• 2019-09-14 00:02:00
  • សេដ្ឋកិច្ច

ទីក្រុង​​​នៅ​អ៊ីតាលីមួយ​នេះ​នឹង​ថែម​លុយ​ឲ្យ ២៧០០០ ដុល្លារ​បើ​ប្រជាជន​​ចង់​​ទៅ​រស់​នៅ

  • 2019-09-14 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងាយ​តែ ២៥០ គីឡូម៉ែត្រ​​ភាគ​ខាង​កើត​ទីក្រុង​រ៉ូម ម៉ូលីសេ (Molise) គឺ​ជា​​តំបន់​ភ្នំ​ជាប់​នឹង​មាត់​សមុទ្រ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត។ ប៉ុន្តែ​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ បាន​ថយ​នូវ​ចំនួន​ប្រជាជន ៩០០០ នាក់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​​មក ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​នេះ​សល់​ប្រមាណ ៣០៥០០០ នាក់​ប៉ុណ្ណោះ។

យោង​តាម CNN រដ្ឋាភិបាល​ធ្លាប់​បាន​ដាក់​លក់​ផ្ទះ​តម្លៃ​តែ ១​ដុល្លារ​ប៉ុណ្ណោះ​នៅ​​តំបន់​នោះ ហើយ​មិន​មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ ព្រោះ​នៅ​ពេល​នេះ​រដ្ឋ​បាន​អំពាវនាវ​​ផ្តល់​លុយ​ថែម​ ២៧០០០​ដុល្លារ​ថែម​​ទៀត​ ដល់​ប្រជាជន​អ៊ីតាលី​ណា​ដែល​មាន​បំណង​ចង់​ទៅ​រស់​នៅ​តំបន់​នោះ។

The Guardian បាន​រាយការណ៍​កាល​ពី​ឆ្នាំ​ទៅ​ថា គ្មាន​ឡើយ​អត្រា​កំណើត​ទារក​សូម្បី​ម្នាក់​ក្នុង​ចំណោម​ទីក្រុង​ទាំង​ ៩​នៅ​តំបន់​នោះ ទន្ទឹម​នឹង​នេះ​​ប្រជាជន ២៨០០ នាក់​បាន​ស្លាប់ ឬ ចាកចេញ​ពី​តំបន់​ខាង​លើ ហើយ​គោលការណ៍​ថែម​លុយ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ទីក្រុង​ជាយ​សមុទ្រ​មួយ​នេះ​គឺ​ដើម្បី​​​កុំ​ឲ្យ​តំបន់​នេះ​​ក្លាយ​ទៅ​ជា​ទីក្រុង​ខ្មោច។

​​​​​អ្នក​ដែល​ទទួល​យក​សំណើ​នេះ​​រដ្ឋ​នឹង​ផ្តល់​លុយ​ឲ្យ ៧៧០ ដុល្លារ​ក្នុង​១​ខែ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ (បាន​ន័យ​ថា ២៧០០០ ដុល្លារ​នេះ​រដ្ឋ​នឹង​​ឲ្យ​រំលោះ​តាម​ខែ មិន​ឲ្យ​ទាំង​ដុំ​ទេ) ប៉ុន្តែ​ពួកគេ​ត្រូវ​ប្ដេជ្ញា​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ដើម្បី​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់។

ទីក្រុង​ម៉លីសេ​មាន​ទាំង​ឆ្នេរ​សមុទ្ រAdriatic ឧទ្យាន​ជាតិ​អាប្រូហ្សូ មាន​សារមន្ទីរ​ជា​ច្រើន​កន្លែង ជា​តំបន់​ប្រវត្តិសាស្ត្រ មាន​ព្រះវិហារ​រ៉ូម៉ាំង ប្រាសាទ​ថ្ម កសិដ្ឋាន​អូលីវ និង សូម្បី​តែ​រមណីយដ្ឋាន​ជិះ​ស្គី​ទឹកកក​ដែល​ពេញ​និយម​បំផុត​នៃ​ប្រទេស​អ៊ីតាលី​ក៏​នៅ​ទីនោះ។

ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​តំបន់​នេះ​លក់​ផ្ទះ​តម្លៃ​តែ ​១​ដុល្លារ​ក៏​គ្មាន​អ្នក​ទិញ ហើយ​ទីបំផុត​​រដ្ឋ​ប្រកាស​ថែម​លុយ​ឲ្យ​ទៀត​នៅ​តែ​ពិបាក​រក​ប្រជាជន​ទៅ​រស់​នៅ?

បើ​យោង​តាម CNN សក្តានុពល​ទាំង​អស់​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​គឺ​ជា​បញ្ហា​​ផ្ទាល់​សម្រាប់​តំបន់​នេះ​តែ​ម្តង។

បច្ចុប្បន្ន យុវជន​ជា​ច្រើន​ចង់​ទៅ​ស្វែង​រក​ឱកាស​ក្នុង​ទីក្រុង​ធំៗ ដូច្នេះ​ម៉ូលីសេ​ជា​តំបន់​ធម្មជាតិ និង តំបន់​ប្រវត្តិសាស្ត្រ​​ដែល​របរ​​ចិញ្ចឹម​ជីវិត​ភាគ​ច្រើន​​គឺ​ការ​ធ្វើ​កសិកម្ម​និង​លក់​ដូរ​តាម​បែប​ប្រពៃណី​របស់​ប្រជាជន​ក្នុង​តំបន់ មិន​ស័ក្ដិសម​នឹង​​ពួកគេ​ឡើយ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់