- 2020-02-14 00:00:00
- ព័ត៌មាន
ដើរលេងឌូប៊ៃជិះរថភ្លើងមិនដល់ ១ដុល្លារសប្បាយយកទៅណាអស់
- 2020-02-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងឌូប៊ៃជិះរថភ្លើងមិនដល់ ១ដុល្លារសប្បាយយកទៅណាអស់
ចន្លោះមិនឃើញ
ឌូប៊ៃជាទីក្រុងដ៏ធំមួយនៃចក្រភពអារ៉ាប់រួម ដែលអ្នកគ្រប់គ្នាដឹងតៗគ្នាថា សំបូរដោយប្រជាជនអ្នកមានរស់នៅទីនោះ។ ប៉ុន្តែបើនិយាយពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងឃើញថា មានការពេញនិយមបំផុតសម្រាប់មនុស្សទូទៅនៅទីក្រុងនេះ។ ប្រភេទរថភ្លើងមួួយដែលសង្កេតថាមានអ្នកជិះច្រើនជាងរថភ្លើងនានានោះគឺ Metro ជារថភ្លើងវែងជាងគេក្នុងលោកកាលពីឆ្នាំ២០១២ ជាប្រភេទរថភ្លើងគ្មានមនុស្សបើក ដែលមានប្រវែងផ្លូវរត់រហូតដល់ ៧៥គីឡូម៉ែត្រ ខ្វាត់ខ្វែងពេញទីក្រុង។
កាលពីថ្មីៗនេះ ក្រុមការងារ Sabay បានទៅដល់ទីក្រុងដ៏ទំនើបនេះ ដោយបានធ្វើដំណើរជាមួយរថភ្លើងប្រភេទខាងលើ ក្នុងមួយជើងចំណាយអស់មិនដល់ ១ដុល្លារឡើយ ប៉ុន្តែចាំបាច់ត្រូវមានកាត ដែលអាចទិញមួយអាចប្រើប្រាស់គ្រប់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់។ សម្រាប់អ្នកទៅលេងទីក្រុងនេះ ក្នុងរយៈពេលខ្លី អាចទិញនិងបញ្ចូលលុយដែលតិចជាងគេគឺ ៧ដុល្លារ អាចប្រើបាន១អាទិត្យ។
រថភ្លើងMetro មាន២ខ្សែ រត់ចាប់ពីម៉ោង ៥ភ្លឺ ដល់ ១យប់ តែសម្រាប់ថ្ងៃសុក្រ គឺចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង១យប់ ព្រោះជាថ្ងៃឈប់សម្រាក។ ហើយបើយើងដើរលេងនៅហ្នឹងក៏ត្រូវដឹងម៉ោងដែលមមាញឹកស្ទះជាងគេ វាក៏មិនខុសពីនៅភ្នំពេញដែរគឺ ចន្លោះម៉ោង ៦ ទៅ ៨ព្រឹក, ម៉ោង ១២ថ្ងៃត្រង់ ទៅ ២ និងម៉ោង ៥ ទៅ៩យប់។ អ្វីដែលសំខាន់រង់ចាំជិះ មិនដល់ ៥នាទីនោះទេ។
អូ! មួយទៀត រឿងបម្រាមជិះរថភ្លើងនេះ គេហាម ញ៉ាំចំណី និងភេសជ្ជៈ ហើយបើប្រព្រឹត្តនោះនឹងត្រូវផាកលុយ ប្រហែល ជិត ៣០ដុល្លារ និងដាច់ខាតកុំទំពារស្ករកៅស៊ូនៅក្នុងរថភ្លើងផងដែរ។
អ្វីដែលចាប់អារម្មណ៍សម្រាប់នារី និងកុមារ នៅលើរថភ្លើងនេះមានកន្លែងឲ្យពួកគេ ដោយតំណាងពណ៌ផ្កាឈូកនេះ ហើយបុរសៗពួកគាត់គ្មានសិទ្ធិអង្គុយ ឬឈរនៅកន្លែងនេះឡើយ។
អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូដំណើរកម្សាន្តនៅឌូប៊ៃរបស់ក្រុមការងារ Sabay បន្ថែមនៅខាងក្រោមនេះ៖
ភាគ១៖
ភាគ២៖