• 2019-11-12 12:41:44
  • ព័ត៌មាន

ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ និង​ចាប់កូនខ្លែងថ្ងៃបញ្ចប់បុណ្យអុំទូក

  • 2019-11-12 12:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយះពេល ៣​ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ ត្រូវបានបញ្ចប់ទៅទៅដោយបរិបូរណ៍។

នាវេលារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ស្តេចសព្វព្រះរាជហឫទ័យ​យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ និងយាងទតការប្រណាំងទូកង ទូកមួង ទូកចែវ ព្រមទាំងប្រោសព្រះរាជទានរង្វាន់ជានិមិត្តរូបដល់កីឡាករ កីឡាការនីទូក ដែលទទួលបានជ័យលាភី នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក នាព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង។​

ដោយមានការយាងអមដង្ហែដោយព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករផងដែរ។

ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្ងៃនេះ​ គឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។

បុណ្យអុំទូកឆ្នាំ ២០១៩ នេះមានទូកចូលរួមសរុប ២៩៧ទូកមកពីបណ្តាលខេត្ត និងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នាសរុបទាំងអស់​ ២៥ស្ថាប័ន តិចជាងឆ្នាំមុនចំនួន ១ទូក។ ទូកអុំបុរសមាន​ ១៦៧ទូក​​ អូកអុំនារី​មាន​ ១ទូក ទូកចែវបុរសមាន ៣០ទូក​ ទូកចែវនារីមាន ២ទូក ទូកខ្នាតអន្តរជាតិបុរស ៩៥ទូក ទូកខ្នាតអន្តរជាតិនារី ២ទូក ដែលមានអ្នកកីឡាករ កីឡាការិនី សរុប ១៩,២១៤នាក់៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់