• 2019-07-19 01:51:23
  • ព័ត៌មាន

កម្ពស់ទឹក​ទន្លេ​មេគង្គរដូវវស្សា​​ឆ្នាំនេះ​ទាបជាង​កំណត់ត្រា​កាលពី​ឆ្នាំ១៩៩២​

  • 2019-07-19 01:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មកាទន្លេ​មេគង្គ​ឲ្យ​ដឹងថា​កម្ពស់ទឹក​ទន្លេ​មេគង្គ​ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ​មាន​កម្រិត​ទាប​ ពោល​គឺ​ទាប​ជាងកំណត់​ត្រាដែល​មាន​កាលពី​ឆ្នាំ១៩៩២​ទៅ​ទៀត។​

ក្នុង​សេចក្ដី​ប្រ​កាសព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ឲ្យ​ដឹងថា​កម្ពស់ទឹក​ចន្លោះ​ខែ​មិថុនា ដល់​កក្កដា គឺទាបជាង​អ្វី​ដែល​បានកត់ត្រាកាលពី​ឆ្នាំ១៩៩២ តែ​រំពឹង​ថា​ស្ថាន​ភាព​នេះនឹង​បញ្ចប់ទៅ​វិញ​នៅ​ដំណាច់​ខែ​កក្កដា។

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថាស្ថាន​ភាព​ទឹក​នៅ​ស្ថានីយឈាងសែន​មាន​កម្ពស់​ត្រឹម​២,១០​ម៉ែត្រ ទាបជាង​កម្ពស់​មធ្យម៣,០២ម៉ែត្រដែល​វាស់​​តាំង​ពី​ឆ្នាំ១៩៦១ ដល់​២០១៨។

សម្រាប់​នៅ​វៀងច័ន្ទវិញ​កម្ពស់​ទឹក​មាន​ត្រឹម​០,៧​ម៉ែត្រ ឬ​៥,៥៤​ម៉ែត្រ​ទាប​ជាង​កម្ពស់​ទឹក​ជា​មធ្យម​។ សម្រាប់​នៅ​ខេត្ត​ក្រ​ចេះ​ប្រ​ទេស​កម្ពុជា​វិញ​កម្ពស់ទឹក​គឺ​៩,៣១ម៉ែត្រ ទាប​ជាង​កម្រិត​មធ្យម​របស់​ខ្លួន​៥,៤០​ម៉ែត្រ។

ដោយ​ឡែក​នៅ​ថ្ងៃនេះ​ក្រ​សួង​ធន​ធាន​ទឹក​កម្ពុជា​ឲ្យ​ដឹងដែរថា​កម្ពស់ទឹកទន្លេមេគង្គ​នៅ​ខេត្ត​ក្រ​ចេះ​មាន​កម្ពស់​ត្រឹម​៩,២៧​ម៉ែត្រ ខណៈ​នៅ​អ្នក​លឿង​មាន​កម្ពស់​ត្រឹម​​១,៥២​ម៉ែត្រ ហើយ​ទន្លបាសាក់ ចតុមុខវិញ​មាន​កម្ពស់​ត្រឹម​២,៣៦ម៉ែត្រ ទាបជាង​ម្សិល​មិញ​០,០​២​ម៉ែត្រ។

សម្រាប់​មូល​ហេតុ​ដែលនាំឲ្យ​កម្ពស់ទឹកទន្លេមេគង្គ​ទាប​នេះ គណៈកម្មការ​ទន្លេ​មេ​គង្គ​ឲ្យ​ដឹងថា​មកពី​បរិមាណទឹក​ភ្លៀងធ្លាក់​មិន​គ្រប់​គ្រាន់ ពោល​គឺ​បាន​ត្រឹម​៦៧​ភាគ​រយ​នៃ​ចំនួន​ទឹក​ភ្លៀង​ធ្លាក់​ជា​មធ្យម​ប្រ​ចាំខែ​មិថុនា ឆ្នាំ២០០៦ ដល់​ឆ្នាំ២០១៨។

កម្ពស់ទឹក​ទាប​នេះ​ក៏អាច​មកពី​ចំនួន​ទឹក​ហូរធ្លាក់ពី​ខាង​លើ​មក​ដែរ ដោយ​ចាប់ពី​ថ្ងៃទី​៥​ដល់​ទី​១៩ ខែ​កក្កដា ឆ្នាំ២០១៩ បរិមាណទឹក​ហូរចេញពី​ទំនប់​Jinghong ក្នុង​ខេត្ត​Yunnan ប្រ​ទេស​ចិន​ប្រែ​ប្រួលពី​បរិមាណ​១ ០៥០-១២៥០​ម៉ែត្រគួប​ក្នុង​មួយ​វិនាទី មក​ត្រឹម​៥០៤-៦០០ម៉ែត្រគួប​ក្នុង​មួយ​វិនាទី​វិញ ដោយ​ហេតុ​ផល​ភាគីចិន​ជួស​ជុល​ថែទាំ​បង្គោល​ភ្លើង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់