• 2019-11-19 16:50:08
  • ព័ត៌មាន

ទិដ្ឋភាពយាងនិវត្តន៍នៃព្រះសពសម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី មកដល់វត្តបុទុមវតី

  • 2019-11-19 16:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសពសម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី បានដង្ហែមកដល់វត្តបុទុមវតី វេលាម៉ោង ៨យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងព្រះរាជពិធីចាំទទួលព្រះសពនេះមានវត្តមាននៃការយាងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល។

ក្នុងព្រះរាជពិធីចាំទទួលព្រះសពនេះក៏មានវត្តមាននៃការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្ដេច រាជវង្សានុវង្ស សមាជិក សមាជិកា ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតផងដែរ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រកាសថា «រាជរដ្ឋាភិបាលកំណត់យកជាថ្ងៃកាន់ទុក្ខនៃការសោយទិវង្គត សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សូមឲ្យគ្រប់ស្ថាប័នរដ្ឋ និងផ្នែកឯកជនទម្លាក់ទង់ជាតិ ចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការចូលរួមការកាន់ទុក្ខ ចំពោះការបាត់បង់ដ៏ធំធេងសម្រាប់ជាតិរបស់យើង»។

សូមថ្វាយមហាព្រះមហាកុសល បួងសួងដល់អំណាចនៃគុណព្រះរតនត្រ័យ និងកុសលផលបុណ្យទាំងឡាយ ថ្វាយដល់ព្រះបរមសពព្រឹទ្ធាចារ្យសិល្បៈ ពេទនាដវដ្តីឯក សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅសោយសុខនាឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព្រះអង្គ ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ នៃ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕

រូបថត៖ AKP

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់