• 2019-09-11 08:49:57
  • ព័ត៌មាន

អ្វី​ទៅ​ជា​មេរោគ​កំពុង​ស៊ីរូង​ខួរក្បាល​របស់​យុវវ័យ​បច្ចុប្បន្ន?

  • 2019-09-11 08:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ភាព​ខ្ជិល​របស់​យុវវ័យ កំពុងតែ​យាយី​ផ្នត់​គំនិត​របស់​យុវវ័យ​បច្ចុប្បន្ន។ ការ​រក​លេស​មិន​ចង់​រកស៊ី​ដូចជា​អត់​មាន​ដើម ម្ដាយ​មិន​ឲ្យ​រកស៊ី​ មិនទាន់​មាន​ជំនាញ​ ធ្វើ​ការ​ឲ្យ​ច្រើន​ឆ្នាំ ខ្លាច​ខាត ខ្លាច​ដេក​មិន​លក់» ការ​លើក​ឡើង​ខាង​លើ​នេះ ជា​ការ​បញ្ចេញ​ទស្សនៈ​របស់​ លោក ហួត ជា នៅ​ក្នុង​កម្មវិធី «កៅ​អី​ក្ដៅ» របស់​ Sabay ដែល​បាន​ផ្សាយ​ផ្ទាល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១១ កញ្ញា ឆ្នាំ​២០១៩។

លោក ហួត ជា ប្រធាន​ក្រុមហ៊ុន​ហួត​ជា ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ បាន​ប្រាប់​កម្មវិធី​ខាង​លើ​នេះ​ថា «ភាព​ខ្ជិល​គឺជា​ឧបសគ្គ​មួយ​របស់​យុវវ័យ។ យើង​ត្រូវ​ចង​ចាំ​ថា នៅ​អាយុ​២៥ឆ្នាំ​គឺជា​ពេល​វេលា​រៀន​សូត្រ ហើយ​២៥ឡើង​រហូត​ដល់​៥០ គឺជា​ពេល​ប្រយុទ្ធ​រកស៊ី។ ៥០ ទៅ៧៥ ទុក​ដាក់​កូន​ចៅ ហើយ​ពី​៧៥​ឡើង​ទៅ គិត​តែ​ពី​រឿង​ជាតិ​ក្រោយ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​វ័យ​ចាប់​ពី​ ២២​ឆ្នាំ​ឡើង​ទៅ គឺជា​ពេល​វេលា​ប្រយុទ្ធ មិនមែន​ជា​ពេល​វេលា​ខ្ជិល​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​វ័យ​ដែល​ត្រូវ​ចាយ​លុយ​ឪពុក ម្ដាយ​ទៀត​ទេ គឺជា​វ័យ​រក​ប្រាក់​ចំណូល»។

លោក​ឲ្យ​ដឹង​ដែរ​ថា កត្តា​ដែល​នាំ​ឲ្យ​យុវវ័យ​ខ្ជិល ឬ​មិន​ហ៊ាន​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​រកស៊ី​នេះ អាច​ផ្ដើម​ចេញ​ពី​កត្តា​តាម​គ្នា​ ហើយ​គិត​ថា ខ្លួន​មិន​អាច​ធ្វើ​អ្វី​លើស​ពី​ការងារ​តំណពូជ ដូចជា​បើ​ម្ដាយ​លក់​គុយ​ទាវ យើង​ត្រឹមតែ​ជា​អ្នក​លុយ​គុយទាវ​ជាដើម។ «ខ្ញុំ​អត់​បន្ទោស​១០០% ទេ អាច​ថា​គាត់​គិត​ចឹង​ត្រូវ​ដែរ ប៉ុន្តែ​យើង​ត្រូវ​ចេះ​បង្កើត​គំនិត​ឲ្យ​លើស​ហ្នឹង ដូចជា​ឪពុក​អ្នក​សង់​ផ្ទះ យើង​ក៏​ក្លាយ​ជា​អ្នក​សង់​ផ្ទះ បូក​រួម​មុខរបរ​លក់​គ្រឿង​សំណង់​អីចឹង​ទៅ»។

