- 2019-11-25 04:49:43
- ព័ត៌មាន
រកឃើញបេក្ខភាពសាលាចំនួន ៧ ដែលជាប់វគ្គជម្រុះនៃផែនការ «សាលាស្អាត»
- 2019-11-25 04:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញបេក្ខភាពសាលាចំនួន ៧ ដែលជាប់វគ្គជម្រុះនៃផែនការ «សាលាស្អាត»
ចន្លោះមិនឃើញ
យុទ្ធនាការភ្នំពេញស្អាត បានចុះអប់រំផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សរាប់រយនាក់ ក្នុងចំណោមសាលាចំនួន១៧ ក្នុងរាជធានីភ្នំពេញ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ការអប់រំផ្សព្វផ្សាយនេះ ស្ថិតនៅក្នុងផែនការ «សាលាស្អាត» ដែលរំពឹងថា សិស្សានុសិស្សនឹងកាន់តែយល់ច្បាស់អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ក្រោយឆ្លងកាត់រយៈពេលស្ទើរពេញ១ខែរួចមក ផែនការ «សាលាស្អាត» បានរកឃើញបេក្ខភាពសាលាចំនួន ៧ ដែលរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យទួលទំពូង វិទ្យាល័យជាស៊ីមសន្ធរម៉ុក វិទ្យាល័យចំរើនផល វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យបញ្ញាសាស្រ្តអន្តរជាតិ និងវិទ្យាល័យវេសឡាញន៍ (សន្ធរម៉ុក)។
ក្នុងចំណោមបេក្ខភាពសាលាទាំង ៧ នោះ នឹងត្រូវជ្រើសរើសយកសាលាចំនួន ៣ ដែលមានគំនិតល្អជាងគេក្នុងការលើកកម្ពស់សោភ័ណភាពបរិស្ថានតាមសាលារៀងៗខ្លួន។ ពិធីប្រកាសលទ្ធផល នឹងធ្វើឡើងនៅក្នុងពិធីបិទយុទ្ធនាការភ្នំពេញឆ្នាំ២០១៩ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ ក៏មានការប្រកាសពានរង្វាន់គម្រោងទស្សនាទានសាលាស្អាត ដែលក្នុងនោះបែងចែកជ័យលាភីជា ៣ផ្នែក ដូចជា៖
១. គម្រោងផែនការដែលលេចធ្លោជាងគេប្រចាំឆ្នាំ
២. គម្រោងផែនការដែលមាននិរន្តភាព
៣. គម្រោងផែនការដែលមានគំនិតច្នៃប្រឌិតប្លែកពីគេ
អ្នកស្រី ប៉ុន សោភ័ណ ប្រធានគម្រោងស្អាត បានប្រាប់ Sabay ថា ឆ្នាំនេះជាឆ្នាំទី៣ នៃគម្រោងភ្នំពេញស្អាត ហើយជារៀងរាល់ឆ្នាំរមែងយកខែវិច្ឆិកា ធ្វើជាយុទ្ធនាការស្អាត។ ឆ្នាំនេះគម្រោងបានផ្ដោតលើការប្រកួតប្រជែងក្នុងការរៀបចំផែនការសាលាស្អាត។
«យើងរំពឹងថា សកម្មភាពនៃការចូលរួមរបស់សិស្សានុសិស្ស គឺជាជំហានថ្មីមួយឆ្ពោះទៅរកគោលដៅសាលាស្អាត ដោយផ្ដើមពីក្មេងៗ ក្លាយជាក្មេងគំរូ លើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយពួកគេនឹងធ្វើការផ្សព្វផ្សាយបន្ដ»។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៉ុន សោភ័ណ។
ប្រធានគម្រោងស្អាត បានបន្ថែមទៀតថា «ឆ្នាំនេះយើងបានបណ្ដុះគំនិតសិស្សានុសិស្ស ហើយយើងរំពឹងថា ឆ្នាំក្រោយ ឬឆ្នាំបន្ទាប់ យើងនឹងឃើញសកម្មភាព នៃការអនុវត្តបានល្អ លើការទុកដាក់សំរាម ឈានទៅសម្រេចបានសាលាស្អាត ឬភ្នំពេញស្អាត ឬកម្ពុជាស្អាត»៕