/PHOTO-FOR-ARTICLE/Norodom-Narindrapong(1)/5d8206bde8922_1568802480_medium.jpg)
- 2019-09-18 11:10:00
- ព័ត៌មាន
ថ្ងៃនេះជាខួបទី ៦៥ឆ្នាំថ្ងៃប្រសូត្រព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី
- 2019-09-18 11:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះជាខួបទី ៦៥ឆ្នាំថ្ងៃប្រសូត្រព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី
ចន្លោះមិនឃើញ
ថ្ងៃ១៨.កញ្ញា.២០១៩ នេះជាខួបទី ៦៥ឆ្នាំ ថ្ងៃប្រសូត្រព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ១៨.កញ្ញា.១៩៥៤- ១៨.កញ្ញា.២០១៩។
សម្ដេច នរោត្ដម នរិន្រ្ទៈពង្ស ជាព្រះរាជបុត្រាពៅ នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយ សម្តេច នរោត្តម នរិន្រ្ទៈពង្ស ក៏ត្រូវជាព្រះអនុជបង្កើត នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជជីវប្រវត្តិសង្ខេប សម្តេច នរោត្តម នរិន្រ្ទៈពង្ស
សម្តេច នរោត្តម នរិន្រ្ទៈពង្ស ជាព្រះរាជបុត្រានៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយ ព្រះអង្គ ក៏ត្រូវជាព្រះអនុជបង្កើតនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ ។ ព្រះអង្គ បានចូលសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត នារាជធានីភ្នំពេញ បន្ទាប់មក ព្រះអង្គ បានបន្តការសិក្សានៅសហភាពសូវៀត នៅទីនោះហើយដែល ព្រះអង្គ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យរដ្ឋ នៃទីក្រុងម៉ូស្គូ សហភាពសូវៀត ខាងផ្នែក ទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និងច្បាប់ ហើយ ព្រះអង្គ ក្រៅអំពីតែភាសាជាតិ ព្រះអង្គ អាចទំនាក់ទំនងក្នុងភាសា អង់គ្លេស បារាំង និងរុស្ស៊ី បានយ៉ាងល្អប្រសើរ ។
នៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ព្រះអង្គ ត្រូវបានឃុំខ្លួនដោយពួកខ្មែរក្រហម នៅក្នុងព្រះបរមរាជវាំង ជាមួយ ព្រះបិតា ព្រះមាតា និង ព្រះរៀម នរោត្តម សីហមុនី ក្រោយមកបន្ទាប់ពីរបបនេះបានដួលរលំ ព្រះអង្គ បានយាងទៅរស់នៅជាមួយ ព្រះបិតា នៅក្នុងព្រះរាជដំណាក់ទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ស៊ីនួន និងមានព្រះបុត្រីចំនួន ២ ព្រះអង្គ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ស៊ីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧ ។
សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គត់ដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ បន្ទាប់មក ព្រះអដ្ឋិរបស់ ព្រះអង្គ ត្រូវបានយាងមកគង់ក្នុងព្រះចេតិយ នាបរិវេណ ព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង។ ព្រះអង្គទទួលបានព្រះរាជក្រឹត្យតែងតាំងជា សម្តេច នៅឆ្នាំ ២០០៤ ៕
សូមថ្វាយព្រះកុសល ព្រះវិញ្ញាណក្ខន្ធ សម្ដេច នរោត្តម នរិន្ទ្រៈពង្ស សូមស្ដេចយាងបដិសន្ធិក្នុង ព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