ។
ចំពោះតម្លៃធ្វើក្រចក ប្រសិនបើធ្វើធម្មតា មិនសូវលេងម៉ូតអីច្រើនទេ សម្រាប់ភ្ញៀវម្នាក់ ធ្វើក្រចកទាំងដៃទាំងជើង គឺមានតម្លៃចន្លោះពី៤២ដុល្លារឡើងទៅ (តម្លៃសម្រាប់តំបន់នេះ)។
ជាមធ្យមបុគ្គលិកម្នាក់ៗអាចរកចំណូលបានប្រហែលខ្ទង់ជាង ១០០០ដុល្លារឡើង ទៅតាមចំនួនភ្ញៀវដែលគេបានធ្វើ បូករួមនឹងលុយបន្ថែម (លុយធីប) ដែលភ្ញៀវឲ្យតាមជាក់ស្ដែង ខ្លះក៏បានច្រើន ឬតិចជាដើម។ ដូច្នេះស្ត្រីខ្មែរធ្វើការនៅទីនេះ មិនសូវប្រឈមនឹងបញ្ហាជីវភាពពិបាកទេ។
អ្វីដែលកាន់តែពិសេស គឺពួកគេអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ពិសេសអ្នកមានកូនតូចៗ ករណីកូនឈឺ ឬមានរឿងបន្ទាន់ក្នុងគ្រួសារ គឺខ្មែរយើងតែងយោគយល់ និងចេះជួយគ្នា មិនពិបាកសុំច្បាប់ឈប់សម្រាក ដូចអ្នកទៅធ្វើការតាមរោងចក្រ ឬកន្លែងដទៃទៀត ដែលអាចបានចំណូលប្រហាក់ប្រហែលគ្នា ប៉ុន្តែគេមានលក្ខខណ្ឌការងារតឹងរឹង។
ចុចត្រង់នេះដើម្បីមើលវីដេអូទិដ្ឋភាពលម្អិតនៃហាងធ្វើក្រចករបស់ស្ត្រីខ្មែរនៅអាមេរិក។
២. ទឹកដៃជាងល្អធ្វើបានតាមចិត្តភ្ញៀវ
សម្រាប់ជីវភាពអ្នកនៅតំបន់នេះក្នុងសហរដ្ឋអាមេរិក បើគិតទៅតម្លៃធ្វើក្រចកធម្មតា ក្នុងម្នាក់ចាប់ពី ៤២ដុល្លារ គឺមិនថ្លៃពេកទេ។ អ្វីដែលសំខាន់ភ្ញៀវចាយលុយប៉ុណ្ណឹង តែលទ្ធផលអត់ខកចិត្ត កាត់សាច់មិនឈឺមិនដាច់ដោច ឬមុតចេញឈាម ព្រោះជាងខ្មែរធ្វើបានដោយយកចិត្តទុកដាក់ មិនមែនលំៗ យកតែលុយ។ ភ្ញៀវមកធ្វើក្រចកតែងពេញចិត្តទឹកដៃជាងធ្វើមួយស្អាត និងពេញចិត្តមិនថាភ្ញៀវចង់កុម្ម៉ង់ម៉ូតអី គឺបានដូចចិត្ត។
ភ្ញៀវបរទេសដែលធ្លាប់បានមកតែងលើកសរសើរពីទឹកដៃជាងហាងនេះ ថាមានភាពខុសប្លែកពីហាងដទៃដែលគេធ្លាប់បានទៅ។ អ្នកគ្រប់គ្រងហាងធ្វើក្រចកខាងលើ បញ្ជាក់ថា អ្វីដែលភ្ញៀវតែងលើកសរសើរ គឺជាងធ្វើក្រចកស្អាត និងមានម៉ូតប្លែក ថ្មីៗ គួរឲ្យចាប់អារម្មណ៍ ជាងទាំងអស់គឺធ្វើបានល្អដូចគ្នា មិនថាបុគ្គលិក ឬម្ចាស់ហាង គឺទឹកដៃស្មើគ្នា។ ដូច្នេះហើយទើបហាងនេះ តែងមានភ្ញៀវមកបន្តគ្នា មិនចេះអត់ មិនថាព្រឹក ឬល្ងាចទេ។ ជាក់ស្ដែងពេលកំពុងផ្ដល់បទសម្ភាសន៍មកកាន់ Sabayទោះម៉ោង ៦ល្ងាចទៅហើយ ប៉ុន្តែហាងនេះនៅតែមិនទាន់បិទទ្វានៅឡើយដោយសារមានភ្ញៀវបរទេសនៅបន្តមក។
៣. បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងស្មោះត្រង់
ក្រៅពីការចេះជួយគ្នា ទឹកដៃជាងក្រចកល្អ នៅមានចំណុចមួយទៀត ដែលធ្វើឲ្យភ្ញៀវបរទេសដែលបានហាងនេះតែងសរសើរ នោះគឺភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់។ អាចថាជាអត្តចរិតខ្មែរយើងទូទៅតែម្ដង គឺតែងមានភាពស្មោះត្រង់ និងស្នាមញញឹមជាប់ជានិច្ចមិនថាទៅដល់ទីណា។ ចំណុចនេះហើយ ដែលជាភាពលេចធ្លោរបស់ហាងក្រចកស្ត្រីខ្មែរយើងនៅអាមេរិក ដែលធ្វើឲ្យភ្ញៀវជាជនបរទេសចូលចិត្ត និងសរសើរពីអត្តចរិតល្អថ្លៃថ្នូរគួរឲ្យរាប់អាន មិនមែនដូចហាងខ្លះទាំងបុគ្គលិក និងម្ចាស់ហាងមិនសូវចេះស្វាគមន៍ មិនសូវចេះសួរនាំភ្ញៀវ ឬឆ្កុយៗ ដូចពាក្យខ្មែរយើងច្រើននិយាយថា មុខមិនឲ្យ ក្រោយមិនបែរនោះទេ។