- 2019-06-13 07:36:53
- ព័ត៌មាន
តើអ្វីទៅនៅពីក្រោយភាពជោគជ័យរបស់ លោក ម៉ៅ វុត្ថា ថៅកែត្រី សាលម៉ុន?
- 2019-06-13 07:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្វីទៅនៅពីក្រោយភាពជោគជ័យរបស់ លោក ម៉ៅ វុត្ថា ថៅកែត្រី សាលម៉ុន?
ចន្លោះមិនឃើញ
នៅពេលនិយាយពីឈ្មោះថៅកែត្រីសាលម៉ុនស្រស់ នាំចូលពីក្រៅប្រទេសនោះ គឺគេនឹងនឹកឃើញដល់ឈ្មោះ លោកម៉ៅ វុត្ថា ដែលជាសហគ្រិនឆ្នើមមួយរូបនៅកម្ពុជា។ ថ្ងៃនេះ លោកម៉ៅ វុត្ថា បាន បង្ហើបពីការបរាជ័យមួយចំនួន និងមធ្យោបាយស្ដារឡើងវិញ ប្រកបដោយជោគជ័យ។
បុរសវ័យ៣៩ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងថា អ្វីដែលនាំឲ្យលោកជោគជ័យបាននោះ គឺទីមួយ ផ្ដើមដោយទ្រឹស្ដី នៃសុភាសិតខ្មែរ "ការតស៊ូ គង់បានសម្រេច” និងមួយទៀតលោកមានភ័ព្វវាសនាល្អ បានភរិយាយល់ចិត្ត ដោយចាត់ទុកថា នៅពីក្រោយភាពជោគជ័យ ក៏ដោយសារមានឧត្ដមភរិយាល្អ។
មនុស្សជាច្រើនគេតែងលើកសរសើរលោកថា ជាមនុស្សជោគជ័យលើមុខជំនួញ ឬអាចហៅថា ជាបុគ្គលជោគជ័យ លើសហគ្រិនមួយរូបនៅកម្ពុជា ប៉ុន្តែពួកគេក៏មិនបានដឹងថា នៅក្នុងអំឡុង នៃដំណើរការអាជីវកម្មមួយបានជួបប្រទះនូវឧបសគ្គអ្វីខ្លះ ហើយធ្លាប់បរាជ័យអ្វីនោះឡើយ។
ទន្ទឹមនឹងជោគជ័យលើអាជីវកម្ម ផ្ទះត្រីសាលម៉ុន លោក ម៉ៅ វុត្ថា មានស្រុកកំណើតនៅខេត្តបាត់ដំបង បានប្រាប់ថា លោកធ្លាប់បរាជ័យលើការពង្រីកគម្រោងអាជីវកម្មមួយចំនួន ដូចជា ការលើកផែនការ នៃការផ្ដល់សេវាកម្មម្ហូបអាហារត្រីសាលម៉ុន (អាហារថ្ងៃត្រង់) និងការពង្រីកមុខរបរទិញហ្វ្រេនឆាយ យកមកធ្វើអាជីវកម្ម ប៉ុន្តែអ្វីៗមិនជោគជ័យដូចការរំពឹងទុកនោះទេ។ ការបរាជ័យទាំងអស់នេះ អាចបណ្ដាលមកពីរបៀបគ្រប់គ្រងនៅមានកម្រិត និងការចាប់ឱកាសមិនត្រូវតាមកាលៈទេសៈ ជាដើម។
បើទោះបីជាការបរាជ័យច្រើនខាងលើនេះ កើតមានលើរូបលោកក្ដី ក៏លោកមិនដែលបោះបង់នូវឆន្ទៈរបស់ខ្លួនដែរ ដោយធ្វើការតស៊ូ ព្យាយាម ជំនះរាល់ឧបសគ្គ ទាំងនោះ។ បន្ថែមលើពាក្យស្លោកខ្មែរថា "ការតស៊ូ គង់បានសម្រេច" ហើយភាពជោគជ័យមួយទៀតដែលមិនអាចខ្វះបាននោះ គឺមានភរិយា ដែលយល់ចិត្ត។ រាល់ការបាក់ទឹកចិត្ត និងរបៀប នៃការគ្រប់គ្រង ទាំងមនុស្ស និងហិរញ្ញវត្ថុ គឺភរិយា អនុវត្តន៍បានច្បាស់ជាងលោក ដែលធ្វើឲ្យការគ្រប់គ្រងមួយចំនួនដំណើរការទៅមុខបានកាន់តែលឿន។
លោក ម៉ៅ វត្ថា បានបន្ថែមថា ក្រោយពីបានរៀបការជាមួយភរិយា នៅអំឡុងឆ្នាំ ២០១៤មក លោកបានចាត់ទុកថា ភរិយា គឺជាបំណែក នៃភាពជោគជ័យ ព្រោះមានទីប្រឹក្សាយោបល់ម្នាក់ស្មោះត្រង់ និងជាដៃគូជីវិតមិនអាចខ្វះបាន។
