• 2019-06-14 09:34:42
  • ព័ត៌មាន

ការ​ដាក់​ទុន​ធំ​រក​ស៊ី​តែ​ម្តង​ប្រៀប​ដូចគាស់​ដើម​ឈើ​ធំ​មួយ​​ទៅ​ដាំ វាអាចចេញ​លទ្ធផល​២​ គឺ​ងាប់ ឬ​រស់

  • 2019-06-14 09:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ការ​វិនិយោគ​ប្រៀប​ដូចជា​ការ​ដាំ​ដើម​ឈើ​ពី​តូច​ទៅ ហើយ​ខំប្រឹង​ថែទាំ ស្រោច​ទឹក​ដាក់ជី ទើប​ដើម​ឈើ​នោះ​នឹង​រីក​លូតលាស់​ឡើង។ យ៉ាង​ណា​មិញ​​ការ​រក​ស៊ី​ដាក់​ទុន​ធំ​តែ​ម្តង ប្រៀប​ដូចជា​ការ​គាស់​ដើម​ឈើ​ធំ​មួយ​ដើម​ទៅ​ដាំ​ដូច្នោះ​ដែរ វា​នឹង​មាន​លទ្ធផល​២​ ចេញ​មក​វិញ គឺ​អាច​ងាប់ និង​អាច​រស់»។ នេះ​ជា​ការ​លើក​ឡើង​ចេញ​ពី​បទពិសោធន៍​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក ហួត ជា​ ​ម្ចាស់​​ក្រុមហ៊ុន​​ផ្គត់​ផ្គង់​សម្ភារៈ​សំណង់​ធំ​មួយ​នៅ​កម្ពុជា ដែល​មាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​ឪពុក និង​ធ្លាប់​រស់​នៅ​​ក្នុង​​ជីវភាព​ខ្សត់ខ្សោយ​​ជាង​គេ​បំផុត​​នៅ​​ក្នុង​ភូមិ​កាល​ពី​កុមារភាព។

រំលឹក​ដល់​ឆាក​ជីវិត​ដែល​ធ្លាប់​វេទនាកាលពីមុន លោក​បាន​លើកឡើង​មាន​លទ្ធផល​ដូច​ថ្ងៃ​នេះ មិន​មែន​ជា​ព្រេង​សំណាង​ឡើយ តែ​វា​បាន​លេច​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ស្រាក​ស្រាន្ត ការ​រៀនសូត្រ និង​ខំប្រឹង​ធ្វើ​ការ​ងារ​ដោយ​ភាព​ឆ្លាត​វៃ។

កើត​នៅ​ឆ្នាំ ១៩៨០​ ខេត្ត​តាកែវ លោក ហ៊ួត ជា គឺជា​កូនពៅ ក្នុង​ចំណោម​បង​ប្អូន​ ៤នាក់​ ដែល​មាន​​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ប្រកប​រប​រ​ជា​អ្នក​​ស្រែ​ និង​លក់ដូរ​តិចតួច​ដើម្បី​ចិញ្ចឹម​កូន ខណៈ​លោក​ឪពុក​បាត់បង់ជីវិត​ដោយ​សារ​ចោរប្លន់​កាល​ពី​អំឡុង​ឆ្នាំ១៩៨០។

ថ្វី​ត្បិត​កើត​ក្នុង​គ្រួសារ​ក្រីក្រ ប៉ុន្តែ​​ឆន្ទៈ​​ចំពោះ​​ការ​រៀន​សូត្រ​របស់​លោក​ មិន​ថម​ថយ​ឡើយ ដោយ​ក្រៅ​ពី​ទៅរៀន លោក​ថែមទាំង​​ឆ្លៀត​ពេល​ជួយ​អ្នក​ម្តាយ​ដើរ​ជញ្ជាត់​ត្រី​ និង​កំពឹស​ដើម្បី​ធ្វើ​ម្ហូប​ ស៊ី​ឈ្នួល​ដក​ស្ទូង ច្រូត​ស្រូវ អូស​រទេះ​ដឹក​ទឹក​លក់​ឱ្យ​អ្នក​ជិត​ខាង​ គ្រាន់​បា​ន​ប្រាក់​ជួយ​សម្រាល​ទុក្ខ​លំបាក​គ្រួសារ។

ក្រោយ​មក​ដើម្បី​ត្រៀម​ប្រលង​បាក់ឌុប​ លោក​បាន​ប្តូរ​មក​​រៀន​នៅ​សាលា​ទូល​ទំពូង​នៅ​​ភ្នំពេញ ខណៈ​ពេល​នោះ​​ម្ដាយ​លោក​ប្រកប​របរ​លក់​បន្លែ​នៅ​ផ្សារ​បឹង​កេងកង​ និង​បាន​ជួល​បន្ទប់​តូច​មួយ​ស្នាក់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​ចំការមន ក្នុង​ជីវភាព​មួយ​​យ៉ាប់យ៉ឺន​​ណាស់។ ​លោក​ត្រូវ​ដើរ​ពី​ផ្ទះ​ទៅ​សាលា​រៀន​ជា​រៀង​រាល​ថ្ងៃ ហើយ​ពេល​យប់​ថែមទាំង​ទៅ​ធ្វើ​ការងារ​ជា​អ្នក​យាម​សម្ភារ​សំណង់​ទៀត​ផង។

