• 2019-09-18 03:05:58
  • ព័ត៌មាន

ផ្ទះ​រចនា​ប័ទ្ម​ខ្មែរ​តែប្រាំ​ប្រភេទ​ប៉ុណ្ណោះ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកស្រុក​អង្គរ​សាងសង់​បាន​

  • 2019-09-18 03:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាឲ្យ​ដឹងថាខ្លួន​បានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ហើយ​ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាប័ទ្មបែបខ្មែរ គ្មាន​គ្រឹះជ្រៅ ឬលក្ខណៈទំនើបកម្ម។

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នា​ព្រឹកនេះ អាជ្ញាធរជាតិ​អប្សរា​សរសេរថា​ផ្ទះមាន​រចនាប័ទ្ម​ខ្មែរ​ចំនួនប្រាំ​ប្រភេទដែលអនុញ្ញាត​គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ អាជ្ញាធរជាតិ​អប្សរា​មិន​អនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

ប្រភព​បន្តថា​ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូរដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើតឆាយ ត្រូវបានហាមឃាត់ ពុំអនុញ្ញាតឡើយ។

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

អាជ្ញាធរជាតិ​អប្សរាពន្យល់ថា៖ «ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាប័ទ្មនៃដំបូល»៕

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)
(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី