• 2019-07-23 09:03:08
  • ព័ត៌មាន

ការប្រកួតឆុងកាហ្វេថ្នាក់ជាតិមកដល់ទៀតហើយ! ចាំមើល អ្នកណាលើកពាន?

  • 2019-07-23 09:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​អស់​រយះ​ពេល​ ៨ ឆ្នាំ​ តាំង​ពី​ឆ្នាំ ២០១០ មក​នោះ​ ពេល​នេះ​វិទ្យាស្ថាន​ ខូ​ហ្វី កំពុង​រៀប​ចំ​ដំណើរ​ការ​នៃ​កម្មវិធី​ប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០១៩ ម្ដង​ទៀត​ហើយ​។

​ស្ថិត​នៅ​ក្រោម​កិច្ច​សហការ​ពី​ក្រសួង​ទេសចរណ៍​ និង​សហ​ព័ន្ធ​ទេសចរណ៍​ កម្មវិធី​មួយ​នេះ​ចែក​ចេញ​ជា​ ៥ ដំណាក់​កាល​ ដែល​មាន​ដូច​ជា​ សិក្ខា​សិលា​ណែ​នាំ​អំពី​ការ​ប្រកួត​ វគ្គ​អនុវត្ត​ត្រៀម​ប្រលង​ជម្រុះ​បឋម​ វគ្គ​ជម្រុះ​បឋម​ វគ្គ​ជម្រុះ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ និង​វគ្គ​ផ្ដាច់​ព្រាត់​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២០ និង​២១ នៅ​ផ្សារ​ទំនើប​ អ៊ី​អន ១ ជាន់​ផ្ទាល់​ដី​។

​ថ្លែង​ក្នុង​សន្និសិត​សារព័ត៌មាន​ លោក​ មាន វណ្ណ​ដេត ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ក្រសួង​ទេសចរណ៍​ចូល​រួម​សហការ​រៀប​ចំ​កម្មវិធី​នេះ​ គឺ​ដោយ​សារ​តែ​កាហ្វេ​ គឺ​ផ្នែក​មួយ​ក្នុង​វិស័យ​អាហារ​ និង​ភេសជ្ជៈ​ ហើយ​ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន​តែង​តែ​ពិសា​កាហ្វេ​នៅ​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​ ដូច្នេះ​ហើយ​បើ​ជំនាញ​ឆុង​កាហ្វេ​នៅ​កម្ពុជា​រីក​ចម្រើន​​ នោះ​ភ្ញៀវ​ទេសចរណ៍​ក៏​រីករាយ​នឹង​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​ដែរ​។

លោក​ មាន វណ្ណ​ដេត

​ចំណែក​ឯ​ប្រធាន​ វិទ្យាស្ថាន ខូ​ហ្វី លោក ចុង ហុក​ស៊ុន ក៏​បាន​បញ្ជាក់​ដែរ​ថា​ គោល​បំណង​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​មាន​ ៤ សំខាន់ៗ​គឺ​ ការ​ចែក​រំលែក​ព័ត៌មាន​ និង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​កាហ្វេ​ បង្កើត​ការ​យល់​ដឹង និង​លើក​កម្ពស់​ឧស្សាហកម្ម​កាហ្វេ​ ធ្វើ​បទ​បង្ហាញ​ពី​ឧស្សាហកម្ម​កាហ្វេ​នៅ​វេទិកា​ជាតិ និង​អន្តរជាតិ​ និង​លើក​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ​ ក៏​ដូច​ជា​លើក​កម្ពស់​ជំនាញ​ឆុង​កាហ្វេ​នៅ​ទូទាំង​ប្រទេស​។

លោក ចុង ហុក​ស៊ុន

​កម្មវិធី​ប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​នេះ នឹង​ស្វែង​រក​អ្នកឈ្នះ​ចំនួន ៣ នាក់ ដោយ​ជ័យ​លាភី​លេខ ១ ទទួល​បាន​ម៉ាស៊ីន​ឆុង​កាហ្វេ វិញ្ញាបនបត្រ​ពី​ក្រសួង​ទេសចរណ៍​ ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មធ្យម​ និង​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ រីឯ​ជ័យ​លាភី​លេខ​ ២ និង​លេខ​ ៣ ទទួល​បាន ម៉ាស៊ីន​ឆុង​កាហ្វេ (​លេខ ២ និង​លេខ​៣ ទំហំ​ខុសគ្នា​) វិញ្ញាបនបត្រ​ពី​ក្រសួង​ទេសចរណ៍ ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មធ្យម​។

មក​ដល់​ពេល​នេះ​ បេក្ខភាព​ចំនួន​ ៣០ នាក់​ បាន​ឆ្លង​កាត់​វគ្គ​សិក្ខាសាលា​ណែ​នាំ​អំពី​ការ​ប្រកួត​ និង​វគ្គ​ត្រៀម​ប្រលង​ជម្រុះ​បឋម​រួច​មក​ហើយ​៕ ​ ​ ​ ​ ​ ​

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់