- 2019-08-09 14:19:40
- ព័ត៌មាន
ក្រសួងដែនដី បង្ហាញលទ្ធផលត្រួតពិនិត្យអគារកម្ពស់ ៩ជាន់ ដែលប្រេះ និងស្រុតនៅខេត្តព្រះសីហនុ
- 2019-08-09 14:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដែនដី បង្ហាញលទ្ធផលត្រួតពិនិត្យអគារកម្ពស់ ៩ជាន់ ដែលប្រេះ និងស្រុតនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពពាក់ព័ន្ធ នាថ្ងៃទី៩ ខែសីហានេះ បានចុះត្រួតពិនិត្យសំណង់អគារ ពហុមុខងារ កម្ពស់ ៩ជាន់ មានទីតាំងនៅទល់មុខរង្វង់មូលតោ២ វិថី ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពោលគឺក្រោយពីបានដឹងថាសំណង់អគារនោះ បានប្រេះ និងស្រុត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា បន្ទាប់ពីបានត្រួតពិនិត្យបច្ចេកទេសរួចមក ក្រុមការងារបានរកឃើញដូចខាងក្រោម៖
សំណង់ គ្មានលិខិតអនុញ្ញាតិសាងសង់ និងគ្មានលិខិតអនុញ្ញាតិបើកការដ្ឋាននោះទេ
សំណង់សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្រ្ដាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក
កាលពីថ្ងៃទី៨ ខែសីហា អគារបានស្រុតពី ៤០មីលីម៉ែត្រ ទៅ ៨០មីលីម៉ែត្រ
នៅថ្ងៃទី៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារ មានការស្រុតរហូតដល់ទៅ ៩មីលីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតចុះរហូតដល់ ២៨មីលីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។
ជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះតទៅទៀត
អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យឃើញហានិភ័យដូចខាងលើ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការ៖
ផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឲ្យមនុស្សចេញពីអគារទាំងអស់
តម្រូវឲ្យរុះរើសំណង់នេះចេញ ព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់ទេ
ប្រជាពលរដ្ឋដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់៕