• 2019-11-20 10:15:57
  • ព័ត៌មាន

គម្រោង «សាលាស្អាត» កំពុងបំផុសស្មារតីសិស្សានុសិស្សឲ្យចេះទុកដាក់សំរាម!

  • 2019-11-20 10:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាងកន្លះខែមកនេះ យុទ្ធនាការភ្នំពេញស្អាត បានចុះអប់រំផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សរាប់រយនាក់ ក្នុងចំណោមសាលាចំនួន១៧ ក្នុងរាជធានីភ្នំពេញ។ ការអប់រំផ្សព្វផ្សាយនេះ ស្ថិតនៅក្នុងផែនការ «សាលាស្អាត» ដែលរំពឹងថា សិស្សានុសិស្សនឹងកាន់តែយល់ច្បាស់អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

អ្នកស្រី ប៉ុន សោភ័ណ ប្រធានគម្រោងស្អាត បានប្រាប់ Sabay ថា ឆ្នាំនេះជាឆ្នាំទី៣ នៃគម្រោងភ្នំពេញស្អាត ហើយជារៀងរាល់ឆ្នាំរមែងយកខែវិច្ឆិកា ធ្វើជាយុទ្ធនាការស្អាត។ ឆ្នាំនេះគម្រោងបានផ្ដោតលើការប្រកួតប្រជែងក្នុងការរៀបចំផែនការសាលាស្អាត។

អ្នកស្រី ប៉ុន សោភ័ណ ប្រធានគម្រោងស្អាត

ចាប់ពីថ្ងៃបើកសម្ពោធយុទ្ធនាការភ្នំពេញស្អាត កាលពីដើមខែនេះ គម្រោងបានកិច្ចសហការពីសាលាចំនួន ១៧ នៅរាជធានីភ្នំពេញដែលមានសិស្សសរុបប្រមាណជា២០០នាក់ រួមគ្នាក្នុងការបង្កើតគម្រោងផែនការសាលាស្អាត។ គម្រោងនេះត្រូវឆ្លងកាត់ការធ្វើកិច្ចការរួមគ្នាជាច្រើន រវាងសិស្ស គ្រូផ្តល់ឪវាទ និង ក្រុមយុវជនស្អាត។ ជារួមសកម្មភាពទាំងនេះ ត្រូវប្រើពេល១ខែពេញតែម្តង ទំរាំទទួលបានលទ្ធផលជាផ្លែផ្កាដាក់ជូនគណកម្មការ។

«យើងរំពឹងថា សកម្មភាពនៃការចូលរួមរបស់សិស្សានុសិស្ស គឺជាជំហានថ្មីមួយឆ្ពោះទៅរកគោលដៅសាលាស្អាត ដោយផ្ដើមពីក្មេងៗ ក្លាយជាក្មេងគំរូ លើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយពួកគេនឹងធ្វើការផ្សព្វផ្សាយបន្ដ»។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៉ុន សោភ័ណ។

ប្រធាន​គម្រោង​ស្អាត បាន​បន្ថែម​ទៀត​ថា «ឆ្នាំនេះយើងបានបណ្ដុះគំនិតសិស្សានុសិស្ស ហើយយើងរំពឹងថា ឆ្នាំក្រោយ ឬឆ្នាំបន្ទាប់ យើងនឹងឃើញសកម្មភាព នៃការអនុវត្តបានល្អ លើការទុកដាក់សំរាម ឈានទៅសម្រេចបានសាលាស្អាត ឬភ្នំពេញស្អាត ឬកម្ពុជាស្អាត»

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់