• 2019-11-01 04:13:37
  • ព័ត៌មាន

មូលនិធិ​ចិន​មួយ​ស្នើ​បើក​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្តព្រះសីហនុ​

  • 2019-11-01 04:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ឲ្យ​ដឹងថា​មូល​និធិសន្តិភាព​ និង​ការអភិវឌ្ឍ​ប្រ​ទេស​ចិន​បាន​ស្នើ​សុំ​បើក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ថា​ដើម្បី​បានចូលរួមបំពេញការងារ ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែជិតស្និទ្ធថែមទៀត។ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នា​ថ្ងៃនេះ​ថា​កាល​ពី​ម្សិល​មិញ​​ប្រធានមូលនិធិ​សន្តិភាព និងការអភិវឌ្ឍ​ប្រទេស​ចិន​​បានជួប​​​អភិបាល​ខេត្ត​ព្រះ​សីហនុ ឯកឧត្តម គួច ចំរើន ដើម្បី​ស្នើ​សុំ​បើក​អង្គការ​សង្គម​ស៊ីវិល​នៅខេត្ត​ព្រះ​សី​ហនុ។

(រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

​ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថា​ប្រធាន​មូល​និធិ​សន្តិភាព និង​អភិវឌ្ឍ​ប្រ​ទេស​ចិន​លោក ចាង បាន​លើកឡើង​ថា​មូលនិធិរបស់លោកបានបង្កើតនៅឆ្នាំ២០១២ ដោយផ្ដោតសំខាន់ទៅលើវិស័យអប់រំ សុខមាលភាព និងការងារសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើសកម្មភាពចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ចំណាយថវិកាអស់ ៣,៦០លានដុល្លាសហរដ្ឋអាមេរិក។ លោក​បន្តថា​ ក្នុងនោះសំរាប់​ខេត្តព្រះសីហនុមាន​ចំនួន ៤៥ម៉ឺនដុល្លាអាមេរិក សាងសង់សាលារៀនចំនួន ៥ រួចរាល់ នៅក្នុងខេត្តព្រះសីហនុ និង​គ្រោងបើកសម្ពោធដាក់ឱ្យដំណើរការនៅចុងខែវិច្ឆិកាខាងមុខនេះ។ ប្រ​ភព​បន្តថា​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអ្នកវិនិយោគ និងទេសចរចិនមកកម្ពុជាមានចំនួនច្រើន ក៏ប៉ុន្តែការទំនាក់ទំនងរវាងប្រជាជន​នៃប្រទេសទាំងពីរ​នៅមានកម្រិតនៅឡើយ។

លោកបានបន្តថា កន្លងមកមានអង្គការមិនមែនរដ្ឋាភិបាលមកពីបរទេសមកបំពេញការងារក្នុងប្រទេសកម្ពុជា លោកចង់ឱ្យសង្គមស៊ីវិលចិន មកធ្វើការងារសង្គមនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រធានាធិបតីចិន និងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអ្នកវិនិយោគ និងទេសចរចិនមានទំនុកចិត្ត មកវិនិយោគនៅខេត្តព្រះសីហនុច្រើន និងសុំឱ្យសង្គមស៊ីវិលចិន បានចូលរួមបំពេញការងារ ដើម្បីពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម​ គួច ចំរើន​បាន​ថ្លែងថា​ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនមានការរើសអើង ហើយ​កម្ពុជាបានធ្វើសមាហរណកម្មជាមួយអាស៊ាន និងប្រទេសចិនធ្វើឱ្យទំនាក់ទំនងកាទូតរវាងចិន និងកម្ពុជាល្អប្រសើរ។ ឯកឧត្តម​បន្តថា​កម្ពុជាមានច្បាប់អង្គការសង្គមស៊ីវិល ដូច្នេះត្រូវចុះបញ្ជីសុំបើកអង្គការសង្គមស៊ីវិល ហើយកម្ពុជាបើកឱកាសឱ្យមានអង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន៕

អត្ថបទ៖ ទូច សុខា

មតិយោបល់