• 2019-06-24 03:55:54
  • ព័ត៌មាន

អតីតសិស្សបាក់ឌុបនិទ្ទេស A៖ គ្រប់យ៉ាងត្រូវចាប់ផ្តើមចេញពីការរៀនសូត្រ និងប្រឹងប្រែងអស់ពីលទ្ធភាព បើទោះក្តីស្រមៃយើងខុសៗគ្នាក្តី

  • 2019-06-24 03:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មនុស្ស​មានក្តីស្រមៃ​​ផ្សេងគ្នា ដូច្នេះ​ការ​កំណត់​ភាព​ជោគជ័យក៏មិនដូចគ្នាដែរ។ តែ​ទោះថ្ងៃមុខ​អ្នក​ចង់​ក្លាយ​ជាអ្វី​ក៏ដោយ​ ដំបូង​វា​ត្រូវ​តែ​ចាប់ផ្តើមពីការរៀនសូត្រ​ដោយ​យកចិត្ត​ទុកដាក់ ប្រឹងឲ្យ​​អស់ពីសមត្ថភាព​ដើម្បីបង្កើតលទ្ធផល​មួយដែលល្អបំផុត»។ នេះ​​ជា​​ការ​​លើករបស់​​ យុវជន ហេង សីហស្សនេត្ត ដែលជា​អតីត​សិស្ស​និទ្ទេស A លំដាប់​ពិន្ទុ ៩៩.៩១៩ ឆ្នាំ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ២០១៣ ។

បច្ចុប្បន្ន​យុវជនវ័យ ២៣ឆ្នាំរូបនេះ​ទើប​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ សាកលវិទ្យាល័យ Akdeniz​ ហើយ​នា​​ខែ​សីហា​ខាង​មុខ​នេះ​ លោក​​នឹង​ត្រូវ​ទៅ​ហ្វឹក​ហាត់​ការងារ​រយៈ​ពេល​ ៦​ខែ នៅ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​មួយឯប្រទេស​អេស្ប៉ាញ ក្រោម​គម្រោង​អាហារូបករណ៍ Erasmus Mondus ផង​ដែរ។ មុន​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ទួរគី លោក​ជា​អតីតនិស្សិត​គណិតវិទ្យា​ថ្នាក់​អាហារូបករណ៍​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អតីត​សិស្ស​វិទ្យាល័យ​ទេពប្រណម្យខេត្ត​កណ្ដាល​។

កើត​នៅស្រុក​​ឧដុង្គនៃ​ខេត្ត​កំពង់​ស្ពឺ នេត្ត ជា​កូន​ទី ៤ ក្នុង​ចំណោម​បង​ប្អូន ៥ នាក់ ដែល​មាន​ឪពុក​ជា​ទាហាន និង​ម្ដាយ​ជា​កសិករ។ ​ជា​កូន​កសិករ​មែនពិត តែ​​​នេត្ត​ចូល​ចិត្ត​​ និង​ចង់​រៀន​ភាសា​អង់គ្លេស​ខ្លាំង​ណាស់ ​តែ​ការ​រៀន​ភាសា​អង់គ្លេស​នៅ​ប្រមាណ​ជា​ជាង ១០ ឆ្នាំ​មុនពិតថ្លៃ ​សម្រាប់​ក្មេង​នៅ​តាម​ជនបទ។

លោក​បាន​បែក​គំនិត​សុំ​លុយម្តាយ​ទិញនំ​យកទៅលក់​នៅសាលា ក្រោយ​សង្កេត​ឃើញមិត្តរួមថ្នាក់​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ​ដើម្បីទៅទិញនំចំណីពេលម៉ោងចេញលេង។ កាលនោះលោកសុំម្តាយ​បានត្រឹមតែ ៧៥០០ រៀលប៉ុណ្ណោះ យក​ទៅទិញ​នំកញ្ចប់​ធំយក​មកលក់​ឲ្យមិត្ត​ភក្តិ និង​សិស្សសាលាផ្សេង​នាម៉ោងចេញលេង។​ មិន​ប៉ុន្មាន​អាទិត្យ​ក្រោយ​ពី​នោះ នេត្ត​អាច​សង​ដើម​ទៅ​ម្ដាយ និង​អាច​បង់​លុយ​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួន​ឯង​ទៀត​ផង ។

