- 2020-01-20 02:56:01
- ព័ត៌មាន
ទីបំផុត! អ៊ីរ៉ង់យល់ព្រម ប្រគល់ប្រអប់ខ្មៅរបស់យន្ដហោះដែលខ្លួនបាញ់ធ្លាក់ ទៅឲ្យអ៊ុយក្រែន
- 2020-01-20 02:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! អ៊ីរ៉ង់យល់ព្រម ប្រគល់ប្រអប់ខ្មៅរបស់យន្ដហោះដែលខ្លួនបាញ់ធ្លាក់ ទៅឲ្យអ៊ុយក្រែន
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃសៅរ៍ថាខ្លួនបានរៀបចំបញ្ជូនប្រអប់ខ្មៅនៃយន្ដហោះដែលមីស៊ីលបាញ់ធ្លាក់ ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែនហើយ។
យោងតាមភ្នាក់ងារសារព័ត៌មាន Tasnim ឲ្យដឹងថាអាជ្ញាធរបានរៀបចំអ្នកជំនាញមកពីប្រទេសបារាំង, កាណាដា និងសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យទិន្នន័យ និងម៉ាស៊ីនថតសំឡេងពីយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលត្រូវយោធាអ៊ីរ៉ង់ច្រលំបាញ់កាលពីថ្ងៃទី ៨ខែមករាកន្លងទៅ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាប្រអប់ខ្មៅនោះនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនពេលណានោះទេ ដោយរង់ចាំការត្រួតពិនិត្យពីអ្នកជំនាញសិន។ ប៉ុន្តែច្បាស់ណាស់ថា ប្រអប់ខ្មៅនឹងមិនត្រូវបានបើកក្នុងប្រទេសអ៊ីរ៉ង់ ហើយបញ្ជូនបន្ដទៅកាន់ប្រទេសបារាំង។
គួរឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើងក្រោយពេលដែលអ៊ីរ៉ង់បាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាមេរិកពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសងសឹកអាមេរិកដែលសម្លាប់ឧត្ដមសេនីយ៍កំពូលរបស់ខ្លួន។ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ ការណ៍នេះបានធ្វើឲ្យអ៊ីរ៉ង់កាន់តែធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិអន្ដរជាតិ និងត្រូវប្រឈមមុខជាមួយការខឹងសម្បារពីប្រជាពលរដ្ឋ ដោយពួកគេនាំគ្នាចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទូទាំងប្រទេស និងទាមទារឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatolla Ali Khamenei ចុះចេញពីតំណែងហើយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់ ត្រូវកាត់ទោសប្រហារជីវិតទៀតផង៕