• 2020-03-10 08:19:14
  • ព័ត៌មាន

​អ្នក​​​​​ភ្នំពេញ​​​ត្អូញ​​រឿង​ខ្វះ​ទឹក​ស្អាត​ប្រើ​ ដោយ​​​សម្ពាធ​​ទឹក​ស្អាត​ហូរ​ខ្សោយ​ខ្លាំង​ ​

  • 2020-03-10 08:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​មួយ​ចំនួន​​​រស់រាជធានី​ភ្នំពេញ​​បាន​​​ត្អូញត្អែរ​​ពី​សម្ពាធ​​​ទឹក​ស្អាត​​​ នៅ​តំបន់​ខ្លួន​រស់​នៅ​​​​​ហូរ​ខ្សោយ​​ ឬ​លែង​ចេញ​​ទឹក​​​តែ​ម្ដង​នៅ​ពេល​ខ្លះ​ ខណៈ​បញ្ហា​នេះ​បាន​កើត​ឡើង​​ចាប់​តាំង​ពី​​ការ​មក​ដល់​​នៃ​ដើម​រដូវ​ប្រាំង​មក​​ម្ល៉េះ។ ​​​​​ លោក​ តា​រា ប្រជាពលរដ្ឋ​​រស់​​នៅ​​​​​បុរី ពិភព​ថ្មី​កំបូល​បាន​​​​ឱ្យ​ដឹង​ថា​ ​សម្ពាធ​ទឹក​ស្អាត​បាន​​ថយ​​ចុះ​ខ្លាំង​​ ចាប់​តាំង​ពី​ដើម​រដូវ​ប្រាំង​​ចូល​មក​​ដល់​កាល​ពី​ចុង​ឆ្នាំ​​២០១៩។ លោក​បាន​​សម្រេច​​ចិត្ត​ទិញ​ម៉ូទ័រ​​ ដើម្បី​ទាញ​ទឹក​​ ប៉ុន្តែ​នៅ​តែ​មិន​មាន​ទឹក​​គ្រប់​គ្រាន់​​ និង​​ស្នើ​ឱ្យ​​មន្ត្រី​រដ្ឋាករ​ទឹក​មក​ពិនិត្យ​ផ្ទាល់​

“សូម្បី​តែ​មាន​ម៉ូទ័រ​បូម​ទឹក​ហើយ​ ​នៅ​បូម​គ្មាន​ទឹក​ប្រើ​ផង​ ទម្រាំ​គ្មាន​ម៉ូទ័រ​បូម​ទៀត​នោះ​ តើ​ពួក​គាត់​មាន​​លំបាក​យ៉ាង​ណា​?”។

ពលរដ្ឋ​រស់​​​នៅ​តំបន់​ឈូក​វ៉ា ២ រាជធានី​ភ្នំពេញ​ កញ្ញា ពិសី​ ​ឱ្យ​ដឹង​ថា ថ្ងៃ​ខ្លះ​ស្ទើរ​គ្មាន​​ទឹក​មួយ​តំណក់​ប្រើ​ប្រាស់​​តែ​ម្តង​នៅ​​ពេល​​ព្រឹក​ និង​បាន​ចោទ​សួរ​ថា តើ​រដ្ឋាករ​ទឹក​ បិទ​មិន​ឱ្យ​ពលរដ្ឋ​ប្រើ​ ឬ​មាន​បញ្ហា​អ្វី​កើត​ឡើង​។

"សម្ពាធ​ទឹក​ខ្សោយ​មែន​ទែន​គ្មាន​សូម្បី​មួយ​តំណក់​នៅ​ថ្ងៃ​ខ្លះ​​ ពិសេស​​នៅ​ពេល​ព្រឹក​ សូម​រដ្ឋាករ​​ទឹក​​ស្វយ័ត​ជួយ​ដោះស្រាយ​ផង​”។

ពលរដ្ឋ​ម្នាក់​ទៀត​​នៅ​សង្កាត់​ព្រែក​លាភ​ លោក​ ម៉ៅ ទី​​ ​បាន​​ឱ្យ​ដឹង​ថា​ ទឹក​ស្អាត​បើក​អត់​ចេញ​ទាំង​ព្រឹក​ ថ្ងៃ​ត្រង់​ និង​ពេល​​ល្ងាច​ និង​ស្នើ​សុំ​រដ្ឋាករ​ទឹក​​ស្វយ័ត​ដោះ​ស្រាយ​ដូច​គ្នា​។ លោក​ថា​​​ ទឹក​អត់​ចេញ ចេញ​ខ្សោយ គួរ​គិត​ពី​ការ​បង្កើន​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​បន្ថែម ព្រោះ​​ទន្លេ​ជុំវិញ​ក្រុង​។