ចូល​ដល់​ថ្នាក់​វិទ្យាល័យ នេត្ត​​​រឹត​តែ​ខំ​ប្រឹង​ពង្រឹង​ភាសា​អង់គ្លេស​​របស់​ខ្លួន​បន្ថែម ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គ្រូ​របស់​ខ្លួន​ឲ្យ​រៀន​បន្ថែម​ម៉ោង​​ដោយ​ឥត​យក​ប្រាក់ទៀត។ ​ពេល​ទំនេរ​ថ្ងៃ​អាទិត្យ នេត្ត តែង​តែ​សុំ​ការអនុញ្ញាត​ពី​ម្តាយ​ទៅ​លេង​ភ្នំ​ព្រះ​រាជទ្រព្យ ក្នុង​បំណង​ទៅ​ហ្វឹក​ហាត់​និយាយ និង​រៀន​ភាសា​អង់គ្លេស​ពី​ជនបរទេស​ដែល​ទៅ​កំសាន្ត​នៅ​ទី​នោះ។ មាន​សំណួរ​ជាច្រើន​ពី​ជនបរទេស អំពី​ប្រវត្តិ​នៃ​ភ្នំ​ព្រះ​រាជ្យ​ទ្រព្យ តែ​នេត្ត​នៅ​មិន​ទាន់​អាច​ឆ្លើយ​សំណួរ​ប្រវត្តិ​សាស្រ្ត​ជា​ភាសា​អង់គ្លេស​បាន គាត់​បាន​ខិត​ខំ​ស្រាវ​ជ្រាវ និង​បក​ប្រែ​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ពី​ភាសា​ខ្មែរ​ទៅ​ជា​ភាសា​អង់គ្លេស សម្រាប់​រៀបរាប់​ប្រាប់​ជន​បរទេស​បាន​យ៉ាង​រលូន។ ពេល​ខ្លះ​ធ្វើជា​មគ្គុទេសន៍​វ័យ​ក្មេង អាច​ឲ្យនេត្ត​​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ភ្ញៀវ​បរទេស ៣​ទៅ ​៥ដុល្លារ ជា​ចំណូល​បន្ថែម​សម្រាប់​ចំណាយ​លើ​ការ​រៀន​សូត្រ និង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ផង​ដែរ។

ឆាកជីវិត​របស់​នេត្ត​បាន​បើកទំព័រថ្មី ក្រោយ​ទទួលជោគជ័យដ៏លេចធ្លោក្នុងការ​ប្រឡង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សាទុតិយភូមិ​ឆ្នាំ ២០១៣ ជាមួយ​​និទ្ទេស ​A ​ និង​​បាន​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចូល​សិក្សា​ជំនាញ​គណិតវិទ្យា​នៅ​សកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ។ ក្នុង​ឆ្នាំ ២០១៤ លោក​ក៏បានសម្រេច​សុបិន​ធំមួយទៀត គឺការ​ទទួលបានអាហារូបករណ៍​បរិញ្ញាប័ត្រ​នៅទួរគី រយៈពេល​ ៥ឆ្នាំ។

មួយ​ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​នៅ​ទីនោះ ជា​ពេល​វេលា​ដែល​លំបាក​បំផុត ​ដោយសារ​គ្រប់​យ៉ាង​ថ្មីទាំងអស់ ហើយ​មិនស្គាល់អ្នកណាសោះ ណាមួយ​នឹក​ផ្ទះ​ នឹកម្ហូបខ្មែរ​ និង​ពិបាករឿងភាសាទៀតដោយ​សាលា​តម្រូវឲ្យ​​រៀន​ភាសា​ទួគី​ ឲ្យ​​ចេះ​ស្ទាត់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង​ដើម្បី​បាន​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ជាមួយ​សិស្ស​ដទៃ​ដែល​នឹង​ត្រូវ​រៀន​ជា​ភាសា​ទួគី​សុទ្ធ។ បើ​សិន​ជា​មិន​អាច​ប្រឡង​បញ្ចប់​ថ្នាក់​ភាសា​ទួគី​រយៈពេល​មួយ​ឆ្នាំ​ដំបួង​នេះ​ទេ អាហារូបករណ៍​នឹង​ត្រូវ​​ផ្តាច់។ ដោយ​ស្មារតី​ប្រកួត​ប្រជែង​បូក​រួម​នឹង​ការ​ព្យាយាម នេត្ត​អាច​ប្រឡង​ជាប់​នឹង​បាន​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ​បាន​ដោយ​ជោគជ័យ​។