លុះ​ដល់​ឆ្នាំ​ ១៩៩៨ លោក​បាន​ជាប់​បាក់​ឌុប​ដោយ​ជោគជ័យ និង​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង​លើ​ជំនាញ​ទីផ្សារ។ លោក​ចាប់​យក​​ជំនាញ​ទីផ្សារ​ដោយ​សារ​លោក​មើល​ឃើញ​ថា​​​អ្នក​ជោគជ័យ​មួយ​ចំនួន​ផ្តើម​ចេញ​ពី​​អ្នក​ចេះ​លក់។ ដើម្បី​រក​ប្រាក់​​បន្ត​ការ​សិក្សា​​ដល់​ចប់ លោក​ត្រូវ​រៀន​បណ្តើរ​ ធ្វើ​ការងារ​បណ្តើរ ដោយ​កាលនោះ​លោ​ក​បាន​ជាប់​ការងារ​ជា​អ្នក​បើកបរ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ។

ដោយ​ដាក់ចិត្ត​ក្នុង​ការងារ ជាពិសេស​នៅ​ពេល​ប្រជុំ​ម្តងៗ​លោក​តែង​បាន​ឡើង​បញ្ចេញមតិ​កែ​លម្អ​ស្ថាន​ភាព​លក់​របស់​ក្រុមហ៊ុន រហូត​ដល់​ប្រធាន​ក្រុមហ៊ុន​មើល​ឃើញ និង​ទទួល​ស្គាល់​ថា លោក​ជា​អ្នក​មាន​សមត្ថភាព​ម្នាក់ និង​មិន​សម​ធ្វើ​ជា​អ្នក​បើក​ឡាន​ទៀត​ឡើយ ទើប​បាន​ដំឡើង​ឋានៈ​ឱ្យ​ក្លាយ​ជា​បុគ្គលិក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​នោះ​តែ​ម្តង ខណៈ​លោក​ធ្វើ​ជា​អ្នក​បើកបរ​បាន​ប្រហែល​មួយ​ខែ​តែ​ប៉ុណ្ណោះ។

លោក​បាន​បំពេញ​​ការងារ​ជា​បុគ្គលិក​ធម្មតា រហូត​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​បន្ទាប់​ពី​បាន​បំពេញ​ការងារ​ប្រមាណ​ ៤ឆ្នាំ​។ ក្រោយ​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​ជាច្រើន​ និង​បាន​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ដឹក​នាំ​ក្រុមហ៊ុន​ស្រប​ពេល​ដែល​វិស័យ សំណង់ កំពុង មាន​ការ​រីក​ចម្រើន​នៅ​កម្ពុជា លោក​ក៏​បាន​សម្លឹង​ឃើញ ឱកាស​ជំនួញ​មួយ​នេះ។

គឺ​នៅ​​ដើមឆ្នាំ ២០១០ ដែល​លោក​បាន​សម្រេច​បង្កើត​ដេប៉ូ​លក់​សម្ភារៈ​សំណង់​ជាមួយ​នឹង​ដើម​ទុន​ប្រមាណ​៥ ០០០​ដុល្លារ​អាមេរិក ដោយមាន​បុគ្គលិក​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​រូប​លោក និង​ប្អូន​ជីដូនមួយ​​ម្នាក់​ទៀត។ បច្ចុប្បន្ន​ក្រុមហ៊ុន ហ៊ួត​ ជា ផ្គត់​ផ្គង់​សម្ភារៈ​សំណង់ បាន ឈរ​ជើង​រឹង​មាំ​ក្នុង​ទីផ្សារ ដោយ​បាន​បង្កើត​បាន​ ២៣សាខា​ទូទាំង​ប្រទេស ​និង​​​​បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ប្រមាណ ៣០០នាក់។

ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស​ក្នុង​ជំនួញ លោក​ហួត ជា​ បាន​បង្ហើប​ឲ្យ​ដឹង​ពី​គន្លឹះ​សំខាន់​ ៣ គឺ ៖

  • ទី១. គឺ កត្តា​អ្នក​ផ្គត់ផ្គង់​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ជាមួយគ្នា ។

  • ទី២. កត្តា​បុគ្គលិក គឺ​មិន​ត្រឹម​ស្រលាញ់​តែ​មាត់​ទេ គឺ​យើង​ត្រូវ​ផ្ដល់​អត្ថប្រយោជន៍ និង លក្ខខណ្ឌ​ល្អ​ៗ ផ្ដល់​ក្តី​សង្ឃឹម​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ផង ។

  • ទី៣. កត្តា​អតិថិជន គឺ​នៅ​ពេល​ដែល​យើង​មាន​ផលិតផល​គុណភាព​ល្អ តម្លៃ​ល្អ ហើយ​មាន​បុគ្គលិក បម្រើ​សេវាកម្ម​បាន​ល្អ​ហើយ​នោះ នឹង​មាន​ការ​គាំទ្រ​ពី​អតិថិជន​មិនខាន៕

អត្ថបទ៖ លីដា

មតិយោបល់