- 2019-07-30 09:50:38
- ព័ត៌មាន
អ្នកធ្វើនំដូណាត់ជនជាតិខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ល្បីដល់ថ្នាក់អតីតប្រធានាធិបតី W.Bush ឲ្យមេដាយ
- 2019-07-30 09:50:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើនំដូណាត់ជនជាតិខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ល្បីដល់ថ្នាក់អតីតប្រធានាធិបតី W.Bush ឲ្យមេដាយ
ចន្លោះមិនឃើញ
អ្នកជំនាញធ្វើនំដូណាត់ជនជាតិខ្មែរម្នាក់ គឺលោក ទិត្យ ង៉ូយ ត្រូវបានផលិតករអាមេរិកមួយក្រុម បានសុំសិទ្ធិថតជាវីដេអូឯកសារប្រវត្តិស្ដីពីភាពជោគជ័យរបស់លោកក្នុងដំណើរជីវិតយូរអង្វែងលើការផលិតនំដូណាត់នៅសហរដ្ឋដែលសូម្បីអតីតប្រធានាធិបតីអាមេរិក ក៏រំភើបចិត្ត។
ខ្សែភាពយន្តឯកសារប្រវត្តិនេះ ត្រូវបានគេដាក់ចំណងជើងថា “The Donut King Ted Ngoy“ ដែលត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃម្សិលមិញនេះ។ មិនមានការបញ្ជាក់លម្អិតថា សាច់រឿងយ៉ាងណាខ្លះនោះទេ ប៉ុន្តែគេដឹងត្រឹមថា គឺនិយាយពីការតស៊ូរបស់តួអង្គលោក ទិត្យ ង៉ូយ ដែលជាជនជាតិខ្មែរ ធ្វើនំដូណាត់នៅសហរដ្ឋអាមេរិក រហូតមានឈ្មោះបោះសំឡេងខ្លាំងនៅលើទឹកដីលោក ដូណាល់ ត្រាំ នេះ។
ហើយបើតាមគម្រោង សាច់រឿងខាងលើ គ្រោងនឹងបញ្ចប់ការថត និងដាក់បញ្ចាំងនៅរយៈពេលមិនយូរខាងមុខ ក្រោយពេលដែលឈុតខ្លះនៃរឿង បានថតរួចរាល់នៅសហរដ្ឋអាមេរិកហើយ។ ដោយឡែកឈុតខ្លះទៀត គ្រោងមកថតបញ្ចប់នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធ និងដឹកនាំរឿង ព្រមជាអ្នកសម្របសម្របឲ្យលោក ទិត្យ ង៉ូយ ថ្លែងថា "នៅអាមេរិកនិយាយពីការតស៊ូធ្វើនំដូណាត់នោះ គឺថតចប់ហើយ ហើយមកថតនៅយើងនេះ គឺនិយាយពីខ្សែជីវិតគាត់នៅទីនេះ កាលពីតូច មុនទៅអាមេរិកអីហ្នឹង វាយ៉ាងម៉េចៗខ្លះ!”។
និយាយពីលោក ទិត្យ ង៉ូយ លោកត្រូវបាននិរទេសទៅរស់នៅសហរដ្ឋអាមេរិក នៅអំឡុងឆ្នាំ ១៩៧៥ ក្នុងពេលលោកមានមានវ័យប្រមាណជា ៣០ឆ្នាំ ។ ទៅដល់ទឹកដីគេ លោកក៏បានធ្វើការឲ្យគេក្នុងហាងនំដូណាត់។ ៣ខែក្រោយមក ដោយមើលឃើញពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពការងារ បុរសជនជាតិខ្មែររូបនេះ ក៏ទទួលបានការទុកចិត្តពីថៅកែ ដោយប្រគល់តំណែងជាអ្នកគ្រប់គ្រងហាងដែលសូម្បីតែសាមីខ្លួន ក៏មិននឹកស្មាន។
លោក ទិត្យ ង៉ូយ បានដឹកនាំហាងនំដូណាត់របស់ថៅកែបានជោគជ័យបន្តបន្ទាប់ ស្របពេលលោកក៏ជោគជ័យដូចគ្នាដែរ។ បុរសវ័យជាង ៧០ឆ្នាំ ប្រាប់ថា ជាមួយនឹងការធ្វើការឲ្យគេ លោកបានសន្សំលុយខ្លះ រហូតគ្រប់ទិញបានហាងដូណាត់មួយមកជារបស់ផ្ទាល់ខ្លួន និងបានឈប់ធ្វើការឲ្យគេមកធ្វើជាថៅកែខ្លួនឯងវិញ។ ដោយមានបទពិសោធន៍ជោគជាំ និងច្បាស់លាស់លើកិច្ចការងារនេះស្រាប់ ប៉ុន្មានឆ្នាំក្រោយមក លោកក៍អាចពង្រីកសាខាបានជាច្រើន។
មកទល់បច្ចុប្បន្ន តាមលោក ទិត្យ ង៉ូយ លោកពង្រីកសាខាកើនដល់ ៦៧ទីតាំងហើយ និងបានទទួលឲ្យជនជាតិខ្មែរនៅស្រុកគេឲ្យធ្វើការបានរាប់រយនាក់ រហូតពួកគេអាចក្លាយជាថៅកែដូចលោកដែរជាបន្តបន្ទាប់។ លោកថា គិតមកដល់ពេលនេះ ហាងនំដូណាត់នៅសហរដ្ឋអាមេរិកប្រមាណ ៧០-៨០% គឺមានថៅកែជាជនជាតិខ្មែរ។
សមិទ្ធផលអស្ចារ្យទាំងនេះ តាមលោក ហ៊ុយ យ៉ាឡេង សូម្បីអតីតប្រធានាធិបតីអាមេរិកលោក George W. Bush ក៏បានប្រគល់មេដាយជូនដល់បុរសជនជាតិខ្មែររូបនេះដែរ ព្រមឲ្យឈ្មោះលោកទៀតថា "American Donat King”។ ក្រោយមក ជីវិតតស៊ូរបស់លោក ង៉ូយ ជាមួយនំដូណាត់ ត្រូវបានគេយកមកចងក្រងជាប្រលោមលោក មានចំណងជើងថា "The Donut King Ted Ngoy” ដែលមានទាំងជាភាសាអង់គ្លេស និងភាសាខ្មែរ ហើយប្រលោមលោកនេះ ក៏ទទួលបានការចាប់អារម្មណ៍ រហូតផលិតករអាមេរិកមួយក្រុម បានមកសុំសិទ្ធិផលិតជាភាពយន្តនាពេលនេះទៀត។
ភាពយន្តឯកសារប្រវត្តិរបស់ខាងលើស្ដេចនំដូណាត់ជនជាតិខ្មែរខាងលើ ត្រូវបានចងក្រងជាភាពយន្តខ្នាតធំជាមួយការចំណាយដែលបានគ្រោងពី ៥០ម៉ឺនដុល្លារទៅដល់ ១លានដុល្លារអាមេរិកឯណោះ។ ក្រោយពីថតចប់ សាច់រឿងនឹងត្រូវយកទៅដាក់បញ្ចាំងនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ យ៉ាងណា ខ្សែរឿង នឹងត្រូវយកមកដាក់បញ្ចាំងនៅក្នុងស្រុកឬអត់លោក ទិត្យ ង៉ូយ ប្រាប់ថា មិនទាន់ច្បាស់នោះទេ៕