• 2019-06-19 06:27:55
  • ព័ត៌មាន

ពលរដ្ឋហុងកុង ចាប់ផ្ដើមផ្លាស់ចេញទៅតៃវ៉ាន់ ក្រោយបញ្ហាចម្រូងចម្រាសរឿងបត្យាប័ន

  • 2019-06-19 06:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ហុងកុង​ជា​ច្រើន​នាក់ ត្រូវ​បាន​រាយការណ៍​ថា​នាំ​គ្នា​ផ្លាស់​ចេញ​ទៅ​កាន់​តៃវ៉ាន់​ជា​បន្ដ​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ទៅ​ស្វែង​រក​ប្រជាធិបតេយ្យ​ពេញ​លេញ​សម្រាប់​ពួកគេ។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា ចំនួន​ប្រជាជន​ពី​ទីក្រុង​ហុងកុង ដែល​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ស្នាក់​នៅ​តៃវ៉ាន់ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ។ ប្រជាជន​បាន​ផ្លាស់​ប្ដូរ​ទៅ​តៃវ៉ាន់​ច្រើន​បំផុត ចាប់​តាំង​ពី​បាតុកម្ម​ចលនា​ឆត្រ​កាល​ពី​ឆ្នាំ ២០១៤។ មក​ទល់​ពេល​នេះ អ្នក​ជំនាញ​ជា​ច្រើន​ជឿ​ថា ការ​ផ្លាស់​ទៅ​កាន់​តៃវ៉ាន់​កាន់​តែ​ច្រើន​ឡើង​ៗ​ក្រោយ​ពេល​ដែល​មេដឹកនាំ​ហុងកុង​ស្នើ​ធ្វើ​ច្បាប់​បត្យាប័ន​ថ្មី​បណ្ដាល​មាន​ការ​តវ៉ា​ពី​ប្រជាជន​រហូត​ដល់​ជាង ២​លាន​នាក់។

យោង​តាម​ស្ត្រី Yung Xiu Kwan វ័យ ៦៧​ឆ្នាំ​ឲ្យ​ដឹង​ថា សំណើធ្វើបត្យាប័ន គឺជាបញ្ហាចុងក្រោយដែលធ្វើឱ្យ​លោក​យាយ​សំរេចចិត្តចាកចេញពីហុងកុង​ទៅ​កាន់​តៃវ៉ាន់។ ស្ត្រី​រូប​នេះ​បន្ដ​ថា "ប្រសិន​បើ​គ្មាន​សេរីភាព និង​ប្រជាធិបតេយ្យ​ទេ យើង​ប្រៀប​ដូច​ជា​រស់​ក្នុង​គុក​អ៊ីចឹង ហើយ​បើ​គ្មាន​សេរីភាព ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ល្អ​ជាង។ ប៉ុន្តែ​តៃវ៉ាន់អាចផ្តល់ឱ្យយើងបាន ដោយសារតែតៃវ៉ាន់មានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញដែលការពារលទ្ធិប្រជាធិបតេយ្យ។”

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ានៅ​ហុងកុង ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក។ យ៉ាង​ណាមិញ កាលពី​ថ្ងៃសៅរ៍​កន្លងទៅ មេ​ដឹកនាំ​ហុងកុង​​លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​បត្យាប័ន ក្រោយ​មាន​ការ​តវ៉ា​ពី​បាតុករ​រហូត​ដល់​ជាង ១​លាន​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ៕

ប្រភព៖ VOA News ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់