• 2019-09-17 04:15:32
  • ព័ត៌មាន

យុវវ័យ​មួយ​ចំនួន​អាច​ភ្លេច ឬ​មិន​ចេះ​ធ្វើ​នំ​ខ្មែរ​មួយ​ចំនួន?

  • 2019-09-17 04:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​​ចាប់​ផ្ដើម​លែង​ធ្វើ​នំ​ខ្មែរ​ដោយ​ខ្លួន​ឯង ជា​ពិសេស​ការ​វេច​នំ​អន្សម​ជាដើម។ តើ​អ្វី​ជា​មូលហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លែង​ធ្វើ​នំ​ខ្មែរ​ ជាពិសេស​រដូវ​ភ្ជុំ​បិណ្ឌ​នេះ?

កត្តា​រវល់​នឹង​ការងារ រវល់​នឹង​ជីវភាព និង​កត្តា​មាន​លុយ​អាច​ទិញ​ស្រាប់​ងាយ​ស្រួល​ជាង​ធ្វើ​ខ្លួន​ឯង​ គឺជា​មូល​ហេតុ​ចម្បងៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​បន្ថយ​ការ​ធ្វើ​នំ​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ។ ទាំង​អស់​នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រាប់​ Sabay អំឡុង​ពេល​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពុទ្ធបរិស័ទ​ម្នាក់​ឈ្មោះ ណូយ អាយុ​៥៥​ឆ្នាំ រស់​នៅ​សង្កាត់​សង្កាត់ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ប្រាប់​ Sabay ថា កាល​ពី​១០-២០​ឆ្នាំ​មុន មិន​ថា​អ្នក​នៅ​ជនបទ​ ឬ​អ្នក​នៅ​ក្រុង​ចាស់​ៗ​នៅ​ពេល​បុណ្យ​ទាន​ជាពិសេស​រដូវ​ភ្ជុំ​រមែង​វេច​នំ​អន្សម​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ។ «ក្មួយ​​អើយ! ឥលូវ​មាន​ពេល​ឯ​ណា​នឹង​វេច ណា​មួយ​មាន​លុយ​តិចតួច​យើង​ទិញ​នៅ​ផ្សារ​ឲ្យ​សម​ល្មម​ទៅ​វត្ត​ ហើយ​សល់​តិចតួច​យើង​ទុក​ញុំា​ មិន​សូវ​ជា​ចំណាយ​ច្រើន​ផង»។

អ៊ុំស្រី នឹម វ័យ ៦៥ឆ្នាំ រស់​នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ប្រាប់​ Sabay ដែរ​ថា កាល​ជំនាន់​អ៊ុំ​នៅ​មាន​កម្លាំង​តែងតែ​ជុំ​គ្នា​វេចនំ​ទៅ​វត្ត ឥលូវ​មិន​សូវ​ដែរ បើ​វេច​ក៏​​វេច​តិចតួច ព្រោះ​ថា វេច​ច្រើន​ក៏​មិន​សូវ​មាន​អ្នក​ញុំា​ ឯ​ក្មេង​ៗ​បបួល​វេច​នំ​គេ​មិន​ធ្វើ​ទេ សល់​ពេល​គេ​ជុំ​គ្នា​សប្បាយ​រីករាយ​នឹង​ការ​ហូប​ចុក​ផ្សេង​ៗ ហើយ​ក្មេង​ឥលូវ​រវល់​ការងារ​ច្រើន ម៉្លោះ​ហើយ​គ្មាន​ពេល​នឹង​មក​ជួយ​វេច​ទេ។ អ្វី​ដែល​សំខាន់​ឥលូវ​មាន​អ្នក​វេច​លក់ យើង​ទិញ​ល្មម​ៗ​យក​ទៅ​វត្ត​ខ្លះ និង​ញុំា​ខ្លះ​គ្រប់​គ្រាន់​ហើយ។

ព្រះ​គ្រូ​គន្ធ​ធុតង្គ សឿ ហេង ចៅ​អធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​សង្ឃ​ដីកា​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​រដូវ​ភ្ជុំ​មិន​សូវ​ឃើញ​មាន​នំ​នែក​ខ្មែរ​ ដែល​ធ្វើ​ផ្ទាល់​ដោយ​ពុទ្ធបរិស័ទ​នោះ​ទេ។ «ចឹង​ផ្ដាំ​ទៅ​ពុទ្ធបរិស័ទ​ជា​ចាស់​ជា​ទុំ​ ជួយ​បង្រៀន​ក្មេងៗ​ផង ជាពិសេស​ក្មេង​ៗ​ខ្លះ​ ​ឥលូវ​ប្រហែល​អត់​ចេះ​វេច​អន្សម​ទេ​មើល​ទៅ អត់​ចេះ​ធ្វើ​នំបត់ នំ​គម​ទេ មើល​ទៅ»។

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់