• 2019-11-04 01:22:02
  • ព័ត៌មាន

គួរឲ្យស្ដាយ! មេដឹកនាំជនជាតិភាគតិចប្រេស៊ីល ត្រូវគេឆ្មក់សម្លាប់ ក្រោយព្យាយាមការពារព្រៃត្រូពិច

  • 2019-11-04 01:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​ជនជាតិ​ភាគ​តិច​នៅ​ប្រទេស​ប្រេស៊ីល​ម្នាក់ ត្រូវ​បាន​គេ​​ឆ្មក់​សម្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ក្រោយ​ពេល​ដែល​ក្រុម​កាប់​ឈើ​វាយ​ប្រហារ​ពួកគេ​នៅ​រដ្ឋ Maranhao។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​ពួកគេ​ចេញ​ពី​ភូមិ​ដើម្បី​ទៅ​រក​ទឹក។ នៅ​ពេល​កើត​ហេតុ មាន​បុរស ៥​នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង បាន​មក​ដល់​ភ្លាម​ៗ​និង​ចាប់​ផ្ដើម​បាញ់​ពួកគេ​ពី​ក្រោយ​ខ្នង។ យោង​តាម​រដ្ឋលេខាធិកា​សិទ្ធិ​មនុស្ស​នៃ​រដ្ឋ Maranhao ឲ្យ​ដឹង​ថា លោក Paulo Paulino Guajajara ត្រូវ​បាន​បាញ់​ចំ​ក ហើយ​ស្លាប់ ចំណែក​ឯ​បុរស​ម្នាក់​ទៀត ត្រូវ​បាញ់​ចំ​ខ្នង​ប៉ុន្តែ​អាច​រត់​រួច។

ក្រោយ​កើត​ហេតុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសន្តិសុខសាធារណៈនៃប្រទេសប្រេស៊ីលលោក Sergio Moro បានហៅឧប្បត្តិហេតុនេះថាជាបទឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត។ លោក Moro បាន​សរសេរ​ក្នុង Twitter ថា "យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ចាប់​ខ្លួន​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ និង​រក​យុត្តិធម៌​ឲ្យ​ទាល់​តែ​បាន។”

គួរ​ឲ្យ​ដឹង​ថា ជន​ជាតិ​ភាគ​តិច The Guajarara គឺ​ជា​កុលសម្ព័ន្ធ​ដែល​រួម​គ្នា​ធ្វើ​ការ​អភិរក្ស​ព្រៃ​ត្រូពិច​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​ពួកគេ​ត្រូវ​បាន​ក្រុម​អ្នក​កាប់​ឈើ គំរាម​កំហែង​និង​វាយ​ប្រហារ​ជា​រឿយៗ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់