• 2019-06-11 01:30:00
  • ព័ត៌មាន

មេរៀនពីតម្លៃជីវិត ៥ របស់ភរិយាអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ស្ត្រីទាំងអស់គួរចងចាំ

  • 2019-06-11 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Michelle Obama ដែល​​​ជា​​​​ភរិយា ​អតីត​​ប្រធានាធិបតី​អាមេរិក​ទី ៤៤ គឺ លោកBarack Obama ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​ស្ត្រី​ខ្លាំង​ម្នាក់ ដែល​ជោគជ័យ​ទាំង​អាជីព និង​ជីវិត​គ្រួសារ។ បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យា​ច្បាប់ Harvard ក្នុង​ឆ្នាំ​១៩៨៨ និង​មាន​បទពិសោធន៍​ជោកជាំ​ក្នុង​វិស័យ​ច្បាប់ បច្ចុប្បន្ន​អ្នក​ម្ដាយ​កូន​ស្រី ២ រូប​នេះ​ បាន​ឈាន​ចូល​វ័យ​៥៥​ឆ្នាំ​ហើយ ​គិត​ត្រឹម​ឆ្នាំ ២០១៩ និង​គឺ​ជា​ជំទាវទី១សហរដ្ឋអាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ​ខណៈ​ស្វាមី​លោកស្រី​ក៏​គឺ​ជា​ប្រធានាធិបតី​អាម៉េរិក​ស្បែក​ខ្មៅ​ដំបូង​គេ​ដែរ ក្នុង​អាណត្ត​ចន្លោះ ឆ្នាំ ២០០៩ ដល់ ២០១៧​។

ទោះ​ឥលូវ​លែង​ជា​ជំទាវទី១​ក្តី ក៏​លោក​ស្រី ​Michelle Obama នៅ​តែ​ជា​បុគ្គល​គំរូ​ដ៏​​មាន​ឥទ្ធិពល​មួយ​រូប​ជា​អន្តរជាតិ និង​បាន​ចូល​រួម​កិច្ច​ការ​សង្គម​ជាច្រើន​ទូទាំង​ពិភពលោក។ តួយ៉ាង​តាមរយៈ​ សន្ទរកថា​​​រយៈ​​ពេល​​​១៥​​​​នាទី ក្នុង​ជំនួប​​ជាតិ​ប្រជាធិបតេយ្យ (DNC)ឆ្នាំ ២០១៦ នៅ​ទី​ក្រុងPhiladelphia លោកស្រី Michelle ​​បាន​អង្រួន​បេះដូង​យុវតី​ជា​ច្រើន​ជាមួយ​ពាក្យពេចន៍​​ខ្លី ​បង្កប់​​ដោយ​​អត្ថន័យ​​​​ជ្រាលជ្រៅ ទាក់​ទង​​​ទៅ​នឹង​តម្លៃ​នៃ​ជីវិត​ ដែល​បាន​ក្លាយ​ទៅ​ជា​មេរៀន​​ដ៏​ល្អ សម្រាប់​ស្ត្រី​គ្រប់​រូប​​​ គួរ​​យក​​គំរូ​​តាម ដូចជា ៖

​១ ៖​ បើ​​គេ​​​​​​​​​​​ឈរ​នៅ​​កន្លែង​ទាប យើង​ត្រូវ​តែ​​ឈរ​នៅ​ទី​ខ្ពស់ ៖

មាន​​ន័យ​​ថា បើ​​​ជួប​មនុស្ស​កាច​​​សាហាវ ចិត្ត​​​អាក្រក់​​​​ចំពោះ​​​អ្នក​​ ​​​​​ដាច់​​ខាត​​​កុំ​​​ព្យាយាម​​ធ្វើ​​​​​​​​​​​​បែប​នោះ​​​​​​​​​​​តប​​ទៅ​​វិញ។ ត្រូវ​ធ្វើ​​​ខ្លួន​ឲ្យ​ខុស​ពី​គេ​​​ ​​​​​​​​​​​មាន​ទឹក​​ចិត្ត​ល្អ​ ទើប​​មាន​​​​តម្លៃ​​ខ្ពស់​ជាង​​​​មនុស្ស​​ដែល​បាន​​ធ្វើ​​​អាក្រក់​​ដាក់​​​​​​​អ្នក។

