- 2020-01-20 07:55:56
- សេដ្ឋកិច្ច
មុនយកលុយដែលខូចគុណភាពទៅប្តូរយកថ្មី មកមើលចំណុចទាំងនេះសិន!
- 2020-01-20 07:55:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនយកលុយដែលខូចគុណភាពទៅប្តូរយកថ្មី មកមើលចំណុចទាំងនេះសិន!
ចន្លោះមិនឃើញ
យោងតាមសេចក្តីណែនាំ ស្តីពីការពិនិត្យប្តូរប្រាក់រៀល មិនគ្រប់លក្ខណៈ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញពីគោលការណ៍វាយតម្លៃប្រាក់រៀល មិនគ្រប់លក្ខណៈរួមមាន ៤ចំណុចដូចខាងក្រោម៖
១.ប្រាក់រៀលខូចគុណភាពមកពីអាយុកាលប្រើប្រាស់ ដូចជាពុកផុយ ចាស់ ទក់ រហែក ហើរពណ៌ ឬដាច់ដោចជាច្រើកន្លែង ប៉ុន្តែរក្សាភាពដើមទំហំ ៧០% នៃក្រដាសប្រាក់ គឺធនាគារអាចពិនិត្យប្តូរជូនភ្លាមៗ។
២. ប្រាក់រៀលខូចគុណភាពមកពីការថែទាំមិនបានល្អ៖
-ក្រដាសប្រាក់ប្រឡាក់ប្រេង ឬទឹកខ្មៅតិចតួច ជ្រួញ សរសេរ ឬគូរវាសតិចតួច ឬ រហែកបាត់បង់ទ្រង់ទ្រាយ ប៉ុន្តែនៅមានហត្ថលេខាទាំង២ និងលេខមាលាគ្រប់គ្រាន់ ហើយបិទផ្គុំគ្នារក្សាភាពដើមទំហំ ៧០% នៃក្រដាសប្រាក់ គឺអាចពិនិត្យប្តូរជូនបាន។
-ធនាគារជាតិនៃកម្ពុជា បដិសេធមិនប្តូរក្រដាសប្រាក់ដែលបាត់បង់ទំហំពី៣០%ឡើងទៅ។ ក្រដាសប្រាក់ទាំងនោះ ត្រូវដកចេញពីចរាចរ ដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគាតជាតិ យល់ព្រមសងមួយផ្នែក ឬទាំងអស់។
-ក្រដាសប្រាក់ បៀមទឹក ភ្លើងឆេះ កណ្តៀរកោរកណ្តុរកាត់ ដោយសារការធ្វេសប្រហែស ទុកដាក់មិនបានល្អ ឬករណីប្រធានស័ក្តិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ លិចកប៉ាល់-ទូក ភ្លើងឆេះផ្ទះ ឆេះអគារ គឺអាចពិនិត្យប្តូរតាមលក្ខខណ្ឌដូចខាងក្រោម៖
ក្នុងករណីមានចំនួន២ ឬ ៣សន្លឹក ហើយផ្ទៃក្រដាសប្រាក់ខូចតិចតួច ធនាគារជាតិអាចពិនិត្យប្តូរជូនភ្លាមតាមតម្លៃដើមនៃសន្លឹកក្រដាសប្រាក់។
ក្នុងករណីមានចំនួនច្រើនសន្លឹក ធនាគារជាតិមិនអាចប្តូរជូនបានភ្លាមទេ គឺត្រូវទទួលទុកជាបណ្តោះអាសន្នដើម្បីគណៈកម្មការពិនិត្យ និងសម្រេចលទ្ធភាពអាចប្តូរបាន ឬមិនបាន។ ម្ចាស់ប្រាក់ត្រូវបំពេញលិខិតសុំប្តូរប្រាក់មិនគ្រប់លក្ខណៈ នៅនាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡាស្នាក់ការកណ្តាល (ការិយាល័យគ្រប់គ្រងសាច់ប្រាក់) ហើយត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬនគរបាលមូលដ្ឋានច្បាស់លាស់អំពីករណីប្រធានស័ក្តិដែលបានកើតឡើង។
៣.ប្រាក់រៀលខូចគុណភាពមកពីចេតនាបំផ្លាញ៖
-ក្រដាសប្រាក់ត្រូវបាន ប្រឡាក់ប្រេង ទឹកថ្នាំ សរសេរ ឬគូរវាស លើព្រះឆាយាល័ក្ខព្រះមហាក្សត្រគឺត្រូវដកហូតដោយគ្មានសំណងចំពោះម្ចាស់ប្រាក់ឡើយ។
-ក្រដាសប្រាក់នៅថ្មី តែរហែកដាច់ដោយស្នាមចាប់ហែក ឬកាត់ផ្តាច់ ហើយមានផ្ទៃនៅសល់លើសពី ៧០% និងរក្សាបាននូវហត្ថលេខាទាំង២ និងលេខមាលាគ្រប់គ្រាន់ គឺអាចប្តូរបានតែ ២ ឬ ៣សន្លឹកប៉ុណ្ណោះ។ ក្នុងករណី មានចំនួនច្រើនសន្លឹក ធនាគារជាតិ មិនអាចប្តូរជូនបានភ្លាមទេ គ្រាន់តែទទួលទុកបណ្តោះអាសន្នដើម្បីពិនិត្យ។
-ក្រដាសប្រាក់ ប្រឡាក់ប្រេងដាមច្រើន ឬសរសេរគូរវាសក្រវេមក្រវាមធ្វើឱ្យបាត់រូបភាពក្រដាសប្រាក់ពិត ឬប្រឡាក់ទឹកថ្នាំគ្រប់ប្រភេទ ដែលចេញពីឧបករណ៍សុវត្ថិភាពរបស់ម៉ាស៊ីន ATM ធនាគារជាតិ មិនអាចប្តូរជូនបានភ្លាមទេ និងត្រូវដកហូតជាបណ្តោះអាសន្ន ដើម្បីពិនិត្យស្រាវជ្រាវ។
៤.ប្រាក់រៀលបោះពុម្ពខុសបច្ចេកទេសរបស់រោងពុម្ព ធ្វើឱ្យលើស ឬខ្វះលក្ខណៈពិសេសណាមួយនៃក្រដាសប្រាក់ ធនាគារជាតិ ពិនិត្យប្តូរជូនភ្លាម៕