• 2019-06-12 03:27:38
  • ព័ត៌មាន

រក​ឃើញ​ក្រុម​ឈ្នះ ៥ ពី SmartStart រដូវ​កាល​ទី​៣​ ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត

  • 2019-06-12 03:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រចាំ​ឆ្នាំ​អ្នក​ច្នៃប្រឌិត​វៃ​ក្មេង SmartStart បាន​ជ្រើសរើស​ម្ចាស់​ជយលាភី​បន្ទាប់ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ជាច្រើន​ក្នុង​ការ​ប្រកួត​រដូវ​កាល​ទី ​៣ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ចំនួន ៥ បាន​ឈ្នះ​ប្រាក់ឧបត្ថម្ភ​ចំនួន ៥ ០០០ ដុល្លារ​អាមេរិក​ដូចគ្នា និង​ទទួល​បាន​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះ​បណ្ដាល​ផ្នែក​អាជីវកម្ម​ដែល​មាន​រយៈពេល​ ៦ ​ខែ​ជាមួយ Impact Hub Phnom Penh ក្រោយពី​ធ្វើ​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ចាប់​អារម្មណ៍​ជាមួយ​ការ​បង្ហាញ​គំ​រូ​អាជីវកម្ម គំនិត​ផលិតផល​ឌីជីថល និង​ការ​ធ្វើ​ការងា​រ​ជា​ក្រុម​របស់​ខ្លួន នៅ​ឯ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជា​ជា​- កូរ៉េ។

ការ​ប្រកួតប្រជែង​វ​គ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​នេះ បាន​បង្ហាញ​ពី​គំនិត​នានា ម្តង​ទៀត​របស់​ក្រុម​កំ​ពូ​លៗ​ចំនួន​១៥ ដែល​បាន​ឆ្លងកាត់​សិក្ខាសាលា​ក្នុង​វ​គ្គ Technopreneurship Challenge នៅ​ខេត្ត​កំពង់ចាម កាលពី​ខែ​មុន​។ ក្រុម​ទាំងអស់​នោះ​ត្រូវបាន​ជ្រើសរើស​កាលពី​ខែ​មេសា ពី​ក្នុង​ចំណោម​ក្រុម​ចំ​នួន​៣០​ក្រុម​ដែល​មាន​បេក្ខភាព​ចូលរួម​ជាង​១២០​រូប មកពី​សាកល​វិទ្យាល័យ​ចំនួន​១០ ទូទាំង​ប្រទេស​កម្ពុជា ក្រោយពី​ការចូលរួម​សិក្ខាសាលា Hackathon Challenge រយៈពេល​២​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ។

ក្នុង​កំឡុង​ពេល​បិទ​កម្មវិធី ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​ឯក​ឧត្តម​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បាន​សម្តែង​​នូវ​​ភាព​សប្បាយរីករាយ​របស់​ខ្លួន​ដែល​កម្មវិធី SmartStart បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៧។ ឯក​ឧត្តម​ទាំង​២ បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ហើយ​និង​រាល់​ដៃ​គូរ​ក្នុង​បច្ចេកវិទ្យា​ទាំងអស់ ឲ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​បណ្ដុះ​បណ្ដាល​អ្នក​មាន​ទេពកោសល្យ​វ័យ​ក្មេង​របស់​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ កម្មវិធី SmartStart ត្រូវ​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ​ប្រាក់​រួម​វិភាគ​ទាន​របស់​ក្រុមហ៊ុន Smart ក្នុង​មូល​និធិ​កសាង​សម្ថតភាព និង ការ​ស្រាវ​ជាវ និង​អភិវឌ្ឍន៍។

