• 2020-02-20 08:41:47
  • ព័ត៌មាន

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ នឹង​រៀប​ចំ​​​​ព្រះ​ពិធី​បុណ្យ​​ខួប​គម្រប់​​ ​១០០​ថ្ងៃ​​សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ នៅ​សប្ដាហ៍​ក្រោយ​

  • 2020-02-20 08:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រះ​ពិធីបុណ្យ​​ខួប​​គម្រប់​ ១០០​ថ្ងៃ​សម្ដេច​រាជ​បុត្រី​ព្រះរាម​ នរោត្តម បុប្ផាទេវី​ នឹង​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ នៅ​​វត្ត​បទុមវតី ។ នេះ​បើ​តាម​ការ​​​ឱ្យ​​ដឹង​ពី​លោក យាង វណ្ឌី ស្ថាបនិក​ក្រុម​ព្រះ​សុរិយា បាន​ថ្លែង​ប្រាប់​ sabay។

​យ៉ាង​​ណា​មិញ​​លោក​បាន​បន្ថែម​​ថា​ ព្រះ​​ពិធីបុណ្យ​​គម្រប់​ ១០០ ​ថ្ងៃ​ព្រះរាម​ រៀម​ នរោត្តម បុប្ផាទេវី​ ត្រូវ​បាន​​​រៀប​ចំ​ឡើង​​កាល​ពី​​​ថ្ងៃ​ទី​ ១៨ ដល់​ ១៩ ​ខែ​កុម្ភៈ ម្សិល​មិញ​នេះ នៅ​ព្រះរាជ​ដំណាក់​ ក្នុង​សង្កាត់​បឹង​កេង​ រាជធានី​ភ្នំពេញ​ ដោយ​មាន​​ការ​​យាង​ និង​​អញ្ជើញ​ចូល​រួម​​ពី​រាជវង្សានុវង្ស សមាជិក សមាជិកា ស្ថាប័នរដ្ឋ មន្ត្រីរាជការ ​​និង​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​​រូប​។ ​​​​

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៦​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ ​នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ព្រះរោគាពាធ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផេក​ Royal du Cambodge បាន​ចេញ​​ផ្សាយ។

កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ថា​ «រាជរដ្ឋាភិបាល​កំណត់​យក​ជា​ថ្ងៃ​កាន់​ទុក្ខនៃការសោយទិវង្គត សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដោយ​គ្រប់ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន​ទម្លាក់​ទង់ជាតិ​ ចុះ​ពាក់​កណ្តាលដង ដើម្បី​បង្ហាញ​ពី​ការ​ចូល​រួម​ការ​កាន់ទុក្ខ ចំពោះ​ការ​បាត់​បង់​ដ៏​ធំធេង​សម្រាប់​ជាតិ​របស់យើង»។​​ ព្រះអង្គ ​ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ នៃ​ព្រះករុណា ​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ។​

ព្រះអង្គ​ត្រូវ​បានត្រាស់បង្គាប់ជា នាដការី​ដំបូង​គេបំផុត សម្រាប់​សម្តែងនូវ របាំអប្សរា ដែលតម្លើងដោយសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់ទទួលបដិសណ្ឋារកិច្ច នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់​ព្រះរាជាណា​ចក្រ​កម្ពុជារបស់ ឯកឧត្តម Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ ១៩៦៤ និងក្រោយមកទៀត ដោយទតឃើញពីភាពល្អឯកនេះហើយ ទើបព្រះអង្គត្រូវបានប្រោសព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ យាងទៅ​សម្តែងរបាំព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទៅកាន់ក្រៅប្រទេស និងសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួល​តំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។ ព្រះអង្គជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយរយៈមុនបន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គបាន​បង្ហាត់បង្រៀនជូនប្រជាជនខ្មែរ ដែលរស់នៅក្នុងជំរុំ Site B អំពីរបាំព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវ ការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ ចូលក្នុងសង្គ្រាម។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេច​យាង ចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះ​ឆ្នាំ១៩៩៣ ដល់១៩៩៨ ព្រះអង្គ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៌ និងក្រោយមកកាន់តំណែងជា រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគម​មិត្តភាព​កម្ពុជា-ចិន។ ទ្រង់បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈ​របាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិកនៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ។

ស្នាព្រះហស្តដ៏សំខាន់ របស់ទ្រង់ គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅ​អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃ​របាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹក​ឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៧ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យ​យុវជន​ជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ៕

មតិយោបល់