សព្វថ្ងៃនេះ លោក វុត្ថា អាចចាត់ទុកជាសហគ្រិនជោគជ័យកម្រិតមធ្យមមួយរូប ដែលបច្ចុប្បន្ន កំពុងគ្រប់គ្រងលើមុខជំនួញ ៣ គឺ៖
១. ផ្ទះត្រីសាលម៉ុន ២. ការបោះដុំត្រីសាលម៉ុន រួមនឹងប្រភេទសាច់នាំចូល ៣. ក្រុមហ៊ុនផ្ដល់សេវាកម្ម ចុះបញ្ជីពាណិជ្ជកម្ម
តើលោក ម៉ៅ វុត្ថា គឹជានរណា? អានសាច់រឿងសង្ខេបខាងក្រោមនេះ៖
លោក ម៉ៅ វុត្ថា កើតនៅឆ្នាំ ១៩៨០ នៅខេត្តបាត់ដំបង ជាកូនទោលនៅក្នុងគ្រួសារ។ លោកវុត្ថា ត្រូវបានគេចាត់ទុកថា ជាមនុស្សរួសរាយរាក់ទាក់ និងសាមញ្ញបំផុត ដោយនិយមស្លៀកខោខ្លី នៅពេលចេញក្រៅ និងមានក្ដីស្រមៃធំតាំងពីនៅតូច ចង់ក្លាយជាអ្នករកស៊ី។
នៅឆ្នាំ២០១១ លោកម៉ៅ វុត្ថាបានសម្រេចក្ដីស្រមៃរបស់ខ្លួនដោយបានបើកអាជីវកម្មនាំចូលត្រីសាលម៉ុនពីក្រៅប្រទេស ប៉ុន្តែភាពជោគជ័យលើអាជីវកម្មមួយនេះ មិនអាចខ្វះបាននូវការក្រេបជញ្ជក់នៅចំណេះវិជ្ជាបន្ថែមតាមរយៈការអានសៀវភៅ និងចូលវគ្គបណ្ដុះបណ្ដាលនានាពាក់ព័ន្ធនឹងការរកស៊ី ជាពិសេស គឺបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅ KS Seastar ប្រទេសថៃ ហើយបានក្លាយជាសហគ្រិនមានមុខមាត់លើការនាំចូលត្រីសាលម៉ុនពី ក្រៅប្រទេសមកកាន់កម្ពុជា ហើយត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយអំពីលោក ដែលជាសហគ្រិនជោគជ័យមួយរូប ដែលរកប្រាក់ចំណូលបានខ្ទង់លានដុល្លារ ក្នុង១ឆ្នាំ។
នៅមុនការចាប់អាជីពជាអ្នកជំនួញនោះ លោក ម៉ៅ វុត្ថា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើផ្នែក អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយចប់ការសិក្សា លោកម៉ៅវុត្ថា បានប្រលូកលើវិស័យការងារអស់រយៈពេល ១០ឆ្នាំ ។ ១០ឆ្នាំនេះ លោកបានធ្វើការនៅ ស្ថានីយទូរទស្សន៍ CTN, មណ្ឌលព័ត៌មានស្ត្រីកម្ពុជា, សាលាក្ដីខ្មែរក្រហម និង អង្គការយុវតារាកម្ពុជា។
បន្ទាប់ពីចំណាយពេល ១០ឆ្នាំលើការងារ លោកម៉ៅ វុត្ថា បានសម្រេចបើកអាជីវកម្មរបស់ខ្លួន នៅឆ្នាំ ២០១១ ដោយប្រើប្រាស់ទុនដំបូងអស់ខ្ទង់ ៥-៦ ពាន់ដុល្លារ ហើយបច្ចុប្បន្នមានក្រុមហ៊ុនផ្សេងៗក្នុងដៃមួយចំនួនទៀត ដែលអាចរកប្រាក់បានខ្ទង់លានដុល្លារ ក្នុង១ឆ្នាំ។
ការជោគជ័យទាំងអស់នេះ លោក ម៉ៅវុត្ថា នៅតែចងចាំពាក្យស្លោកខ្មែរ “ការតស៊ូ គង់បានសម្រេច” ហើយស្របនឹងទិសស្លោកផ្ទាល់ខ្លួនមួយទៀត "ការមិនបោះបង់, ចំណង់, ចំណេះ និងជំនាញ បូករួមនឹងភាពជឿជាក់លើខ្លួនឯង" ។ បន្ថែមពីលើនេះ ដែលមិនអាចខ្វះបាន ការមានដៃគូជីវិត ដែលចេះយល់ចិត្ត តែងរងចាំជំរុញលើកទឹកចិត្តយើងពីក្រោយ ដោយគ្មានថ្ងៃនឿយណាយ៕
សូមទស្សនារូបភាពច្រើនសន្លឹក ពីសកម្មភាពរបស់ លោក ម៉ៅ វុត្ថា ខាងក្រោមនេះ៖