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata កោតសរសើរ​យ៉ាង​ខ្លាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ទាំងអស់ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​កម្មវិធី​នេះ​។​ ​លោក​បាន​លើក​ឡើង​ថា​៖ "ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​បាន​ឃើញ​បេក្ខជន​កាន់តែ​ល្អ គំនិត​អាជីវកម្ម​ក៏​កាន់តែ​ប្រសើរ និង​ការ​ជ្រើស​រើស​ផ្នត់​គំនិត​ក៏​កាន់តែ​ល្អ ក្នុង​កំឡុង​ពេល​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ក្នុង​ឆ្នាំ​នេះ​។ ដូច​នេះ​ហើយ​នៅ​ឆ្នាំ​នេះ យើង​បាន​សម្រេចចិត្ត​បង្កើន​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៥ ០០០ ដុល្លារ​អាមេរិក​! សូម​អបអរសាទរ​ដល់​ក្រុម​ទាំងអស់​សម្រាប់​ការ​ខិត​ខំប្រឹងប្រែង និង​ការចូលរួម​របស់​ពួកគេ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ « SmartStart គឺជា​កម្មវិធី​ដ៍​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ដ​ខ្លាំង ព្រោះ​កម្មវិធី​នេះ​បាន​ស្វែងរក​អ្នក​ឆ្នា​ត​វៃ​ជាច្រើន ហើយ​បាន​ផ្ដល់​ឱកាស​សម្រាប់​អ្នក​មាន​ទេពកោសល្យ​វ័យក្មេង​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ Impact Hub និង​ដៃ​គូ​ជាច្រើន​ផ្សេង​ទៀត យើង​នឹង​បន្ត​គាំទ្រ​អ្នក​ច្នៃប្រឌិត​វ័យ​ក្មេង​ទាំង​នេះ​តាម​រយៈ​កា​ចូលរួម​កម្មវិធី​ឌីជីថល​របស់​ពួកគេ​»​។

ក្រុម​ចំនួន​៥​រួមមាន​៖

១. RENTECH៖ ជួល​អ្នកប្រើប្រាស់​ជួល​កន្លែង​ស្នាក់នៅ​ជាពិសេស​អ្នក​ដែល​មកពី​ខេត្ត​នា​ន​ដែល​មក​ទីក្រុង​ចំបងៗ​សម្រាប់​ការសិក្សា​ថ្នាក់ឧត្ដម​។​

២. Sers Chborng៖ ផ្ដល់​ការគាំទ្រ​ដល់​សិស្ស​ដែល​ចង់​ដាក់ពាក្យ​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា និង ការចូលរួម​ការ​ប្រកួតប្រជែង​ផ្សេងៗ​។​

៣. STYLE៖ ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ឱកាស​ផ្សេងៗ​ក្នុង​ការជួល​អាវ​ធំ រ៉ូប និង ឈុត​សំលៀ​កបំ​ពាក់​ប្រពៃណី​សម្រាប់​ពិធី​ពិសេសៗ​។ ​

៤. PhumCAKE៖ ផ្ដល់​ឲ្យ​អ្នកគ្រប់គ្នា​រចនា​រូបរាង រសជាតិ និង ពណ៌​នំខេក​សម្រាប់​ឱកាស​ពិសេស​ផ្សេងៗ។​

៥. SpeakOut៖ ជួយ​អ្នក​ដែល​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​តាម​រយៈ​បណ្ដាញ​ទំ​នាក់​ទំនង​អនាមិក ព័ត៌មាន​ការ​យល់​ដឹង និង ភ្ជាប់​ពួកគេ​ជាមួយ​ពេទ្យ​ចិត្ត​សាស្ដ្រ​ដ៏​ជំនាញ​។

កញ្ញា សូ សម្ផស្ស ដែល​ជា​សមាជិក​ក្រុម​មួយរូប​ក្នុង​ចំណោម​ក្រុម​ដែល​ឈ្នះ បាន​និយាយថា​៖ «រយៈពេល​៣​ខែ​នេះ​គឺជា​ពេល​វេលាដ៍​អស្ចារ្យ​សម្រាប់​ក្រុម​របស់​ពួក​យើង និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខណៈ​ដែល​យើង​បាន​សិក្សា​ជាច្រើន​។ កម្មវិធី SmartStart ពិតជា​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​កំពូល​មួយ​ក្នុង​ប្រទេស​សម្រាប់​និ​ស្សិត​សាកល​វិទ្យា​ល័​យ​។ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោះ​ភាគី​ទាំងអស់​ដែល​បាន​បង្កើត​កម្មវិធី​ដ៏​សម្បូរបែប​នេះ​ឡើង​។ យើង​កំពុង​ទន្ទឹ​ង​រង់ចាំ​គំ​និ​តរបស់​យើង​ដែល​នឹង​លេចចេញ​ជា​រូ​ចរាង​ឡើង​ក្នុង​រយៈពេល ៦ ខែ​ទៀត​»

​លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​​សមាជិក​មួយរូប​ក្នុង​គណៈកម្មកា​រវិ​និ​ច្ឆ័​យ​កិ​ត្តិ​យស​​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​ពេល​វេលាដ៏​អស្ចារ្យ​ដែល​បាន​ឃើញ​សក្តា​នុព​ល​ដ៏​ធំ​សម្បើម​របស់​យុវ​ជន​យើង​តាម​រយៈ​ការបង្កើត​គំ​និ​ត​ច្នៃប្រឌិត​របស់​ពួកគេ​លើ​របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​ពួកគេ​បាន​ឃើញ​នៅលើ​ទីផ្សារ​។ ប្រទេស​កម្ពុជា កំពុង​រីកចម្រើន និង​អភិ​វ​ឌ្ឍ​ន៍ ហើយ​អ្នក​ច្នៃប្រឌិត​វ័យ​ក្មេង​ទាំង​នេះ​នឹង​ដើរ​តួយ៉ាង​សំ​ខាន់​ក្នុង​ការរួម​ចំ​ណែ​ក​ជួយ​ដល់​អនាគត​ប្រកបដោយ​និ​រ​ន្ត​ភាព​ដែលមាន​ល​ទ្ធ​ភាព​ប្រើប្រាស់​ឌីជីថល​»​។​

ម្ចាស់​ជ័យលាភី​ទាំង​៥​ក្រុម​នឹង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ ដើម្បី​ប្រែក្លាយ​គំនិត​របស់​ពួកគេ​ឲ្យ​ក្លាយទៅជា​អាជីវកម្ម ឬ ផលិតផល​ពិតៗ​។ ជា​មួយ​នឹង​ការ​គាំទ្រ​ពី Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata ក្រុម​ទាំង​៥ នឹង​ទទួល​បាន​ឱកាស​ប្រើប្រាស់​ធន​ធាន ការ​ប្រឹក្សា​យោបល់ ការ​លើក​ទឹក​ចិត្ត និង​ការ​ធ្វើ​ការ​រួមគ្នា​ផង​ដែរ ។

កញ្ញា Mélanie Mossard ប្រធាន​ផ្នែក​គាំទ្រ Impact Hub Phnom Penh ​បាន​ឲ្យ​ដឹង​ថា​៖ «​កម្មវិធី SmartStart បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​របស់​ខ្លួន​ម្ដង​ទៀ​ត​! រយៈពេល ៦ ខែ​ខាងមុខ​នេះ ក្រុម​ទាំង​៥​នឹង​ត្រូវ​បំពេញ​ដោយ​បទពិសោធន៍​ជាក់​ស្ដែង ស្រប​ពេល​ដែល​យើង​ទន្ទឹង​រង់​ចាំ​លទ្ធភាព​ដ៏​ជោគ​ជ័យ​របស់​ពួកគេ និង​ផ្ដល់​ការណែនាំ​ទាក់ទង​នឹង​អាជីវកម្ម​ឌីជីថល​នា​ពេល​អនាគត​របស់​ពួកគេ​។ នៅ​ចុងបញ្ចប់​កម្មវិធី​រយៈពេល ៦ ខែ​ក្រុមការងារ​ដែល​មានការ​វិវឌ្ឍ​ខ្លាំងជាងគេ​បំ​ផុត នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិ​ទ្សា​នៅ Google, Microsoft Facebook និង LinkedIN នៅ​ប្រទេស​សឹង្ហ​បុរី​»​។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេស​ប៊ុ​ក “Smart for Cambodia” តាម​រយៈ​គេហ​ទំព័រ Smart for Cambodia ឬក៏​ចូល​មកកាន់​គេហ​ទំព័រ www.smart.com.kh

អត្ថបទ៖ សុខណា

មតិយោបល់