- 2019-09-11 04:51:51
- ព័ត៌មាន
សិស្សមួយចំនួនប្រមូលផ្ដុំមុខក្រសួងអប់រំតវ៉ាឲ្យពិនិត្យឡើងវិញលើពិន្ទុមុខវិជ្ជាខ្លះ
- 2019-09-11 04:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សមួយចំនួនប្រមូលផ្ដុំមុខក្រសួងអប់រំតវ៉ាឲ្យពិនិត្យឡើងវិញលើពិន្ទុមុខវិជ្ជាខ្លះ
ចន្លោះមិនឃើញ
ក្រុមសិស្សប្រឡងបាក់ឌុបមួយចំនួននៅព្រឹកនេះបានមកតវ៉ានៅមុខក្រសួងអប់រំ ដើម្បីទាមទារឲ្យក្រសួងពិនិត្យឡើងវិញលើមុខវិជ្ជាមួយចំនួនដែលអ្នកទាំងនោះជឿថាពួកគេធ្វើបានល្អ ប៉ុន្តែលទ្ធផលបែរជាធ្លាក់ទៅវិញ។
ក្រុមសិស្សរៀននៅសាលារដ្ឋ និងឯកជនមួយចំនួននៅព្រឹកនេះ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងអប់រំ ដើម្បីស្នើសុំឲ្យក្រសួងពិនិត្យមើលពិន្ទុមុខជ្ជាគណិតវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យានិងអង់គ្លេសឡើងវិញ។ សិស្សដែលបានចូលរួមតវ៉ាលើរឿងនេះបានលើកឡើងថាខ្លួនមិនពេញចិត្តនឹងពិន្ទុដែលទទួលបាននោះទេ ដោយថាមុខវិជ្ជាទាំងនេះខ្លួនបានប្រាកដថាធ្វើត្រូវច្រើន តែបែរជាធ្លាក់មុខវិជ្ជាទាំងនេះ ឬបានពិន្ទុទាបទៅវិញ។
យុវសិស្ស ហ៊ិន តារា ដែលបានចូលរួមក្នុងការតវ៉ានេះ លើកឡើងថាខ្លួនមកតវ៉ានេះដើម្បីឲ្យក្រសួងពិនិត្យឡើងវិញលើមុខវិជ្ជាជីវទ្យា និងអង់គ្លេស។
យុវសិស្សបាននិទ្ទេសរួមCរូបនេះបញ្ជាក់ថាខ្លួនបានធ្វើមុខវិជ្ជាជីវវិទ្យាបានច្រើនតែបែរជាបាននិទ្ទេសEលើមុខវិជ្ជានេះទៅវិញ។ យុវសិស្សរូបនេះបន្តថា៖ «ខ្ញុំអត់សុខចិត្តលើមុខវិជ្ជាជីវៈ និងអង់គ្លេស ជីវៈខ្ញុំបាននិទ្ទេសE ខ្ញុំធ្វើបានច្រើនដែរ ខ្ញុំសង្ស័យលើមុខវិជ្ជាពីរហ្នឹងបង»។
អ្នកនាំពាក្យក្រសួងអប់រំ លោក បណ្ឌិត ឌី ខាំប៉ូលី ថ្លែងប្រាប់ Sabay នាព្រឹកនេះថា ក្រសួងបានដឹងពីការតវ៉ានេះ ហើយលោកថាជារៀងរាល់ឆ្នាំតែងមានសិស្សក្នុងចំនួនតិចតួចដែលមិនពេញចិត្តនឹងលទ្ធផលបាក់ឌុបនេះ។ លោកឲ្យដឹងថាគ្រប់ដំណាក់កាលនៃការប្រឡងរហូតដល់ការប្រកាសលទ្ធផលជាផ្លូវការគឺក្រសួងបានពិនិត្យយ៉ាងល្អិតល្អន់ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។
លោកបណ្ឌិតបន្ថែមថា៖ «ក្រសួងមិនលើកទឹកចិត្តចំពោះការតវ៉ាហ្នឹងទេ [ហើយក៏]មិនបិទដែរ តែមិនលើកទឹកចិត្តឲ្យមានការតវ៉ាដែរ ដោយក្រសួងបានពិនិត្យមើលយ៉ាងល្អិតល្អន់គ្រប់ដំណើរការប្រឡងទាំងអស់រហូតដល់ការប្រកាសលទ្ធផលផ្លូវការហ្នឹង...ជាគោលការណ៍មិនលើកទឹកចិត្តឲ្យមានការតវ៉ា តែដោយឡែកបេក្ខជនបានមកដល់មុខក្រសួងហើយ ក្រសួងក៏ទទួលយក ដើម្បីពិនិត្យមើល ប៉ុន្តែមិនមានគោលការណ៍បើកចំហចំពោះការមកតវ៉ាហ្នឹងទេ»។
គួររំឭកថាកាលពីឆ្នាំ២០១៨ កន្លងទៅក៏មានបេក្ខជនប្រឡងបាក់ឌុបយ៉ាងយោចណាស់៥០០នាក់បានដាក់ពាក្យតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុបនេះដែរ ហើយក្រសួងបានសម្រេចពិនិត្យឡើងវិញ និងបានធ្វើឲ្យលទ្ធផលប្រឡងប្រែប្រួល ជាពិសេសអ្នកបាននិទ្ទេសA កើនពី២៩០នាក់ ដល់៤០៨នាក់វិញ៕