- 2019-11-02 10:43:07
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួង បង្ហើបថាពិព័រណ៍ការងារឆ្នាំ ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា
- 2019-11-02 10:43:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួង បង្ហើបថាពិព័រណ៍ការងារឆ្នាំ ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
"ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍ការងារនិងផលិតភាពជាតិ កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗដែលបានប្រែក្លាយពិព័រណ៍នេះទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ផ្តល់ឱកាសនៅមួយកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក្នុងការជួបទាក់ទងផ្តោះប្តូរព័ត៌មានពីគ្នាទៅវិញទៅមកដោយផ្ទាល់ ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែងចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្តល់មតិយោបល់និងអនុសាសន៍ល្អៗពាក់ព័ន្ធនឹងការងារ អាជីពជំនាញ ធនធានមនុស្ស និងផលិតភាពការងារ។"
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩» ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី ២ខែវិច្ឆកានេះ។
ពិព័រណ៍លើកទី ៩ នាឆ្នាំនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗរួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិ ចំនួន ១៥០ នៅតាមបញ្ជរចំនួន ៣០០ ហើយត្រូវបានប៉ាន់ស្មានថានឹងមានអ្នកចូលរួមទស្សនាចំនួនប្រមាណ ៣ ម៉ឺននាក់។
រដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ដែរថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៩” រយៈពេលពីរថ្ងៃនេះនឹងផ្តល់ឱកាសជួបជុំគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៃទីផ្សារការងារក្នុងការផ្តោះប្តូរព័ត៌មាន ស្រង់យកបទពិសោធន៍ចាំបាច់ ស្វែងរកឱកាសល្អៗនិងធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែងផ្ទាល់ ជាពិសេស ផ្តល់ឱកាសដ៏កម្រដល់ក្មួយទាំងអស់ ក្នុងការចាប់ផ្តើមគិតគូររៀបចំផែនការអាជីពរបស់ខ្លួនម្នាក់ៗ ដោយធ្វើការស្វែងយល់និងប្រមូលព័ត៌មានដោយផ្ទាល់អំពីឱកាសការងារនិងតម្រូវការជំនាញ ឱកាសសម្រាប់ផ្គូផ្គងជំនាញទៅនឹងតម្រូវការការជ្រើសកម្លាំងពលកម្មរបស់ក្រុមហ៊ុនល្បីៗ ឱកាសក្នុងការជួបពិភាក្សាដកស្រង់បទពិសោធន៍ផ្ទាល់ពីនិយោជកនិង អ្នកធ្វើការងារក្នុងអាជីពដែលជាគោលដៅរបស់ក្មួយៗ ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនិងការផ្តល់ការគាំទ្រនានា ដូចជាអាហារូបករណ៍ជាដើម។
លើសពីនេះ សន្និសីទស្តីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជាៈ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» នឹងផ្តល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ដ៏ជោគជ័យពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថនិងការអនុវត្តសម្រាប់ការលើកកម្ពស់ផលិតភាព នៅគ្រប់កម្រិត តាំងពីកម្មករនិយោជិតម្នាក់ៗ រហូតដល់ជាតិទាំងមូល សំដៅធ្វើឱ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែមានភាពប្រកួតប្រជែង គ្រប់ការងារ គឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិត គឺជាកម្មករនិយោជិតកាន់តែមានសមត្ថភាពនិងផលិតភាពខ្ពស់។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៩ នេះត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីរជាប់គ្នាដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖
-ទី១. ពិព័រណ៍ការងារដែលរួមមាន៖ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួងស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ក្នុងការជួបដោយផ្ទាល់និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង, ធ្វើការផ្គូផ្គងជំនាញដែលខ្លួនមានទៅនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារការងារ, ធ្វើការដកស្រង់បទពិសោន៍និងទទួលមគ្គទេសក៍ផ្ទាល់ពីអ្នកជំនាញតាមវិស័យសំខាន់ៗព្រមទាំងឱកាសសម្រាប់ស្វែងរកការអប់រំបណ្តុះបណ្តាល និងការគាំទ្រនានាដើម្បីលើកកម្ពស់អនាគតអាជីពរបស់ខ្លួន។ ជាមួយនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវព័ត៌មានទីផ្សារការងារថ្មីៗ មតិយោបល់ និងការអនុវត្តល្អនានា ដែលមានសារសំខាន់សម្រាប់រៀបចំផែនការអាជីព ការអប់រំបណ្តុះបណ្តាល និងធនធានមនុស្ស ព្រមទាំងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។
-ទី២.យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលរួមមាន៖ សន្និសីទស្ដីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជា៖ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលអ្នកជំនាញជាតិ-អន្តរជាតិ នឹងធ្វើការចែករំលែកនូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ និងសារៈសំខាន់នៃការលើកកម្ពស់ផលិតភាព ក្នុងការរក្សាភាពប្រកួតប្រជែងនិងកំណើនរយៈពេលវែង ការកែលម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងជំ រុញឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាជាតិនិងវប្បធម៌ ផលិតភាពនៅកម្ពុជា។
លើសពីនេះ ជាផ្នែកមួយនៃយុទ្ធនាការនេះផងដែរ គឺកម្មវិធីប្រកួតប្រជែងកម្មករ និយោជិតឆ្នើម និងរោងចក្រស្អាត(5S) ដែលត្រូវបានចាប់ផ្តើមធ្វើចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៩ នេះហើយដែលជ័យលាភីទាំងអស់នឹងត្រូវបានប្រកាសនិងផ្តល់វិញ្ញាបនបត្រដើម្បីផ្តល់កិត្តិយស និងការទទួលស្គាល់ចំពោះការខិតខំចូលរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពនៅកន្លែងធ្វើការ។
រំឮកដែរថា ពិធីនេះរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC)រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)៕
សកម្មភាពពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩៖