• 2019-07-30 03:02:21
  • សេដ្ឋកិច្ច

ទ្រព្យសកម្មធនាគារកើនឡើង ១៩,២ភាគរយ

  • 2019-07-30 03:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន ១៨០ ទ្រីលានរៀល បានកើនឡើង ១៩,២ភាគរយ (ឆ្នាំលើឆ្នាំ) ស្មើនឹង ១៦៦ ភាគរយ នៃផ.ស.ស ។ នេះជាការ​ថ្លែង​ដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា នៅក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិស ដៅការងារឆមាសទី២ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៧ កក្កដា ២០១៩ នៅសាលប្រជុំធនាគារជាតិ នៃកម្ពុជា។

លោកបានលើកឡើងទៀតថា វិស័យធនាគារនិងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញ កំណើនសេដ្ឋកិច្ច។

លោក ជា ចាន់តូ មានប្រសាសន៍ថា ឥណទានមានចំនួន ១១២ ទ្រីលានរៀល បានកើនឡើង ១០៣ ភាគ រយ និងប្រាក់បញ្ញើ មានចំនួន ១០០ ទ្រីលានរៀល បានកើនឡើង ៩២ ភាគរយនៃផ.ស.ស។ គុណភាពសំពៀតឥណទានបន្តស្ថិតក្នុង ស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត ២,៣ភាគរយ សម្រាប់ គ្រឹះស្ថានធនាគារ និង ១,១ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកបន្តថា ដើម្បីរក្សា ស្ថិរភាពហិរញ្ញវត្ថុឱ្យបានរឹងមាំ ធនាគារជាតិនៃកម្ពុជាបានបន្តពង្រឹងការ ត្រួត ពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត ការដាក់ចេញនូវវិធានការម៉ាក្រូនិង មីក្រូប្រុងប្រយ័ត្ន កិច្ចការពារអតិថិជន និងការយល់ដឹងផ្នែក ហិរញ្ញវត្ថុរបស់ សាធារ ណជន។ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហេដ្ឋារចនា សម្ព័ន្ធហិរញ្ញវត្ថុ ក៏ត្រូវបានអភិវឌ្ឍន៍ជាលំដាប់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការ ធ្វើទំនើប កម្មប្រព័ន្ធទូទាត់ សំដៅលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយថ្លៃប្រតិបត្តិការ។ ប្រព័ន្ធសេវាទូទាត់រហ័ស (FAST System) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ និងប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ត្រូវបានអភិវឌ្ឍន៍ ដើម្បីអាចដាក់ឱ្យ ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបង្ហាញថា នៅឆមាសទី១នេះ កំណើន សេដ្ឋកិច្ចមាន ការកើនឡើងជាមួយ វិស័យកាត់ដេរ សំណង់ និងទេសចរណ៍ រួមផ្សំជា មួយវិស័យកសិកម្ម ដែលមានសន្ទុះល្បឿនបន្តិចប៉ុណ្ណោះ។ ជញ្ជីងទូទាត់ត្រូវបានប៉ាន់ ស្មានថាមានស្ថានភាពល្អប្រសើរនិងបន្តមានអតិរេក ៥,៥% នៃផ.ស.ស. (៧៤១ លានដុល្លារអាម៉េរិក) ដែលគាំទ្រដោយភាពរឹងមាំនៃលំហូរចូលសុទ្ធគណនីហិរញ្ញវត្ថុ ទោះបីជាឱនភាពគណនីចរន្តកើនឡើងក៏ដោយ។ អតិរេកនេះ នឹងបន្តរួមចំណែក បង្កើន ទុនបម្រុងអន្តរជាតិដុល ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់ គ្រាបន្ទាប់បានប្រមាណប្រាំខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួនបីខែ ដែលប្រទេស កំពុងអភិវឌ្ឍន៍គួរមាន។

ប្រភពបង្ហាញថា អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប និងបានថយចុះមកត្រឹម ២ភាគរយ ដោយសារការអនុវត្តគោលនយោបាយ រូបិយវត្ថុប្រកបដោយភាពប្រុង ប្រយ័ត្ន តាមរយៈការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ (ក្នុងរង្វង់ ៤.០៣៨រៀលក្នុងមួយដុល្លារ អាមេរិក) និងការផ្គត់ផ្គង់រូបិយវត្ថុស្របតាមកំណើនសកម្មភាពសេដ្ឋកិច្ច។ រូបិយវត្ថុទូ ទៅ (M2) មានកំណើន ២១,៣ភាគរយ ប្រហាក់ប្រហែលនឹងអត្រាកំណើន ឆមាសទី១ ឆ្នាំមុន។ ប្រព័ន្ធធនាគារបន្តមានកម្រិតសន្ទនីយភាពខ្ពស់ ដោយសន្ទនីយភាព លើស ជាដុល្លារអាមេរិកមានកម្រិត ៥៥ភាគរតនិងប្រាក់រៀលប្រមាណ ៣,៩ ដងនៃប្រាក់ បម្រុងកាតព្វកិច្ច។ កម្រិតសន្ទនីយភាពខ្ពស់បានពង្រឹង ភាពធន់នៃប្រព័ន្ធធនាគារ ដើម្បីទប់ទល់នឹងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ៕

ប្រភព៖ Khmer Daily ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់