៖ ធ្វើ​​អ្វី​​ដែល​​​​​ជា​​គំរូ​​​ល្អ​​សម្រាប់​អ្នក​ដទៃ ៖

មាន​​មនុស្ស​​​ច្រើន​ណាស់​​កំពុង​តែ​សម្លឹង​មើល​មក​​អ្នក​​​​​​​​​ ​​សង្កេត​​រាល់​គ្រប់​សកម្មភាព​​ដែល​អ្នក​ធ្វើ​ ស្តាប់​​រាល់​​​​​​​សម្តី​​ដែល​​អ្នក​និយាយ ដូច្នេះ​​​មុន​ធ្វើ​អ្វី​​ក៏​ដោយ មិន​ថា​នៅ​​​​ខាង​ក្រៅ ​ឬ​​ក្នុង​​បណ្ដាញ​​សង្គម​នោះ​ទេ​ ត្រូវ​​​ពិចារណា​ឲ្យ​បាន​​វែង​​ឆ្ងាយ​ ថា​​​​​តើ​វា​​មាន​​​ឥទ្ធិពល​ល្អ និង​​​អាច​ជា​​​គំរូ​ល្អ​​​ដល់​​​​​អ្នក​ដទៃ​​​​បាន​ដែរ​​ឬ​​ទេ?

៖ បំណង​ប្រាថ្នា​របស់​អ្នក ​តែង​ធំជាង​​​​​​ឧបសគ្គ​ដែល​អ្នក​ត្រូវ​ហែល​ឆ្លង​ទៅ​សម្រេច​វា ៖

នៅ​​ពេល​ដែល​អ្នក​​​​ចង់​​​​ឈោង​​ចាប់​​ក្ដី​​​សុបិន​ដែល​​ខ្លួន​​ប្រាថ្នា វា​​តែង​​តែ​​មាន​ហែហម​ជាមួយ​នឹង​​​​ឧបសគ្គ​​រាប់​មិន​អស់​។ ត្រូវ​​ចាំ​​​ថា​​ អ្នក​កំពុង​តែ​​​​​​រត់​ទៅ​​រក​​ភាព​​ជោគជ័យ​​ មិន​​មែន​​​​នៅ​​សុខ​ៗ​​ជោគជ័យ​​​រត់​មក​រក​​ដោយ​ឯកឯង​ឡើយ​។ បើ​​ដួល ត្រូវ​តែ​​ងើប​ឈរ​​​ដើរ​​បន្ត​ទៀត កុំ​​ចុះ​​ចាញ់​​ឲ្យ​​សោះ​។

៖ មិន​ត្រូវ​សម្រេច​ចិត្ត​​​​​​ដោយ​ខ្វះ​ការ​គិតពិចារណា​ឡើយ​ ៖

ធ្វើ​​​​​អ្វី​​មួយ​​​​​​​​​ដោយ​​​មិន​​បាន​គិត​គូ​ជាមុន ​​គឺ​​​​ជា​​​រឿង​​ងាយ​​ស្រួល ប៉ុន្តែ​​​បើ​​​​​អ្នក​​គិត​គូ​​ឲ្យ​​បាន​​​ម៉ត់ចត់​​មុន​នឹង​ធ្វើ ទើប​ហៅ​ថា​មនុស្ស​​ឆ្លាត។​ ការ​​​ប្រើ​​​​​អារម្មណ៍​​​ដើម្បី​សម្រេច​ចិត្ត ​​​មិន​ផ្តល់​លទ្ធផល​ល្អ​សម​បំណង​ឡើយ ។

៖ ធ្វើ​​ខ្លួន​ឲ្យ​​នឹងន កុំ​​ទន់​​ជ្រាយ​ពេល​​​មាន​សម្ពាធ ៖

បើ​អ្នក​អាច​រក្សា​ស្មារតី​នឹងន​ និង​បន្ត​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅ​ក្រោម​សម្ពាធ មាន​ន័យ​ថា​អ្នក​មាន​ភាព​ចាស់​ទុំ​ និង​រឹងមាំ​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត។ ប៉ុន្តែ​បើ​មិន​អាច​ទេ ក៏​គ្មាន​អ្វី​ត្រូវ​បារម្ភ​ដែរ សំខាន់​ត្រូវ​រៀន​សម្រប​ខ្លួន​បន្តិច​ម្ដង​ៗ នឹង​ស្ថានភាព​លំបាក ។ គួរ​ សម្រាក​បន្តិច សម្រួល​អារម្មណ៍ ដោយ​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ ផ្ដល់​ពេលវេលា​ឲ្យ​ខ្លួន​ឯង​ស្វែង​យល់​ពី​បញ្ហា​ឲ្យ​បាន​ស៊ី​ជម្រៅ និង អាច​ស្រាយ​ចំណង​ដោយ​ហេតុផល​សមរម្យ​ណាមួយ៕

អត្ថបទ៖ លីដា

មតិយោបល់