
- 2019-10-28 07:41:47
- ព័ត៌មាន
ផ្ទះរចនាប័ទ្មខ្មែរបុរាណឃើញហើយគួរឲ្យចង់រស់នៅ
- 2019-10-28 07:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះរចនាប័ទ្មខ្មែរបុរាណឃើញហើយគួរឲ្យចង់រស់នៅ
ចន្លោះមិនឃើញ
បើនិយាយដល់ផ្ទះខ្មែរមានរចនាប័ទ្មបុរាណបែបខ្មែរទំនងជាមិនសូវឃើញមានទៀតទេនៅពេលនេះ ខណៈម៉ូតផ្ទះសម័យទំនើបកំពុងជ្រៀតចូលចំនួសវិញ។
ទោះយ៉ាងណាម៉ូតផ្ទះខ្មែរបែបបុរាណទាំងនេះក៏មិនអាចថាបាត់បង់ទាំងស្រុងនោះដែរ ពេលខ្លះអាចមាននៅតាមខេត្តមួយចំនួនដូចជាសៀមរាបជាដើម។
ស្ថាបត្យករខ្មែរមួយរួបដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីឆ្នាំ២០០០បានធ្វើការងារលើគម្រោងជាច្រើនក្នុងការចូលរួមលើកម្ពស់ផ្ទះខ្មែរបុរាណនេះ។
លោក ហុក សុកុល ជាស្ថាបត្យករឯករាជ្យមួយរួបនៅខេត្តសៀមរាបបានសម្រេចគម្រោងសាងសង់ផ្ទះបែបខ្មែរបុរាណនេះមិនតិចជាង២០គម្រោងនោះទេ ដែលមាន១៨គម្រោងនៅក្នុងខេត្តសៀមរាប។
អ្នកខេត្តកំពង់ចាមរូបនេះឲ្យដឹងថា ដោយកាលពីកុមាភាពលោកបាននៅជាមួយនឹងផ្ទះឈើតាមមាត់ទន្លេ និងបទពិសោធន៍ការងារទាក់ទងនឹងផ្ទះបុរាណខ្មែរនេះហើយជាហេតុនាំឲ្យលោកចាប់ចិត្តស្រឡាញ់ផ្ទះឈើបែបម៉ូតខ្មែរបុរាណបែបនេះ។
លោកថ្លែងថា៖ «យើងអ្នកទន្លេ រស់នៅផ្ទះឈើ ជាមួយជាងឈើជុំវិញខ្លួនទៅខ្ញុំមានការចាប់អារម្មណ៍ ហើយខ្ញុំក៏ត្រូវគ្រូណែនាំឲ្យទៅរៀនខាងស្ថាបត្យកម្ម ខ្ញុំរៀនទៅដោយសារចិត្តស្រឡាញ់សំណង់ផ្ទះបុរាណឈើ...ខ្ញុំធ្វើនិក្ខេបបទចេញពីសាលានិយាយពីផ្ទះឈើ ផ្ទះខ្មែរ...ដល់ចប់ទៅខ្ញុំបានធ្វើការជាមួយបរទេស អង្គការពីរ(ទាក់ទងផ្ទះបុរាណខ្មែរ)»។
គម្រោងសាងសង់ផ្ទះខ្មែរបុរាណដំបូងដែលជាស្នាដៃរបស់លោកគឺសង់ឲ្យជនជាតិអាម៉េរិកនៅខេត្តសៀមរាប។ លោកថាគម្រោងរបស់លោកត្រូវបានអ្នកស្រីជាជនជាតិអាម៉េរិកចាប់អារម្មណ៍ និងបានស្នើឲ្យលោកជួយសាងសង់ផ្ទះបុរាណខ្មែរនោះ។
លោកបន្ថែមថា៖ «លោកស្រីចាប់អារម្មណ៍ខ្លាំងលើផ្ទះបុរាណខ្មែរ គាត់ថាគាត់ស្រឡាញ់ស្រុកខ្មែរ មកនៅខ្មែរដូចជាប្រទេសទី២របស់គាត់ គាត់ចង់បានផ្ទះខ្មែរមួយ...គាត់ពេញចិត្តការងារខ្ញុំ...ហើយខ្ញំទទួលធ្វើគម្រោងសាងសង់ឲ្យគាត់...គាត់ពេញចិត្ត មករស់នៅ ឃើញថាភ្ញៀវមកលេងសប្បាយចិត្តជោគជ័យ ឃើញថាខ្ញុំអាចធ្វើផ្ទះខ្មែរមួយបានដែលមានគុណភាពសម្រាប់ជនបរទេសបច្ចុប្បន្នរស់នៅកើតមានសម្រស់អីអ៊ីចឹង ក៏មានភ្ញៀវបរទេសផ្សេងៗទៀតទាក់ទងខ្ញុំធ្វើគម្រោងហ្នឹងពីមួយហើយពីរ ហើយរហូតដល់បច្ចុប្បន្ន ខ្ញុំធ្វើបានប្រហែលជា២០គម្រោង ហើយ ១៨នៅសៀមរាប មានផ្ទះអភិរក្សខ្លះ យើងទិញផ្ទះបុរាណដែលអ្នកស្រុកបោះបង់ចោលហ្នឹងមកផ្គុំឡើងវិញ ដើម្បីឲ្យរស់នៅកើត»។
គួរបញ្ជាក់ថាផ្ទះខ្មែរបែបបុរាណមានម៉ូតជាច្រើនដូចជាប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត៕