“សូម​ជួយ​បង្កើន​​ផ្គត់ផ្គង់​ទឹក​ស្អាត​ផង បរិមាណ​ទឹក​នៅ​ពេល​ថ្ងៃ​ជា​ពិសេស​រដូវ​ក្តៅ​គឺ​ខ្សោយ​ កន្លែង​ខ្លះ​បើក​សឹង​តែ​មិន​ចេញ​ទឹក ​សូម​ឲ្យ​ការ​ពង្រីក​​ការ​ត​បណ្ដាញ​ឲ្យ​សមតុល្យ​ និង​ការ​ផ្គត់ផ្គង់​ផង”។ ​ ចំណែក​លោក ធានី​ ពលរដ្ឋ​រស់​នៅ​​សង្កាត់​ចាក់​អង្រែ​​ក្រោម​រាជធានី​​ភ្នំពេញ​ចង់​ឱ្យ​មាន​​ការ​​បញ្ជាក់​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​ពី​សម្ពាធ​ទឹក​ចុះ​ខ្សោយ​​នៅ​ពេល​ព្រឹក​ និង​ពេល​ល្ងាច​ ដើម្បី​​ងាយ​ស្រួល​លោក​ត្រៀម​​លក្ខណៈ​​រក្សា​ទឹក​ទុក​ប្រើប្រាស់​ ខណៈ​បញ្ហា​នេះ​បាន​​កើត​មាន​​ឡើង​ប្រហែល​ពីរ​ខែ​មក​ហើយ។

“សូម​ជួយ​ដោះ​ស្រាយ​ផង បើ​អាច​ជួយ​ប្រាប់​មូលហេតុ​ឱ្យ​ប្រជាជន​ដឹង​ផង​ ដើម្បី​បាន​រក្សា​ទឹក​ទុក​ប្រើប្រាស់​ពេល​ដែល​ទឹក​មិន​ចេញ ​ហើយ​បញ្ហា​ហ្នឹង​វា​កើត​ឡើង​ដល់​ពេល​ណា​ ទើប​អាច​ប្រើ​ប្រាស់​បាន​ដូច​ធម្មតា​វិញ​?”។

ទាក់ទង​នឹង​បញ្ហា​នេះ​​លោក​ ស៊ឹម​ ស៊ីថា​ អគ្គនាយក​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា​ បរិមាណ​ទឹក​ស្អាត និង​សមត្ថភាព​ផលិត​របស់​រោងចក្រ​មាន​កម្រិត​តិច​ជាង​តម្រូវ​ការ​ប្រើប្រាស់​ទើប​បណ្ដាញ​ឱ្យ​​សម្ពាធ​ទឹក​ចុះ​ខ្សោយ។​ ​​រដ្ឋាករ​ទឹក​ស្វយ័ត​​បាន​ផលិត​ទឹក​អស់​សមត្ថភាព​របស់​រោងចក្រ​ហើយ​​ក៏​នៅ​តែ​មិន​គ្រប់​តាម​សេចក្ដី​ត្រូវ​ការ​ដែរ​។​ដូច​នេះ​ហើយ​បាន​ជា​យើង​កំពុង​សាងសង់​រោងចក្រ​ផលិត​ទឹក​បន្ថែម​នៅ​បាក់​ខែង។​

លោក​​បាន​បន្ថែម​​ថា សម្ពាធ​ទឹក​ចុះ​ខ្សោយ​នេះ​គឺ​ខ្សោយ​ទាំង​​១២​​ ខណ្ឌ​​​នៅ​រាជធានី​ភ្នំពេញ និង​ សុំ​ឲ្យ​ប្រជាជន​​ជួយ​សន្សំ​សំចៃ​​ទឹក​ស្អាត ដើម្បី​ចែក​រំលែក​គ្នា​ប្រើប្រាស់ ទម្រាំ​​សាង​សង់​រោងចក្រ​ថ្មី​រួច​។​ សូម​កុំ​យក​​ទឹក​ស្អាត ​បាញ់​បោស​មុខ​ផ្ទះ​ជំនួស​អំបោស ​ឬ​យក​ទឹក​ស្អាត​ស្រោច​ស្មៅ។ បច្ចុប្បន្ន​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​អាច​​ផលិត​ទឹក​ស្អាត​បាន​ ៦២​ម៉ឺន​​ម៉ែត្រ​គីប​​ ខណៈ​​​​តម្រូវការ​មាន​​ប្រមាណ​ ៧០​ម៉ឺន​​ម៉ែត្រគីប​ក្នុង​មួយ​ថ្ងៃ​​៕​​ ​​​​​​​​​​​​​

មតិយោបល់