- 2019-12-09 02:14:19
- សេដ្ឋកិច្ច
ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ
- 2019-12-09 02:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ
ចន្លោះមិនឃើញ
ប្រទេសកម្ពុជានឹងបញ្ចប់ការរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយឆ្នាំ ២០២១-២០៣០នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខនេះ ។ កិច្ចប្រជុំអន្តរក្រសួងដែលត្រូវបានចាប់ផ្ដើមនៅពាក់កណ្ដាលសប្ដាហ៍មុននៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ ។
ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន “សេចក្តីព្រាងផែនការមេ” នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៨មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។ មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រឹត និងគ្រប់ជ្រុងជ្រោយ ។
“សេចក្តីព្រាងផែនការមេ” នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក និងជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, បង្កើនភាពប្រកួតប្រជែង និងពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តភាពនៃកំណើនសេដ្ឋកិច្ច ក្នុងកម្រិតឧត្តមានុពល។
“សេចក្តីព្រាងផែនការមេ” នេះ រួមបញ្ចូលផែនការមេចំនួន៧ ដែលក្នុងនោះ រួមមាន៖
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀតរបស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិសក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួម នៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្ទីក ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។
ឆ្លងតាមបទបង្ហាញរបស់ក្រុមការងារបច្ចេកទេស អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ “សេចក្តីព្រាងផែនការមេ” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់រវាងមធ្យោបាយដឹកជញ្ជូនចាំបាច់នានា ជាពិសេសឆ្លើយតបខ្ពស់ទៅនឹងបរិការណ៍កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។
“សេចក្ដីព្រាងផែនការមេ” នេះ បានផ្ដល់ជាជម្រើសវិធានការថា ត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាពសម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្ដោតលើគុណភាពឱ្យច្រើនជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារ និងពង្រឹងឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក។ “សេចក្តីព្រាងផែនការមេ” ក៏បានកំណត់នូវអភិក្រម ៣.៣.៤.២ ដែលជារូបមន្តនៃការតភ្ជាប់របស់កម្ពុជាក្នុងកម្រិតប្រទេស និងតំបន់ ដែលសំដៅលើ របៀងដឹកជញ្ជូនចម្បង៣ (ភាគពាយព្យ ឬភ្នំពេញ-ប៉ោយប៉ែត, អាគ្នេយ៍ ឬភ្នំពេញ-បាវិត, និរតី ឬភ្នំពេញ-ក្រុងព្រះសីហនុ), របៀងដឹកជញ្ជូនរង ៣ (តំបន់ឆ្នេរ, តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ខាងជើង), ប៉ូលកំណើន ៤ (ភ្នំពេញ, ខេត្តព្រះសីហនុ, សៀមរាប និងបាត់ដំបង), និង ប៉ូលភ្ជាប់កំណើន ២ (ស្វាយរៀង-បាវិត, សិរីសោភណ្ឌ-ប៉ោយប៉ែត) ។ អង្គប្រជុំ ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសម្រាប់ជាធាតុចូលបន្ថែម ក្នុងការកែលម្អ “សេចក្តីព្រាងផែនការមេ” នេះ ដែលក្រុមការងារបច្ចេកទេសនឹងធ្វើការសិក្សាបន្តបន្ថែមទៀត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការវាយតម្លៃខ្ពស់និងអំណរគុណចំពោះក្រុមការងារបច្ចេកទេសចិន ដែលដឹកនាំ ដោយលោកស្រី ស៊ឺ សាំងអ៊ីន (She Xiangyun) នាយកគម្រោង សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំ “សេចក្ដីព្រាងផែនការមេ” គ្រប់ជ្រុងជ្រោយនេះ ក៏ដូចជាបានថ្លែងអំណរគុណដល់មិត្តចិនដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុលើការសិក្សានេះ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការសម្របសម្រួលពីគ្រប់ភាគីកម្ពុជាទាំងអស់ ជាពិសេស ក្រុមការងារនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងដំណើរការនៃការសិក្សាផែនការមេនេះ។ អង្គប្រជុំ ក៏បានសម្ដែងនូវការប្ដេជ្ញាខ្ពស់ ក្នុងការបន្តនូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លា និងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស ដើម្បីបន្តផ្ដល់ធាតុចូលក្នុងការកែលម្អ “សេចក្ដីព្រាងផែនការមេ” នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពអនុវត្តទូលំទូលាយ៕