• 2020-01-14 08:33:25
  • ព័ត៌មាន

ចាប់​ពី​ឆ្នាំ ២០២០ នេះ​ វាលស្មៅប្រាសាទអង្គរ នឹង​មានភាពបៃតងទាំងខួបប្រាំងខួបវស្សា

  • 2020-01-14 08:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និង​បរិស្ថាន​ល្អ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ អាជ្ញាធរជាតិអប្សរាបាន និងកំពុងយកចិត្តទុកដាក់ កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដោយ​ចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រម​ទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការ​លើក​កម្ពស់​សោភ័ណភាព និងទេសភាពបៃតង និង​ផែន​ការ​អនាគត​របស់​អាជ្ញាធរជាតិអប្សរា​ដើម្បី​បន្ត​រៀបចំ​សោភ័ណភាព​បរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។

ជាក់ស្ដែង ក្រុមការងារ​កំពុង​តែ​បាន​ធ្វើការ​ដក​ហូត​ដើម​ឈើ​និង​កាត់​ក្រី​មែក​ឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ខាងត្បូង​ប្រាសាទ​អង្គរវត្ត ការ​បញ្ចូលទឹកក្នុងស្រះខាងត្បូង។ ដូច្នេះ​អ្វីដែល​អាជ្ញាធរជាតិអប្សរា​កំពុង​តែ​អនុវត្តន៍ និង​ផែនការ​អនាគត​គឺ​សំដៅ​លើក​កម្ពស់​សោភ័ណ​ភាព ការរៀប​ចំសណ្តាប់ធ្នាប់សាធារណៈ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​មិន​ត្រឹម​តែ​ប្រាសាទអង្គរវត្តនោះទេ តែ​រមណីយដ្ឋាន​អង្គរទាំងមូល។

ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ដែល​នឹង​ធ្វើ​ការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា​រៀបចំ​ឲ្យ​មាន​មណ្ឌល​បដិ​សណ្ឋារកិច្ច​សម្រាប់​ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និង​ការដាំកូនឈើឡើងវិញ កែ​លម្អ​បរិស្ថាន​នៅទីនោះ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់