• 2020-01-20 06:34:45
  • ព័ត៌មាន

ញាក់សាច់! អាជ្ញាធរប៉ារ៉ាហ្គាយ កំពុងឈឺក្បាលខ្លាំងក្រោយអ្នកទោសហែកគុកម្ដង ៧៥នាក់

  • 2020-01-20 06:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ប៉ារ៉ាហ្គាយ ​អះអាង​ថា​អ្នក​ទោស​ចំនួន ៧៥​នាក់​ បាន​នាំ​គ្នា​ហែកគុក​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​នៅ​ពន្ធនាគារ​ភាគ​ខាង​កើត​ប្រទេស​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រេស៊ីល។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ដាក់​ការ​សង្ស័យ​ទៅ​លើ​បញ្ហា​នេះ ដោយ​សារ​អ្នក​ទោស​ភាគ​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ​ដោយ​សេរី​តាម​ច្រក​ទ្វារ​ធំ​ដោយ​ឆ្មាំ​គុក។ ក្រុម​មន្ត្រី បាន​រក​ឃើញ​រូង​ក្រោម​ដី​មួយ​ដែល​ត្រូវ​បាន​ជីក ប៉ុន្តែ​ពួកគេ​អះ​អាង​ថា​នេះ​គ្រាន់​តែ​ជា​ការ​បំភ័ន្ត​ភ្នែក​សម្រាប់​ការ​ហែក​គុក​ប៉ុណ្ណោះ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ភាគ​ច្រើន​នៃ​ក្រុម​អ្នក​ហែក​គុក​ទាំង​នោះ ស្ថិត​នៅ​ក្នុង​ក្រុម​ឧក្រិដ្ឋជន​ធំ​ជាង​គេ​បំផុត​របស់​ប្រេស៊ីល។

ក្រោយ​ពេល​កើត​ហេតុ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ងារ និង​ចាប់​ខ្លួន​មន្ត្រី​ឆ្មាំ​គុក​ទាំង​អស់​ដែល​ពាក់​ព័ន្ធ។ រដ្ឋមន្ត្រី Cecilia Perez ឲ្យ​ដឹង​ថា អ្នក​ទោស​នៅ​ជាន់​ទី​ពីរ ក៏​បាន​រត់​គេច​ខ្លួន​ផង​ដែរ ដោយ​សារ​តែ​របង​គុក​របស់​ពួកគេ​ត្រូវ​បាន​បើក។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​ថា​ការ​ហែក​គុក​នេះ ត្រូវ​បាន​គ្រោង​ឡើង​ដោយ​បង់​ប្រាក់​ចំនួន ៨ម៊ឺន​ដុល្លារ​ទៅ​ឲ្យ​ភ្នាក់​ងារ ហើយ​នេះ​ជា​អំពើ​ពុក​រលួយ​ជាក់​ស្ដែង។

គួរ​ប​ញ្ជាក់​ដែរ​ថា ក្រុម​ឧក្រិដ្ឋជន​ប្រេស៊ីល​នេះ មាន​សមាជិក​ជាង ៣​ម៉ឺន​នាក់​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Sao Paulo ហើយ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធ និង​ថ្នាំ​ញៀន​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ទូទាំង​ប្រទេស និង​ឈាន​ដល់​ប្រទេស​ក្បែរ​ខាង​ប៉ារ៉ាហ្គាយ​, បូលីវី និង​កូឡុំប៊ី​ផងដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់