
- 2019-10-28 01:43:34
- សេដ្ឋកិច្ច
ឧកញ៉ា ភារម្យ វិចិត្រដាតា ៖ អ្នករត់ម៉ូតូឌុបឆ្លាត មានឱកាសធ្វើជំនួញច្រើនជាង អ្នកធ្វើការងារក្នុងម៉ាស៊ីនត្រជាក់
- 2019-10-28 01:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ភារម្យ វិចិត្រដាតា ៖ អ្នករត់ម៉ូតូឌុបឆ្លាត មានឱកាសធ្វើជំនួញច្រើនជាង អ្នកធ្វើការងារក្នុងម៉ាស៊ីនត្រជាក់
ចន្លោះមិនឃើញ
មនុស្សម្នាក់ៗរមែងមានជំនាញ ឬក៏ការគិតនៅផ្សេងៗគ្នា ដើម្បីធ្វើឲ្យជីវិតក៏ដូចជាការរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ កាន់តែប្រសើរឡើង តាមរយៈការខិតខំប្រឹងប្រែងរកស៊ី ឬធ្វើការ ដែលមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃ។ ដោយសារតែការខិតខំបែបនេះហើយ ទើបធ្វើឲ្យបុគ្គលនោះកាន់តែរីកចម្រើននៅក្នុងការងារ ចំណែកឯជីវិតរបស់ពួកគេ ក៏កានតែឆាប់រីកចម្រើនលឿនជាងមុនទៅទៀត។ ជាក់ស្ដែងលោកឧកញ៉ា ភារម្យ វិចិត្រដាតា ប្រធានក្រុមហ៊ុនអចលនទ្រព្យ ECC ដែលដើមឡើយ មានប្រវត្តិជាអ្នករត់ម៉ូតូឌុបបានចែករំលែកបទពិសោធន៍ ក្នុងឱកាសអញ្ជើញអ្នករត់ម៉ូតូឌុបពិសាអាហារសាមគ្គីកាលពីចុងសប្ដាហ៍មុនថា មនុស្សម្នាក់ៗ ឱ្យតែមានការខិតខំប្រឹងប្រែង នឹងទទួលបានជោគជ័យជាក់ជាមិនខាន មិនថាអ្នកនោះធ្លាប់ធ្វើការងារ ឬរកស៊ីតូចតាច ដូចជា អ្នកចាក់សាំង អ្នកអនាម័យ និងអ្នករត់ម៉ូតូឌុបនោះទេ។
លោកបានឱ្យដឹងថា តួយ៉ាងដូចជាអ្នកប្រកបមុខរបរអ្នករត់ម៉ូតូឌុប ដែលអ្នកខ្លះគិតថា ជាមុខរបរតូចតាច ប៉ុន្តែសម្រាប់លោកមុខរបរនេះមិនអន់ឡើយ ផ្ទុយទៅវិញវាជាមុខរបរមួយផ្ដល់ឱកាសជាច្រើន ក្នុងការឈានទៅពង្រីកមុខរបរធំទៅថ្ងៃក្រោយបាន។ អ្នករត់ម៉ូតូឌុប គឺជាបុគ្គលឯករាជ និងជាអ្នកដែលអាចក្ដាប់បាននូវព័ត៌មានជាច្រើន ព្រោះពួកគេអាចធ្វើដំណើរទៅស្ទើរគ្រប់ច្រកល្ហកទាំងអស់។ គ្មានអ្នកណាម្នាក់អាចធ្វើដំណើរបានច្រើនកន្លែង និងច្រើនដងជាងអ្នករត់ម៉ូតូឌុបឡើយ។ ករណីនេះបើប្រៀបធៀប អ្នកធ្វើការងារនៅការិយាល័យគឺខុសគ្នាឆ្ងាយណាស់។ អ្នកធ្វើការ ក្នុងការិយាល័យ អាចធ្វើដំណើរ ឬចេញក្រៅបានតែថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ប៉ុណ្ណោះ។
អ្នករត់ម៉ូតូឌុបអាចជួបមនុស្សថ្មីៗជាច្រើន អាចដឹងពីតម្លៃមុខទំនិញថោក ឬថ្លៃ និងទីកន្លែង ឬផ្សារ ដែលមានតម្រូវការច្រើន ឬតិច ដែលជាឱកាសមួយអាចឱ្យគាត់បោះជំហាន ក្នុងអាជីវកម្ម។
ទោះយ៉ាងណាលោកបានបន្ថែមថា ដើម្បីទទួលជោគជ័យអ្នករត់ម៉ូតូឌុប ត្រូវប្រព្រឹត្តិខ្លួនឱ្យខុសពីអ្នករត់ម៉ូតូឌុបធម្មតា។ ការរត់ម៉ូតូឌុបជាអាជីព ប៉ុន្តែផ្នត់គំនិតរបស់យើងត្រូវមានមហិច្ឆតាខ្ពស់។ អ្នករត់ម៉ូតូឌុបវ័យក្មេងត្រូវ សិក្សារៀនសូត្រឱ្យមានចំណេះ ការចេះសន្សំសំចៃ ភាពស្មោះត្រង់ និងការចេះក្ដាប់ឱកាស។ ត្រូវព្យាយាមមើលឱកាស សុខចិត្តទ្រាំនឿយ កុំទ្រាំក្រ។ កុំខ្ជិលច្រអូស។ "ដូច្នេះគ្មានមុខរបរណាមួយ ដែលថោកទាប នោះទេ ឱ្យតែយើងរកស៊ីត្រឹមត្រូវ។ អ្នករត់ម៉ូតូឌុប ត្រូវបង្កើនទំនុកចិត្តដល់អតិថិជនរបស់យើង កាលណាគាត់មានទំនុកចិត្តជាមួយយើងគាត់ហានប្រើប្រាស់សេវាកម្មរបស់យើង ធ្វើឱ្យចំណូលកើនឡើង ។ ផុតពីនោះមកត្រូវចេះសន្សំលុយ កុំចាយវាយទៅលើការផឹកស៊ីអត់ប្រយោជន៍។ ឧទាហរណ៍ថា រត់បាន១ម៉ឺនរៀលដកទុក ២ពាន់រៀល ។ អញ្ចឹងយើងអាចយកលុយហ្នឹងវិនិយោគលើចំណេះ និង ការរកស៊ីបាន”។
លោកបានបន្ថែមថា ជីវិតអ្នកនឹងមានការប្រែប្រួល បើអនុវត្តនូវចំណុចដូចបានរៀបរាប់ខាងលើជោគជ័យ ព្រោះប្រទេសកម្ពុជានៅមានឱកាសធ្វើជំនួញច្រើនណាស់ ។ លោករីករាយជានិច្ច ក្នុងការចែករំលែកចំណេះដឹងដល់សហគ្រិនវ័យក្មេង និងអ្នករត់ម៉ូតូឌុបជាច្រើនទៀត៕ អត្ថបទ៖ សុខផល