• 2019-07-02 04:42:33
  • សេដ្ឋកិច្ច

ស្ថាប័ន៦រួមគ្នាបង្កើតសេដ្ធកិច្ចឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា

  • 2019-07-02 04:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះសមាគមសហគ្រិន វ័យក្មេងកម្ពុជាបានរៀបចំ កម្មវិធីសន្ធិបាតពាក់កណ្តាលឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពី ប្រធាន សមាគម សហគ្រិនវ័យក្មេង កម្ពុជា អនុប្រធាន សមាជិកសមាជិកានិង ដៃគូសហការ អង្គការ នានា ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ ប្រចាំឆមាស ព្រមទាំងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំបន្ទាប់ នៅសណ្ឋាគារ HIMAWARI ភ្នំពេញ ។

ក្នុង ឱកាស នេះផងដែរ ក៏មានការរៀបចំនូវពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ជាដៃគូចំណេះដឹង ស្តីពី ''សេដ្ធកិច្ចឌីជីថល និង វិវឌ្ឍន៍ឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមក្នុងប្រទេសកម្ពុជា'' ‘’DIGITAL ECONOMY AND DIGITAL TRANSFORMATION FOR MSMES IN CAMBODIA’ រវាង ស្ថាប័នចំនួន ៦ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៍មាន (NIPTICT) អង្គការ KONRAD ADENAUER STIFTUNG (KAS) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI), អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN-Cambodia) និង មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម (BIC) ។

នៅក្នុងអនុស្សរណៈនៃការយោគយល់នេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលដៅដូចជា៖

• ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានតាមរយៈ មជ្ឈមណ្ឌល នៃបណ្តុំព័ត៌មាន ស្តីពីអំពី ចំណេះដឹងក្នុង ការបណ្តុះ គំនិតអាជីវកម្ម ការសិក្សាស្រាវជ្រាវ ពី បច្ចេកវិទ្យាសេដ្ឋកិច្ចតាមរយៈបណ្តាញសមាជិកនិងភាពជាដៃគូ។ • ផ្លាស់ប្តូរផ្នែកចំនេះដឹង ការស្រាវជ្រាវ និង ព័ត៌មាន ស្តី អំពីបច្ចេកទេសព្រមទាំង ចំនេះដឹងផ្នែកបច្ចេកវិទ្យា តាមរយៈ កម្មវិធី ផ្លាស់ប្តូរបទពិសោធន៏រវាងស្ថាប័នទាំង៦ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងក្នុង និង ក្រៅប្រទេស។ • ក្រៅពីនេះ ក៏មាន ការពង្រីកវិសាលភាពនៃ ភាពជាដៃគូ ក្នុងការបង្កើត វេទិកា ជាសាធារណៈ ដែល គ្រប់គ្នាអាចទទួលបានព័ត៌មាន នៃបច្ចេកវិទ្យា គ្រប់គ្រាន់និង ទូលំទូលាយ ដើម្បីជាប្រយោជន៍ នៃការពង្រឹងចំនេះដឹងបន្ថែមទៀត។

នៅលើកិច្ចព្រមព្រៀងនេះ សមាគមសហគ្រិនវ័យក្មេង និង ស្ថាប័ន អង្គការ ជាដៃគូរចំណេះដឹងនេះ បានសម្រេច លើសកម្មភាព សំខាន់ៗជាគោល ដូចជា៖

• គាំទ្រ និង ជ្រោមជ្រែង ក្នុងការបង្កើតអោយមានការប្រមូល និង ផ្ទុកទិន្នន័យ ទាំងអស់ទៅក្នុង មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម (Business information Center, BIC) • គាំទ្រ និង បង្កើតអោយមានវគ្គបណ្តុះបណ្តាល ព្រមទាំង កម្មវិធី ដែលផ្សព្វផ្សាយ ចំនេះដឹងទាក់ទង ទៅនឹង ឧស្សាហកម្ម ៤.0 (4IR) • និងការ ចែករំលែក ចំនេះដឹង នៃបច្ចេកវិទ្យា រវាងស្ថាប័នជាដៃគូ ។

ថ្លែងនាពេលនោះ លោក ឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេង បានមានប្រសាសន៍ថា ក្នុងនាមជាលោកជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកមានកិត្តិយស និង ក្តីរីករាយណាស់ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ព្រោះវាជាជំហ៊ានមួយ ស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់សមាគម ក្នុងការជួយលើកកម្ពស់សហគ្រិន វ័យក្មេង ក៏ដូចជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា អោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដើម្បីជាជំនួយដល់ការធ្វើអាជីវកម្មរបស់ពួកគេ ក៏ដូចជាសេដ្ធកិច្ចជាតិទាំងមូលផងដែរ។

អត្ថបទ៖ Khun Pisith

មតិយោបល់