អំឡុង​ពេល​សិក្សា​ក្នុង​មហាវិទ្យាល័យ បន្ថែម​ទៅ​លើ​មុខ​ជំនាញ​គោល គឺ​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade) និស្សិត​​ខ្មែររូប​​​នេះ​បានចាប់ឱកាសរៀន​កម្មវិធី​សិក្សា ​២ជំនាញបន្ថែម​ទៀត គឺ​ ​រដ្ឋបាល​ពាណិជ្ជកម្ម (Business Administration) និង ​ទំនាក់ទំនង​អន្តរជាតិ (International Relations)​។

លោក​ថា​៖ «​ពី​​តូច​​ដល់​​ធំ ដោយ​ស្តាប់​តាម​ពុក​ម៉ែ​ប្រាប់ ខ្ញុំ​ធ្លាប់​គិត​ថា​បើ​ខ្ញុំ​ប្រឡង​បាន​និទ្ទេស​ល្អ គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​ហើយ ជីវិត​ខ្ញុំ​នឹង​ជោគជ័យ តែ​ក្រោយ​ពេល​ខ្ញុំ​ប្រឡង​ចប់​តាម​បំណង ហើយ​ចូល​រៀន​សាកលវិទ្យាល័យ​ទើប​ខ្ញុំ​ដឹង​ថា និទ្ទេស A គ្រាន់​តែ​ជា​ស្ពាន​ដំបូង​ប៉ុណ្ណោះ​ក្នុង​សង្គម​សព្វ​ថ្ងៃ ហើយ​វា​គឺ​ជា​ជោគជ័យ​ក្នុង​វ័យ​រៀន​ដែល​យុវជន​អាយុ ១៨ ឆ្នាំ​គួរ​ធ្វើ​ឲ្យ​បាន​»។

នេត្ត​រៀប​រាប់​បន្ត​ថា អាយុ ១៨ ដល់ ២៥ ឆ្នាំ​ជា​ពេល​វេលា​ដែល​យុវជន​ត្រូវ​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ទាំង​ផ្នែក​ជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​ទន់​ផ្សេង​ៗ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​មុន​នឹង​ចូល​ប្រឡូក​ក្នុង​​សង្គម​ពិត​ប្រាកដ។ ដោយ​ផ្នត់​គំនិត​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នេត្ត​សម្រេច​ចិត្ត​បែង​ចែក​ពេល​វេលា​ភាគ​ច្រើន​របស់​ខ្លួន​ក្នុង​ការ​ដើរ​កំសាន្ត និង​ចូល​រួម​កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​តាមរយៈ​សកលវិទ្យាល័យ និង​អង្គការ​អន្តរជាតិ​នានា។

បី​ឆ្នាំ​ចុង​ក្រោយ​នេះ​នេត្ត​បាន​ធ្វើ​ដំណើរ​នៅ​ប្រទេស​អឺរ៉ុប​ដល់​ទៅ ១២ ប្រទេស​ដោយ​ប្រើ​ថវិកា​សន្សំ​ពី​ប្រាក់​អាហារូបករណ៍​របស់​ខ្លួន​ឯង​តិច​បំផុត​​ បូក​រួម​នឹង​អាហារូបករណ៍​ពី​កម្មវីធី​នានា ក៏​ដូច​ជា​ពី​សប្បុរស​ជន​ជិត​ឆ្ងាយ​ដែល​ធ្លាប់​ស្គាល់​ជឿជាក់​លើ​ការ​តាំង​ចិត្ត និង​ឆន្ទៈ​រៀន​សូត្រ​របស់​លោក​។ នេត្ត​ធ្វើ​ដំណើរ​ជុំវិញ​អឺរ៉ុប និង​ទួគី ដោយកា​រ​សុំ​អាស្រ័យ​រថយន្ត​អ្នក​ដំណើរ​តាម​ផ្លូវ (Hitchhiking) ហើយ​នឹង​សុំ​ស្នាក់​អាស្រ័យ​ដោយ​ឥត​បង់​ប្រាក់​ជាមួយ​គ្រួសារ​ក្នុង​តំបន់​ដែល​គាត់​ទៅ​តាមរយៈ​កម្មវិធី (Couchsurfing)។

ជាមួយ​ស្មារតី​ប្រកួត​ប្រជែង និង​ការ​ស្វះ​ស្វែង​រៀន​សូត្រ​មិន​ចេះ​ចប់ ​ធ្វើ​ឲ្យ​​ក្រៅ​ពី​ភាសា​ខ្មែរ​ដែល​ជា​ភាសា​កំណើត​ហើយ នេត្ត​អាច​ប្រើ​ភាសា​ទួគី និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ រួម​ទាំង​ភាសា​អេស្ប៉ាញ​បាន​ទាំង​សំណេរ ស្ដាប់ និង​និយាយ​បាន​ល្អ ហើយ​​បច្ចុប្បន្ន​លោក​​កំពុងខិត​​ខំ​រៀន​ភាសា​រុស្សីថែម​​ទៀត។ នៅ​វ័យ ២៣ ឆ្នាំ ជា​កូន​កសិករ​ម្នាក់ នេត្ត​អាច​ដើរ​ចេញ​ពី Comfort zone របស់​ខ្លួន​ស្វែង​យល់​ពីពិភពលោក​ដ៏ធំធេង ​​​ជីវិត​​​នៅ​ក្រៅ​ប្រទេស និង​រកឃើញ​​និយមន័យ​ភាព​ជោគជ័យផ្សេងៗ ​ដែល​ខ្លួន​ធ្លាប់​យល់​ខុសកាលពីមុនមក​។

លោក​ក៏​សូម​ចែករំលែក​​ដល់​យុវជន​ជំនាន់​ក្រោយ​ថា៖ «មនុស្ស​​​ម្នាក់ៗ មាន​និយមន័យ​នៃ​ភាព​ជោគជ័យ​រៀង ៗ ខ្លួន ​តែ​ភាព​ជោគជ័យ​សំខាន់​ដែល​យើង​គួរ​ធ្វើ​ឲ្យ​បាន​ គឺ​ភាព​ជោគជ័យ​តាម​វ័យ និង​តួនាទី​របស់​ខ្លួន ដូចជា​ក្នុង​វ័យសិក្សា ជោគជ័យ​របស់​អ្នក គឺ​​រៀន​ឲ្យ​ចេះ មាន​សមត្ថភាព​ប្រឡង​ជាប់​ជា​ស្ថាពរ ។ វ័យ​បំពាក់បំប៉ន​វិជ្ជា​ជីវៈ គឺ​ត្រូវ​រៀន​សូត្រ​អភិវឌ្ឍ​ខ្លួន​ និង​មាន​ទំនួល​ខុស​ត្រូវ​រាល់​កិច្ចការ​ដែល​ខ្លួន​ទទួល​បាន។ ដរាប​ណា​មាន​ការ​តាំង​ចិត្ត មាន​ឆន្ទៈ និង​ការ​ព្យាយាម​ឲ្យ​សម​ល្មម ជោគជ័យ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​យើង​ទេ។ ជោគជ័យ​មិន​មែន​សម្រាប់​តែ​នរណា​ម្នាក់​នោះ​ទេ អ្នក​ណា​ក៏​អាច​ជោគជ័យ​បាន​ដែរ​​​ សំខាន់​តើ​អ្នក​កំណត់​ភាព​ជោគជ័យ​របស់​អ្នក​បែប​ណា៕

អត្ថបទ៖ Sokchea Heng

មតិយោបល់