- 2019-11-27 08:41:44
- ព័ត៌មាន
ចំណេញលើចំណេញសម្រាប់អ្នកចង់ធ្វើ Passport ខ្លួនឯងលើកដំបូងគួរដឹង
- 2019-11-27 08:41:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញលើចំណេញសម្រាប់អ្នកចង់ធ្វើ Passport ខ្លួនឯងលើកដំបូងគួរដឹង
ចន្លោះមិនឃើញ
ចាប់តាំងពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការស្នាក់ការធ្វើលិខិតឆ្លងដែន ឬហៅថា Passport នៅផ្សារទំនើបអ៊ីអនម៉លសែនសុខកាលពីឆ្នាំកន្លងទៅមក គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរនាំគ្នាទៅធ្វើខ្លួនឯងច្រើនដោយមិនចាំបាច់ប្រើសេវាកម្មឯកជន ដោយសារតែទីតាំងនៅផ្សារស្រាប់ មានកន្លែងអង្គុយរង់ចាំទូលាយស្រួល និងអាចដើរលេងកម្សាន្តផ្សារផងដែរ។
ដោយឡែកសម្រាប់អ្នកចង់ធ្វើលិខិតឆ្លងដែនលើកដំបូង និងចំណេញពេលវេលាគួរដឹងដំណើរការនៃការធ្វើជាមុន ដោយសារតែវាមានច្រើនដំណាក់កាលសំខាន់ៗ រួមមាន៖
១. រង់ចាំទិញលិខិតស្នើសុំធ្វើលិខិតឆ្លងដែន (តម្លៃ ១ពាន់រៀល)
២. បំពេញឯកសារ
នេះជាដំណាក់កាលមួយដែលពិបាកជាងគេសម្រាប់អ្នកមិនដែលដឹងសោះ ព្រោះអាចនឹងចំណាយពេលវេលាយូរ ត្រូវបំពេញប្រវត្តិផ្ទាល់ខ្លួន ដែលចាំបាច់ត្រូវយកឯកសារសំខាន់ភ្ជាប់ជាមួយដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។ ប៉ុន្តែបើមិនចង់យកទៅច្រើននាំរញ៉ែរញ៉ៃ យើងអាចយកតែអត្តសញ្ញាណប័ណ្ណ និង កត់ចំណាំលេខ និងថ្ងៃទីចុះ នៃសៀវភៅគ្រួសារ។ មួយទៀត កុំភ្លេចយកប៊ិចទៅផង។
៣. មន្ត្រីពិនិត្យ និងថតចម្លងឯកសារ
នៅដំណាក់កាលនេះ មន្ត្រីនឹងហៅឈ្មោះរបស់យើង ហេតុនេះ យើងគួរឈរ ឬអង្គុយនៅក្បែរៗហ្នឹង ដើម្បីរង់ចាំស្ដាប់ឈ្មោះ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺនៅពេលគេពិនិត្យឯកសាររបស់យើង យើងអាចមានកន្លែងសរសេរខុស ហើយកន្លែងដែលខុសញឹក និងច្រើនជាងគេ គឺអាស័យដ្ឋានរបស់យើង។ តួយ៉ាង ប្រសិនបើយើងមិនទាន់រៀបការ ឬរៀបការរួច និងមានផ្ទះខ្លួនឯង តែមិនទាន់មានសៀវភៅគ្រួសារ ក៏មិនអាចបំពេញអាស័យដ្ឋានផ្ទះនៅភ្នំពេញបានដែរ ដរាបណាយើងមានសៀវភៅគ្រួសារផ្ទាល់ខ្លួន។ ដូចគ្នាសម្រាប់អ្នកនៅផ្ទះជួលដែរ ពោលគឺមិនអាចដាក់អាស័យនៅផ្ទះជួលបាននោះទេ ចាំបាច់ត្រូវដាក់អាស័យដ្ឋានតាមសៀវភៅគ្រួសារ។
៤. បង់ថ្លៃសម្រាប់ឯកសារស្នើសុំធ្វើលិខិតឆ្លងដែន (តម្លៃ ១ម៉ឺន ៦ពាន់រៀល)
៥. ថតរូប (យើងមិនចាំបាច់ផ្ដិត ឬថតរូបខ្លួនឯងនោះទេ ព្រោះនៅទីនោះគេមានកន្លែងថតស្រាប់)
៦. រង់ចាំគេបិទរូបថត ហើយយកឯកសារ
៧. វាស់កម្ពស់
៨. សម្ភាសប្រវត្តិខ្លះៗ
៩. បង់ថ្លៃសេវាធ្វើលិខិតឆ្លងដែន ចុចអានលម្អិតបន្ថែម លើតម្លៃសេវា
បញ្ជាក់៖ ត្រូវរក្សាចុងសន្លឹកឲ្យបានល្អ ព្រោះត្រូវទុកវារង់ចាំទៅដកលិខិតឆ្លងដែន នៅរយៈពេលកំណត់។
ចុចអាន៖ ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត