- 2019-07-31 06:51:20
- ព័ត៌មាន
៥ ស្នៀតរបស់អ្នកលក់ខោអាវ ត្រជាក់ដូចទឹកអម្រឹត តែចំណេញកប់ក្ដោង
- 2019-07-31 06:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ស្នៀតរបស់អ្នកលក់ខោអាវ ត្រជាក់ដូចទឹកអម្រឹត តែចំណេញកប់ក្ដោង
ចន្លោះមិនឃើញ
សំលៀកបំពាក់ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ហើយការដើរផ្សារក៏ជារឿងពេញនិយមមិនថាមនុស្សវ័យណានោះទេ។ ចំណែកស្នៀតរបស់អ្នកលក់សំលៀកបំពាក់វិញ មានច្រើនសម្បូរបែប បើសិនអ្នកទិញគិតមិនដល់ទេ អ្នកលក់អាចចំណេញកប់ក្ដោង យ៉ាងត្រជាក់ដូចទឹកអម្រឹត។ ខាងក្រោមនេះជាស្នៀតទាំង ៥របស់អ្នកលក់ ហើយអ្នកទិញគួរតែដឹង៖
១.ពោលសរសើរលើសពីការពិត
យុវតីវ័យក្មេង អេនដា ជាកំពូលជើងខ្លាំងដើរផ្សារមួយរូបលើកឡើងថា ក្បាច់មួយរបស់អ្នកលក់ខោអាវ គួរឱ្យកត់សម្គាល់នោះ គឺលើកសរសើរពីរូបរាងអ្នកទិញហួសពីការពិតចូលលក្ខណៈបញ្ជរតែម្ដង។ អេនដា និយាយថា៖ "អ្នកលក់ខ្លះពូកែណាស់បង សរសើរថារូបរាងអូនឯងស្អាតចឹង ស្លៀកមួយឈុតហ្នឹងដឹងតែសមហើយ រាងប៉ិនៗអូន ស្លៀកចឹងសមណាស់ បងមិនមែនចេះតែនិយាយទេ។" ដូច្នេះអ្នកចូលចិត្តឱ្យគេសរសើររឿងអីមិនទិញ ហើយមិនសូវហ៊ានតថ្លៃទៀត បែបនេះហើយទើបអ្នកលក់អាចចំណេញកប់ក្ដោង។
២. និយាយថាតម្លៃលក់ពិសេសខុសពីគេ
យុវតីខាងលើលើកឡើងមួយចំណុចទៀតថា ក្បាច់របស់អ្នកលក់ដ៏មានប្រសិទ្ធភាពមួយទៀតនោះ គឺ តែងនិយាយថា តម្លៃនេះមិនធ្លាប់លក់ពីមុនទេ លើកនេះជាតែលក់យកហេងៗទៅ។ អេនដានិយាយថា៖ តាមពិតឈុតហ្នឹងពីមុនបងលក់បាន ២០ដុល្លារឯណោះ ឥឡូវលក់ឱ្យអូនតែ ១០ដុល្លារទេ តែកុំមាត់ប្រាប់គេណា ព្រោះនេះតម្លៃពិសេសហើយអូន ខ្លាចម៉ូយបងខឹង។ អ្នកទិញកាលឭបែបនេះត្រេកអរណាស់ប្រញាប់ដកលុយទិញទាំងអារម្មណ៍ក្ដុកក្ដួល។ ចំណែកអ្នកលក់វិញបែរជាធ្វើមុខជូរលាក់អារម្មណ៍ពិត។
៣. តែងនិយាយថាម៉ូយទោះទៅទិញលើកទី១
ដោយឡែកកញ្ញា សុធារី ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ ចូលចិត្តដើរផ្សារដែរនោះ បានប្រាប់ថា ស្នៀតមួយរបស់អ្នកលក់អន្ទងចិត្តអ្នកទិញនោះ គឺតែងនិយាយថាអ្នកទិញម៉ូយគ្រប់គ្នាទោះទើបតែទៅលើកទី១ក៏ដោយ។ ចំណែកអ្នកទិញវិញកាលបើបានអ្នកលក់ថា ខ្លួនជាម៉ូយហើយស្រាប់តែទន់ចិត្តចូលចិត្តអ្នកទិញ ព្រោះមានអារម្មណ៍ថាស្និទ្ធស្នាល។ សុធារីនិយាយថា៖ "ក្បាច់នេះអាចឱ្យអ្នកទិញមានអារម្មណ៍ថា ដោយសារយើងជាម៉ូយរបស់គាត់ ទើបគាត់លក់តម្លៃនេះឱ្យយើង តាមពិតគ្មានទៅម៉ូយអីទេ ហើយចំណេញឡើងកប់។"
៤. ធានាអះអាងថាខោអាវមកពីនាយទើបមកដល់
សុធារីដដែលបន្ថែមមួយចំណុចទៀតថា វិធីសាស្ត្រនេះអ្នកលក់តែងប្រើដដែលៗ តែអ្នកទិញនៅតែជឿជាក់។ ធារី ប្រាប់ថា អ្នកលក់តែងនិយាយបែបនេះ ដើម្បីឱ្យអ្នកទិញជឿជាក់ថា ខ្លួនបានស្លៀកពាក់មុនគេម៉ូតថ្មី ហើយអ្នកលក់តែងនិយាយថា៖ "ម៉ូតនឹងណាមានតែអូនហើយស្លៀកមុនគេ បងធានា ទើបមកពីនាយ សាច់ក្រណាត់ល្អណាស់ សមនឹងអូនតែម្ដង។" ដូច្នេះហើយអ្នកទិញវិភាគមិនបានស៊ីជម្រៅ បាក់ចិត្តទិញទាំងគ្មានគិតវែងឆ្ងាយនោះទេ។
៥. ត្អូញត្អែរបែបកម្សត់រហូតអ្នកទិញទន់ចិត្ត
មកជួបកញ្ញា សុខណាវិញ បានប្រាប់ដែរថា វិធីសាស្រ្តចុងក្រោយរបស់អ្នកលក់គឺ ពោលពាក្យកម្សត់ៗ ស្ទើរស្រក់ទឹកភ្នែក រហូតអ្នកទិញទប់ចិត្តមិនបានជួយទិញតែម្ដងទោះមិនសូវពេញចិត្ត តែទិញដោយក្ដីអាណិត។ សុខណា ប្រាប់ថា ពាក្យកម្សត់ៗទាំងនោះ មានដូចជា៖ "ថ្ងៃនេះស្ងាត់ណាស់អូនអើយជួយយកបងមួយទៅ ហឹមម..មិនចំណេញទេលក់ទាំងខាត តែណ្ហើយចុះចេះតែលក់ទៅ តូបឥឡូវឡើងថ្លៃណាស់អូនអើយ មិនសូវចំណេញទេ....”៕