• 2019-08-23 04:20:31
  • ព័ត៌មាន

ប្រធានាធិបតី​ ប្រេស៊ីល​បាន​ត្អូញ​ថា​ខ្វះ​ធនធាន​ពន្លត់​អគ្គីភ័យ​ព្រៃ​អាម៉ាហ្សូន​

  • 2019-08-23 04:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី ប្រេស៊ីល​ លោក​ Jair Bolsonaro បាន​ត្អូញ​ថា​ប្រទេស​របស់​លោក​ខ្វះ​សមត្ថភាព​ពន្លត់​អគ្គីភ័យ​ព្រៃ​អាម៉ាហ្សូន​កាល​ពីម្សិលមិញ ​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០១៩។ ការត្អូញនេះធ្វើឡើងបន្ទាប់ពី លោក​មិនត្រូវ​ការ​ថវិកា​ពី​អាល្លឺម៉ង់ និង ន័រវែស​ដើម្បី​ការពារ​ព្រៃ​ឈើ​ កាល​ពី​អាទិត្យ​មុន​។

អគ្គីភ័យ​ព្រៃ​អាម៉ាហ្សូន​បាន​ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​សីហា​នេះ​ ហើយ​បាន​បន្ត​ឆេះ​រហូត​ដល់​សព្វ​ថ្ងៃ​។ ផ្សែង​ពី​អគ្គីភ័យ​នេះ​ត្រូវ​បាន​ខ្យល់​បក់​មក​ដណ្ដប់​ទីក្រុង​ Sao Paulo ធ្វើ​ឲ្យ​មេឃ​ងងឹត​ស្លុប​នៅ​កណ្ដាល​ថ្ងៃ​ត្រង់។

លោក​ Bolsonaro បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «ព្រៃ​អាម៉ាហ្សូន​មាន​ទំហំ​ធំ​ជាង​អឺរ៉ុប​ទាំង​មូល​ តើ​យើង​អាច​ប្រឆាំង​នឹង​អគ្គី​ភ័យ​នៅ​តំបន់​ដែល​មាន​ទំហំ​ប៉ុន​នេះ​តាម​របៀប​ណា? យើង​មិន​មាន​ធន​ធាន​គ្រប់​គ្រាន់​សម្រាប់​ដោះ​ស្រាយ​រឿង​នេះ​ទេ។»

អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​បន្ទោស​លោក​ Bolsonaro ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ឆេះ​ព្រៃ​ដល់​ថ្នាក់​នេះ​ ព្រោះ​តាំង​ពី​លោក​ធ្វើ​ប្រធានាធិបតី​មក​ លោក​បាន​គាំទ្រ​ការ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ធ្វើ​ជា​ដី​កសិកម្ម​។ កាល​ពី​អាទិត្យ​មុន​រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​ន័រវែស​បាន​ផ្ដាច់​ថវិកា​ជំនួយ​ថែរក្សា​ព្រៃ​អាម៉ាហ្សូន​ក្រោយ​ពី​បាន​ឃើញ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក​ Bolsanaro៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់