• 2019-06-23 01:54:41
  • ព័ត៌មាន

មិនត្រឹមតែឆ្ងាញ់ទេ “ភេសជ្ជៈទឹកក្រូចឆ្មារលាយទឹកឃ្មុំ” ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពទៀត

  • 2019-06-23 01:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រូចឆ្មារ ជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ ហើយគេអាចយកវាទៅបន្ថែមរសជាតិនៃអាហារ និងធ្វើជាភេសជ្ជៈ។ ទោះបីភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានទឹកក្រូចឆ្មារ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាប្រសិនបើលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហៗ និងទឹកឃ្មុំ វានឹងក្លាយជាភេសជ្ជៈដ៏ល្អបំផុតមួយជួយរក្សាសុខភាពរាងកាយរឹងមាំប្រសើរ។ ខាងក្រោម គឺជាអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃទឹកក្រូចឆ្មារលាយទឹកឃ្មុំ ៖

១. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ

ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគបាក់តេរីផ្សេងៗដោយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត វីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ។ វីតាមីន C ក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺសសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយផងដែរ។

២. បន្សាបជាតិពុលក្នុងរាងកាយ

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំអាចកម្ចាត់ជាតិពុលចេញពីប្រព័ន្ធរាងកាយបានយ៉ាងប្រសើរ ដោយបង្កើនមុខងារថ្លើម និងបញ្ចុះទឹកនោម។

៣. បង្កើនការរំលាយអាហារ

ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានប្រសិទ្ធភាពបង្កើនការផលិតអាស៊ីតក្រពះ និងទឹកប្រម៉ាត់ដែលជួយសម្រួលដល់ការបំបែករំលាយអាហារ រួមទាំងការស្រូបយកសារធាតុចិញ្ចឹម។ ដូច្នេះអ្នកនឹងជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។

៤. ទប់ស្កាត់ក្រួសក្នុងតម្រងនោម

អាស៊ីតស៊ីទ្រិកដែលមានក្នុងទឹកក្រូចឆ្មារជួយទប់ស្កាត់បញ្ហាគ្រួសក្នុងតម្រងនោមបានយ៉ាងប្រសើរ។ ស៊ីត្រាតដែលជាសមាសធាតុមួយនៃអាស៊ីតស៊ីទ្រិកធ្វើឱ្យទឹកនោមមិនសូវមានជាតិអាស៊ីត និងថែមទាំងអាចបំបែកក្រួសតូចៗក្នុងតម្រងនោមទៀត។ ការទទួលទានភេសជ្ជៈក្រូចទឹកឃ្មុំមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវស៊ីត្រាតគ្រប់គ្រាន់ឡើយ ប៉ុន្តែក៏ផ្ដល់ឱ្យរាងកាយនូវជាតិទឹកស្របតាមតម្រូវការដើម្បីទប់ស្កាត់ ឬកម្ចាត់ចោលនូវក្រួសផងដែរ។

៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

ភាគច្រើននៃពួកយើងកម្រនឹងទទួលទានទឹកបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃណាស់ដែលធ្វើឱ្យជួបប្រទះនូវបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ ហើយអស់កម្លាំង។ ប៉ុន្តែកុំបារម្ភ!ក្រូចឆ្មារទឹកឃ្មុំជាភេសជ្ជៈដ៏ល្អបំផុតមួយប្រឆាំងនឹងកង្វះជាតិទឹកដោយវាជួយបង្កើនជាតិអេឡិចត្រូលីត្រក្នុងរាងកាយផ្ដល់ថាមពលបន្ថែមយ៉ាងឆាប់រហ័ស។

៦. ព្យាបាលបញ្ហាផ្លូវដង្ហើម

ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាកដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺត ដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម៕

ប្រភព ៖ health.com.kh

មតិយោបល់