- 2019-08-09 04:53:54
- ព័ត៌មាន
ខេត្តព្រះសីហនុលិចទឹក តែខេត្ត៣ផ្សេងទៀតបែរជាខ្វះទឹក
- 2019-08-09 04:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តព្រះសីហនុលិចទឹក តែខេត្ត៣ផ្សេងទៀតបែរជាខ្វះទឹក
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឱ្យដឹងថា មានតំបន់មួយចំនួន បាននឹងកំពុងបន្តជួបនូវកង្វះខាតទឹកនៅឡើយ ដូចជានៅភាគពាយព្យប្រទេស មានដូចជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។ តែក៏នៅមានខេត្តមួយចំនួនទៀត ភ្លៀងបានបន្តធ្លាក់ខ្លាំងយ៉ាងគំហុក ដូចជា៖
-ខេត្តព្រះសីហនុ៖ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នាក្នុងកម្រិតខ្លាំងមានបរិមាណជាងរយមីលីម៉ែត្រជាប់ៗគ្នា ស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១ ខែសីហាមកម្ល៉េះ។ គិតមកទល់ថ្ងៃនេះ បរិមាណភ្លៀងសរុបមានរហូតដល់ ៨១៤ មីលីម៉ែត្រ និងបន្តធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះជាហេតុបណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកើតមានឡើង។ ទន្ទឹមនឹងស្ថានភាពនេះ ក្រសួងធនធានទឹក ក៏បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ រួមសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីជួយអន្តរាគមន៍រំដោះទឹកផងដែរ។
-ខេត្តរតនគិរី តាមរយៈនៃទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ ៦០ភាគរយ ស្ថិតក្នុងទឹកដីនៃប្រទេសវៀតណាម ធ្វើឱ្យទឹកទន្លេស្រែកពកឡើងយ៉ាងគំហុក បណ្តាលឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកកូនមុំ និងស្រុកលំផាត់។
ក្រសួងបញ្ជាក់ថា ការលិចលង់ដែលបាននឹងកំពុងកើតមានមកនេះ គឺបណ្តាលមកពីបាតុភូតធម្មជាតិ។ ចំពោះស្ថានភាពបែបនេះ មិនមែនមានតែកម្ពុជានោះទេ សូម្បីតែបណ្តាប្រទេសដែលហៅថា ជឿនលឿន និងអភិវឌ្ឍន៍ក៏មិនអាចជៀសរួចផងដែរ៕