• 2019-11-19 04:18:43
  • ព័ត៌មាន

ពូឈីវ៖ «ភ្ញាក់ផ្អើល ឃើញសំរាមពាសវាលពាសកាល នៅរមណីយដ្ឋានក្បាលឆាយ»

  • 2019-11-19 04:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលពេលទៅដល់រមណីយដ្ឋានក្បាលឆាយ ឃើញមានការចោលសំរាមពាសវាលពាសកាលស្ទើរគ្រប់ទីកន្លែង និងមានការបង្ហូរទឹកមិនស្អាតចូលទឹកធ្លាក់ទៀត»។ នេះជាការលើកឡើងរបស់ លោក ឡា ពិសិដ្ឋ ហៅ ពូឈីវ ដែលយុវជនគំរូ ផ្សព្វផ្សាយអំពីបញ្ហាសំរាម ជាពិសេសនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងលូទឹកស្អុយ នៅម្ដុំបឹងត្របែកកន្លងមក។

ពូឈីវ បានរៀបរាប់ប្រាប់ Sabay ទៀតថា យុវជនប្រមាណជា ២០នាក់បានទៅកម្សាន្តនៅរមណីយដ្ឋានក្បាលឆាយ ខេត្តព្រះសីហនុ ក្នុងន័យទៅលេងទឹក ប៉ុន្ដែប្រទះឃើញមានសំរាមក៏សម្រេចចិត្តរើសសំរាម ដែលភ្ញៀវទេសចរ និងអ្នកលក់ដូរបោះចោលពាសវាលពាសកាល ក្រោមដើមឈើ និងកន្លែងវាលៗមួយចំនួន។

ពូឈីវ គូរមុខមាត់ដើម្បីទាក់ទាញ លើការផ្សព្វផ្សាយ​អំពី​បរិស្ថាន​ស្អាត

ប្រតិបត្តិការណ៍ប្រមូលសំរាមនេះ បានចំណាងពេលជាង១ម៉ោង បានសំរាម១០បាវអង្ករ។ ប៉ុន្ដែសំរាមនៅមិនទាន់អស់នៅឡើយទេ ប៉ុន្ដែចៃដន្យគ្មានអស់បាវច្រកសំរាម ព្រោះតែមិនបានត្រៀមទុក ដោយប្រមូលសំរាមភ្លាមៗ។

យុវជនគំរូ ផ្នែកបរិស្ថានរូបនេះ បានលើកឡើងទៀតថា «កាលពី១០ឆ្នាំមុនខ្ញុំមកទីនេះអត់ឃើញមានសំរាមទេ ប៉ុន្ដែឥលូវប្រែប្រួលហើយ គឺសំរាមច្រើនណាស់ ដែលត្រូវស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនវិធានការសង្គ្រោះតំបន់រមណីយដ្ឋានយើង»

ពូឈីវ បានឲ្យដឹងថា អ្វីដែលមានការកត់សម្គាល់ដែលធ្វើឲ្យមានសំរាមពាសវាលពាសកាលបែបនេះ គឺនៅរមណីយដ្ឋានមួយនេះមិនសូវមានធុងសំរាម ទំនងជាមិនមានក្រុមហ៊ុនប្រមូលសំរាម ដោយពឹងលើសហគមន៍ប្រមូលដុតចោលដោយខ្លួនឯង ស្របពេលអ្នកលក់ដូរទុកដាក់មិនបានល្អ និងភ្ញៀវទេសចរមកកម្សាន្តញុំាហើយទុកសំរាមចោល។

យុវជនដែលបានបណ្ណសរសើរពីក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ដើម្បីឈរលើទិសស្លោករបស់ក្រសួងទេសចរ «រមណីយដ្ឋានស្អាត សេវាល្អ» គឺគ្រប់គ្នាត្រូវបង្កើនការទទួលខុសត្រូវលើការទុកដាក់សំរាម ដោយចោលសំរាមនៅក្នុងធុងសំរាម។

សូមបញ្ជាក់​ថា ទឹកជ្រោះ​ក្បាលឆាយ​មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ព្រៃនប់ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​មកពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​ទិស​ខាងជើង​មាន​ចំងាយ ៧​គីឡូម៉ែត្រ​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​ ២១៧​ប្រហែល ៩​គីឡូម៉ែត្រ​និង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញមួយ​នេះ។

ខាងក្រោម​នេះ សកម្មភាព​របស់ ក្រុម​យុវជន​សំរាម ស្ម័គ្រ​ចិត្ត រើសសំរាម​នៅ​រមណីយដ្ឋាន​ក្បាល​ឆាយ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់