ដើម្បី​ជម្រះ​នៅ​មេរោគ​ខ្ជិល​ ដែល​កំពុង​យាយី​នៃ​ផ្នត់​គំនិត​របស់​យុវវ័យ គឺ​គ្រប់​គ្នា​ត្រូវ​ចាប់​ផ្ដើម​មាន​ឆន្ទៈ កំណត់​គោល​ដៅ​ច្បាស់​លាស់ ហើយ​ស្វែង​រក​នរណា​ជា អាយ​ដល (Idol) ដើម្បី​រៀន​សូត្រ​ពី​គំរូ​នៃ​អ្នក​ជោគជ័យ។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ ហ៊ួត ជា។

ទន្ទឹម​នឹង​នេះ លោក ហ៊ួត ជា បាន​បន្ថែម​ថា យុវវ័យ​ត្រូវ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ឲ្យ​បាន​ច្រើន​ ហ៊ាន​សម្រេច​ចិត្ត ហើយ​ដើម្បី​បាន​គំនិត​ថ្មីៗ ត្រូវ​ចេះ​ថែរក្សា​សុខភាព អាន​សៀវភៅ និង​ដើរ​ហើរ (ដើរ​ក្រៅ​ប្រទេស) ​ឲ្យ​បាន​ច្រើន​ ដើម្បី​ក្រេប​ជញ្ជក់​បទ​ពិសោធន៍​ ពី​កន្លែង​ផ្សេង​មក​អភិវឌ្ឍន៍​អាជីវកម្ម និង​ខ្លួន​យើង។

ជាចុងក្រោយ លោក ហ៊ួត ជា បាន​ផ្ដាំ​ផ្ញើ​ដល់​យុវវ័យ​ឲ្យ​ជម្រះ​ការ​ខ្ជិល​មួយ​ចំនួន ហើយ​ហ៊ាន​សម្រេច​ចិត្ត​ និង​ផ្លាស់​ប្ដូរ​ការ​គិត ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ល្អ។ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវវ័យ ទាំង​ចិត្ត និង​ឆន្ទៈ។ កំណត់​គោល​ដៅ រត់​ឲ្យ​ចំ​គោល​ដៅ ធ្វើ​ឲ្យ​ចំ​គោល​ដៅ ហើយ​ហ៊ាន​គិត​អ្វី​ដែល​ធំៗ កុំ​គិត​អ្វី​ដែល​តូច​ៗ​ពេក ទើប​សម្រេច​បាន​លទ្ធផល​ធំ»៕

កិច្ចសម្ភាសន៍​ លោក ហ៊ួត ជា នៅ​ក្នុង​កម្មវិធី​ "កៅអីក្ដៅ"

ចង់​ស្វែងយល់ពី​អាជីវកម្ម និង​គំនិត​ច្នៃ​ប្រឌិត ឬ​ការផ្លាស់ប្ដូរ​ការគិត​ពី​អវិជ្ជមាន​មក​ជា​វិជ្ជមាន​ កុំភ្លេច​តាមដាន​កម្មវិធី «កៅអីក្ដៅ»​ ដែល​ផ្សាយ​រៀងរាល់​ថ្ងៃពុធ វេលាម៉ោង ១០-១១ ព្រឹក នៅ​លើ​ផេក Sabay News Scoial & Sabay News

ចង់ស្វែងយល់ពី​ប្រវត្តិ​លោក​ ហ៊ួត ជា ចូល​តាម​តំណ​មួយ​នេះ៖ លុយ ​៥ ០០០ដុល្លារ​​​ កែ​ប្រែ​វាសនា​​​អតីត​ក្មេង​កំព្រា​ម្នាក់​ក្លាយ​ជា​ថៅកែ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដ៏​ធំមួយ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់