• 2019-09-27 02:14:38
  • ព័ត៌មាន

៣​កន្លែងស្រស់ស្អាតខ្លាំងនៅមិនឆ្ងាយពីភ្នំពេញ ល្អបំផុតសម្រាប់អ្នកចង់ដើរលេងពេលភ្ជុំបិណ្ឌ

  • 2019-09-27 02:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ឈប់​សម្រាក​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រជាជន​កម្ពុជា​សម្រុក​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​អ្នក​ខ្លះ​ទៀត​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​តំបន់​ទេសចរ​ផ្សេង​ៗ​ដើម្បី​សម្រាក​លំហែ​កាយ។ តំបន់​ទេសចរណ៍​នៅ​កម្ពុជា មាន​ច្រើន​អនេក ទាំង​តំបន់​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ តែ​ឲ្យ​តែ​ពេល​ចង់​ដើរ​លេង​ម្ដងៗ ច្រើន​ពិបាក​សម្រេច​ចិត្ត​ថា​ចង់​ទៅ​លេង​ឯណា។

ខាងក្រោមនេះ គឺជា ៣​កន្លែងស្រស់ស្អាតខ្លាំងនៅមិនឆ្ងាយពីភ្នំពេញ ល្អបំផុតសម្រាប់អ្នកចង់ដើរលេងពេលភ្ជុំបិណ្ឌ ៖

១. ថ្មរូង

ថ្មរូង ជា​រមណីយដ្ឋាន​ធម្មជាតិ​​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធិ៍ ឃុំបាក់​រទេះ ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។ ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ៤ ចំងាយ​ពី​ភ្នំពេញ​ប្រហែល​១១៥​គីឡូម៉ែត្រ បត់​ស្ដាំ​ប្រហែល​៧គីឡូម៉ែត្រ លោក​អ្នក​នឹង​ទៅ​ដល់ រមណីយដ្ឋាន​ថ្មរូង។ នៅ​ទី​នេះ ​ជា​កន្លែង​​​​កម្សាន្ត​បែប​ធម្មជាតិ​មួយ ដោយ​ភ្ញៀវ​អាច​ទស្សនា ព្រៃ​​ភ្នំ​ធម្មជាតិ ក៏​ដូច​ជា​ងូត​ទឹក​លេង យ៉ាង​សប្បាយ​រីក​រាយ។

២. ត្រពាំង​សង្កែ

ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ដី​ ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​ក្រុង​កំពត។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។ បត់​ស្តាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»។

៣. រមណីយដ្ឋាន​អន្លង់ភ្ញៀវ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​ទើប​តែ​បើក​ដំណើរការ​ថ្មីៗ​ក៏​ដោយ។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ៕

អត្ថបទ ៖​ រ័ត្ន

មតិយោបល់