- 2019-06-26 06:46:32
- ព័ត៌មាន
ជនជាតិជប៉ុន៖ គ្រាន់តែដើររើសសំរាមមានអ្វីត្រូវខ្មាសអៀន
- 2019-06-26 06:46:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិជប៉ុន៖ គ្រាន់តែដើររើសសំរាមមានអ្វីត្រូវខ្មាសអៀន
ចន្លោះមិនឃើញ
លោក អ៊ីណូអ៊ី កូជី (INOUE Koji) ហៅAibikiបានមករស់នៅទីក្រុងភ្នំពេញកាលពីជាងមួយឆ្នាំមុន ហើយលោកបានជ្រើសយកកន្លែងស្នាក់នៅក្នុងសង្កាត់ចោមចៅ២ នៅជាយរាជធានីភ្នំពេញ។
ដោយសារតែឃើញប្រជាពលរដ្ឋមួយចំនួនបោះសំរាមពាសវាលពាសកាលក្នុងសហគមន៍ដែលលោក និងអ្នកទាំងនោះរស់នៅ លោក Aibikiក៏បានសម្រេចចិត្តដើររើសសំរាមទាំងនោះច្រកថង់ឲ្យបានត្រឹមត្រូវ ទុកឲ្យបុគ្គលិកប្រមូលសំរាមងាយយកទៅចោល។
មូលហេតុដែលនាំឲ្យលោកធ្វើដូចនេះគឺដោយសារតែលោកបារម្ភពីសុខភាពរបស់ក្មេងៗរស់នៅក្នុងសហគមន៍នោះ។ លោកថ្លែងប្រាប់Sabay ថាលោកមិនចង់ឃើញក្មេងៗមានជំងឺដោយសារតែមេរោគចេញពីសំរាមនោះទេ។
លោកបន្ថែមថា៖ «ជាដំបូងខ្ញុំបានមកទីនេះ ឃើញក្មេងៗលេងជាមួយសំរាម ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង ហើយបើក្មេងៗលេងជាមួយសំរាម ហើយទៅហូបនំចំណី នោះប្រាកដណាស់ថាមេរោគនឹងឆ្លងចូលក្នុងខ្លួនពួកគាត់ ដូច្នេះហើយបានជាខ្ញុំគិតថាខ្ញុំគួរតែប្រមូលសំរាមដាក់ឲ្យបានស្រួល ដើម្បីមានអនាម័យដើម្បីឲ្យក្មេងទាំងនោះលេងបានស្រួលបន្តិច»។
នៅពេលសួរថាតើលោកមានអារម្មណ៍ខ្មាសអៀនឬទេនៅពេលដើររើសសំរាមបែបនេះនោះ? លោកAibiki បានឆ្លើយទាំងញញឹមថាគ្មានអ្វីត្រូវខ្មាសគេនោះទេ ព្រោះថានេះជារឿងល្អ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាយើងមិនបានធ្វើរឿងអាក្រក់ អ្វីមួយទេ ពេលសំរាមពាសវាលពាសកាល យើងសម្អាតទៅអារម្មណ៍ល្អ អ៊ីចឹងដូចជាគ្មានគំនិតអ្វីត្រូវខ្មាសគេទេ...នេះជារឿងល្អទៅវិញនេះបើតាមទស្សនៈរបស់ខ្ញុំ»។
ថ្វីបើលោកបានដើររើសសំរាមដែលប្រជាពលរដ្ឋខ្មែរមួយចំនួនបោះចោលក៏ពិតមែនតែលោកនៅតែ ឆ្លៀតសរសើរពលរដ្ឋខ្មែរមួយចំនួនផ្សេងទៀតដោយថាបានយល់ដឹងពីការទុកដាក់សំរាម និងបានធ្វើកិច្ចការទាំងនេះរួចទៅហើយ។
លោកមានប្រសាសន៍ថា៖ «បើតាមខ្ញុំគិត ប្រាកដហើយ ប្រជាពលរដ្ឋខ្មែរជាពលរដ្ឋឆ្លាត គ្រាន់តែជួយផ្ដល់យោបល់ពួកគាត់បន្តិចគាត់នឹងចាម់អារម្មណ៍ធ្វើតាម...ឧទាហរណ៍មានកម្មវិធីនាំកូនសិស្ស ដើររើសសំរាមតាមដងផ្លូវ ប៉ូលិសរើសសំរាមតាមដងផ្លូវ ខ្ញុំឃើញតាមហ្វេសប៊ុក អ៊ីចឹងហើយបានខ្ញុំថាខ្មែរអាចធ្វើបាន ហើយកុំបារម្មណ៍អី ពួកគាត់នឹងអាចធ្វើបានទៅថ្ងៃក្រោយ ទាក់ទងនឹងការសម្អាតបរិស្ថាន»។
ជាមួយគ្នានេះដែរលោកបានផ្ដល់ជាអនុសាសន៍ថាការដែលជួយគ្នាអប់រំកុមារ និងបណ្ដុះស្មារតីស្រឡាញ់ទីក្រុងស្អាតនៅតាមសាលារៀនជារឿងល្អមួយ ហើយលោកថាជប៉ុនបានធ្វើដូច្នេះមិនតិចជាង៣០ទេ ទើបប្រទេសជប៉ុនត្រូវគេមើលឃើញថាស្អាតដូចសព្វថ្ងៃ។
គួរបញ្ជាក់ថាលោកអ៊ីណូអ៊ី កូជី ជាសាស្រ្តាចារ្យជនជាតិជប៉ុនមានឯកទេសខាងគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ហើយលោកធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យនៅកម្ពុជាផងដែរ ហើយពេលនេះលោកជាអ្នកឯកទេសបង្រៀនទាក់ទងនឹងការរក្សាអនាម័យនៅតាមក្រុមហ៊ុនផ្សេងៗ៕