- 2019-11-19 02:12:41
- ព័ត៌មាន
ត្រីល្បីឈ្មោះ រសជាតិឆ្ងាញ់ប្រចាំខេត្តស្ទឹងត្រែង សំបូរដែរទេ? ចុះតម្លៃវិញយ៉ាងម៉េចដែរ?
- 2019-11-19 02:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីល្បីឈ្មោះ រសជាតិឆ្ងាញ់ប្រចាំខេត្តស្ទឹងត្រែង សំបូរដែរទេ? ចុះតម្លៃវិញយ៉ាងម៉េចដែរ?
ចន្លោះមិនឃើញ
ត្រីប៉ាស៊ីអ៊ីត្រូវបានគេដឹងថា ជាប្រភេទត្រីកម្រ និងមានរសជាតិឆ្ងាញ់ប្រចាំនៅខេត្តស្ទឹងត្រែង។ លោកអ្នកដែលនិយមចូលចិត្តបរិភោគត្រីនេះអាចរកជាវបានចាប់ពីខែវិច្ឆិកា រហូតដល់ដើមខែមករា ឬខែកុម្ភៈ។ យ៉ាងណាមិញមន្ត្រីជំនាញផ្នែកជលផលប្រចាំខេត្តនេះបានឱ្យដឹងថា អំឡុងអាកាសធាតុចុះត្រជាក់ នាឱកាសបុណ្យអុំទូកត្រីប៉ាស៊ីអ៊ីបានចុះគួរសម។ ប៉ុន្តែមិនបានធ្វើឱ្យតម្លៃត្រីនេះប្រែប្រួលឡើយពោលគឺប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានថ្លែងប្រាប់ sabay ថា អំឡុងថ្ងៃបុណ្យអុំទូកកាលពីសប្ដាហ៍មុនអាកាសធាតុចុះត្រជាក់ ឃើញប្រជានេសាទចាប់បានគួរសម ប៉ុន្តែតម្លៃវិញនៅប្រហាក់ប្រហែលឆ្នាំមុនដែរ។ ឆ្នាំមុន តម្លៃត្រូវបានបែងចែកជាបីប្រភេទ ក្នុងនោះទម្ងន់ចាប់ពី ៤ខាំទៅ ៦ខាំ តម្លៃ មួយគីឡូក្រាមចន្លោះពី ៨ម៉ឺនរៀលទៅ ១០ម៉ឺនរៀល។ ទម្ងន់ចាប់ពី ៧ខាំ ទៅ៩ខាំ តម្លៃចាប់ពី១២ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល។ ទម្ងន់ចាប់ពី ១គីឡូក្រាមទៅជិត ២គីឡូក្រាម តម្លៃចាប់ពី ២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀល។
លោកបានបន្ថែមថា មន្ត្រីជំនាញនៅមិនទាន់អាចសន្និដ្ឋានទិន្នផលត្រីប៉ាស៊ីអ៊ី មានច្រើន ឬថយចុះជាងឆ្នាំមុនបានទេ។ គេត្រូវរង់ចាំមើលដល់ទៅខែធ្នូ ទើបអាចដឹងបាន។ ក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកបានសំណូមពរដោយទទូច និងអង្វរករចំពោះបងប្អូនប្រជានេសាទទាំងអស់ សូមធ្វើការនេសាទស្របទៅតាមច្បាប់។ ម្យ៉ាងវិញទៀត សូមមេត្តាកុំចាប់ត្រីមេពូជគ្រប់ប្រភេទ ដែលមានពង ជាពិសេសប្រភេទត្រីប៉ាស៊ីអ៊ីដែលកំពុងតែខ្សត់ទៅៗ។ បើនេសាទបានត្រីមានពង សូមមេត្តាប្រលែងទៅក្នុងធម្មជាតិវិញដើម្បីមានឱកាសបន្តពូជទៀតសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ត្រីប៉ាស៊ីអ៊ី ជាប្រភេទត្រីទឹកសាប ដែលមានរសជាតិឆ្ងាញ់ខុសពីត្រីដទៃ មាននៅទន្លេសេកុង និងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង កំពុងថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយមានតម្លៃថ្លៃ។ ទៅថ្ងៃអនាគតខេត្តស្ទឹងត្រែងគ្រោងនឹងប្រើប្រាស់បច្ចេកទេសបង្កាត់ពូជត្រីប៉ាស៊ីអ៊ី ដែលមានឈ្មោះល្បីខ្លាំងនេះ។ ប៉ុន្តែដើម្បីអាចធ្វើទៅបានលុះត្រាតែមានស្ថានីយស្រាវជ្រាវ និងពិសោធន៍ពូជត្រីជាមុនសិន។ ស្ថានីយនេះនឹងអាចសាងសង់ចប់សព្វគ្រប់នៅឆ្នាំក្រោយ។
អត្ថបទ៖ សុផល