- 2019-08-09 01:29:38
- ព័ត៌មាន
ក្រសួងឧតុនិយម៖ ទឹកជំនន់នៅខេត្តព្រះសីហនុ អាចនៅមានបន្ត ខណៈរលកសមុទ្រអាចមានកម្ពស់ ២ម៉ែត្រ
- 2019-08-09 01:29:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងឧតុនិយម៖ ទឹកជំនន់នៅខេត្តព្រះសីហនុ អាចនៅមានបន្ត ខណៈរលកសមុទ្រអាចមានកម្ពស់ ២ម៉ែត្រ
ចន្លោះមិនឃើញ
ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភាគខាងកើតជាប់ព្រំប្រទល់ប្រទេសវៀតណាម អាចនៅមានបន្ត ខណៈលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រអាចមានកម្ពស់ ១ ទៅ ២ម៉ែត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា ឆ្នាំ២០១៩។
ក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ព្យុះ ៣ ស្ថិតក្នុងកន្សោមតែមួយ តែបច្ចុប្បន្ន ព្យុះទី៨ បានរលាយខ្លួនរួចទៅហើយ ដោយនៅសល់តែ២ ដែលឥទ្ធិពល បាននឹងកំពុងស្រូបទាញ ធ្វើឱ្យប្រព័ន្ធសម្ពាធទាបឡើងទៅលើកាត់ភាគខាងជើងឡាវ និងវៀតណាម។ ខ្យល់មូសុងនីរតីនៅបន្តមានឥទ្ធិពលខ្លាំងមកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឱ្យ៖
១. បណ្តាខេត្តនៅតំបន់មាត់សមុទ្រជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។
២. ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
៣. ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិច ទៅបង្គួរ។
៤. ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិចទៅមធ្យម៕